
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)។
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានចាប់ផ្តើមប្រើប្រាស់កញ្ចប់ថវិកាពីមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (USO) ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័តនៅតំបន់ដាច់ស្រយាលកម្ពុជាមួយចំនួនដែលប្រតិបត្តិករទូរគមនាគមន៍មិនងាយទៅដល់។ នេះបើតាមប្រធានក្រុមប្រឹក្សាភិបាលមូលនិធិ USO។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន MPTC និងក្រុមហ៊ុនទូរស័ព្ទ Smart បានប្រកាសចាប់ផ្តើមសាងសង់ស្ថានីយទូរស័ព្ទចល័តនៅឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យតំបន់នេះមានសេវាទូរគមនាគមន៍គ្របដណ្តប់បានល្អ ដោយប្រើទុនសាងសង់ ៥០ ភាគរយជារបស់ក្រុមហ៊ុន និង ៥០ ភាគរយផ្សេងទៀតពីមូលនិធិ USO។
នេះជាគម្រោងទី ៣ ហើយដែល MPTC ប្រើប្រាស់ប្រាក់ពីមូលនិធិ USO ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចគ្នានេះបន្ទាប់ពីគម្រោងទី ១ និងទី ២ ជាការសហការជាមួយក្រុមហ៊ុន Viettel នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងនៅតំបន់អារ៉ែង ខេត្តកោះកុង។
លោក តុល ញ៉ាក់ អគ្គនាយកនៃអគ្គនាយកដ្ឋាន MPTC និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិ USO លើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធនីមួយៗអាចប្រើប្រាស់បានតែប្រតិបត្តិករដែលរួមវិភាគទាន ៥០ ភាគរយប៉ុណ្ណោះ។
លោកបន្តថា ក្រសួងបានសហការរួមចំណែកទឹកប្រាក់វិនិយោគនេះគឺដើម្បីរុញសេវាទូរគមនាគមន៍បានទៅដល់តំបន់ជនបទដើម្បីកាត់បន្ថយគម្លាតនៃការទទួលបានសេវានេះរវាងអ្នកទីប្រជុំជន និងជនបទ។
លោកថា៖ «សម្រាប់ប្រតិបត្តិករតំបន់ដាច់ស្រយាលមិនទាន់ក្លាយជាតំបន់សក្តានុពលសេដ្ឋកិច្ច ក្រុមហ៊ុនមិនទៅវិនិយោគទេ ដោយសារថ្លៃវិនិយោគខ្ពស់ អ៊ីចឹងទាល់តែមានការរួមចំណែកពីក្រសួងដើម្បីកាត់បន្ថយថ្លៃដើមរបស់គាត់»។
ទោះបីយ៉ាងនេះក្តីលោកមិនបានបញ្ជាក់ពីទឹកប្រាក់ដែលចំណាយលើហេដ្ឋារចនាសម្ព័ន្ធនីមួយៗទេ៕