ភ្នំពេញ: រដ្ឋាភិបាល និងវិស័យឯកជនកំពុងខិតខំប្រឹងប្រែងកែទម្រង់តម្លៃសេវាកម្មក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដើម្បីរក្សាភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគិនបន្ថែមទៀត ខណៈសហភាពអឺរ៉ុបនឹងធ្វើសេចក្តីសម្រេចចុងក្រោយពាក់ព័ន្ធនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅខែក្រោយ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា (CAMFFA) បានឲ្យដឹងថា កាលពីសប្តាហ៍មុនលោក និងតំណាងមកពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ជួបពិភាក្សាជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករដើម្បីពិភាក្សាពីការបញ្ចុះតម្លៃសេវាដឹកជញ្ជូនទំនិញនាំចេញ-ចូល និងឡូជីស្ទីក ប៉ុន្តែលោកមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបាននៅឡើយទេ។
លោកថ្លែងថា៖ «យើងកំពុងខិតខំធ្វើយ៉ាងខ្លាំងដើម្បីឲ្យតម្លៃវាចុះទាប ដើម្បីឆ្លើយតបទៅវិស័យរោងចក្រ និងវិនិយោគរួមតម្លៃឡូជីស្ទីក និងតម្លៃសេវាផ្សេងៗទៀត»។ លោកថ្លែងថា៖ «យើងមានគោលដៅមួយចំនួន ដើម្បីធ្វើឲ្យតម្លៃប្រសើរជាងមុន ដើម្បីទាក់ទាញអ្នកវិនិយោគក៏ដូចជាទប់ទល់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅពេលខាងមុខ។ យើងអាចនឹងបង់ពន្ធយ៉ាងតិច ១០ ភាគរយ ដូច្នេះនេះជាគោលដៅរបស់យើង»។
រដ្ឋាភិបាលបានត្រៀមទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងហានិភ័យដែលអាចកើតមានឡើងពីភាពអនុគ្រោះពាណិជ្ជកម្ម EBA របស់សហភាពអឺរ៉ុប។
ទន្ទឹមនឹងនេះសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានកំណត់ទិសដៅសម្រេចឲ្យបាននៅឆ្នាំនេះពាក់ព័ន្ធនឹងកម្រៃសេវាទំនិញចេញចូលដើម្បីជំរុញភាពប្រកួតប្រជែងនៅក្នុងតំបន់។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការ GMAC។ GMAC បានឲ្យដឹងថា៖ «កម្ពុជាត្រូវរក្សាភាពប្រកួតប្រជែងក្នុងតំបន់ដើម្បីរក្សាអ្នកវិនិយោគមានស្រាប់ និងទាក់ទាញបន្ថែមទៀតនូវអ្នកវិនិយោគថ្មីៗ»។
ដើម្បីជំរុញភាពប្រកួតប្រជែងលើសេវាកម្មនាំចេញ-ចូល រដ្ឋាភិបាលបាននិងកំពុងធ្វើការបញ្ចុះតម្លៃសេវាមួយចំនួននៅតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
របាយការណ៍បង្ហាញថា ការបញ្ចុះតម្លៃទាំងនោះ រួមមាន ទី ១ ការបញ្ចុះតម្លៃលើកដាក់នៅចំណតមកត្រឹម ៥ ដុល្លារក្នុងមួយ TEU លើសេវាលើកដាក់កុងតឺន័រនៅចំណត។ ទី ២ ការបញ្ចុះតម្លៃសេវា CIC សម្រាប់ភាពមិនសមតុល្យរវាងកុងតឺន័រចេញ-ចូលប្រមាណ ១២ ដុល្លារ សម្រាប់កុងតឺន័រប្រភេទ ២០ ហ្វីត និងការបញ្ចុះតម្លៃ ៤០ ដុល្លារ សម្រាប់កុងតឺន័រប្រភេទ ៤០ ហ្វីត។ ទី ៣ ការបញ្ចុះតម្លៃ OFC នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រប្រមាណ ៥០ ភាគរយសម្រាប់ការដឹកជញ្ជូនពាក់ព័ន្ធនឹងការនាំចេញអង្ករទៅប្រទេសចិន និងការមិនគិតថ្លៃសេវា EBC របស់ក្រុមហ៊ុនមួយចំនួន។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មឲ្យដឹងថា ដើម្បីរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា រដ្ឋាភិបាលបានមានយន្តការមួយចំនួនរួចទៅហើយ ដូចជាការលុបចោលការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) សម្រាប់ប្រទេសដែលមិនត្រូវការវិញ្ញាបនបត្រនេះ។ លោកបន្តថា៖ «រដ្ឋាភិបាលក៏កំពុងអំពាវនាវឲ្យអ្នកនាំចេញមកចុះបញ្ជី Registered Exporter System-REX របស់សហភាពអឺរ៉ុបឲ្យគ្រប់ៗគ្នា ដើម្បីអាចនាំទំនិញចេញទៅអឺរ៉ុបផងដែរ»។
កាលពីដើមខែមករាឆ្នាំនេះ រដ្ឋាភិបាលបានសម្រេចអនុម័តលើសេចក្តីព្រាងផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មដែលវានឹងជួយកាត់បន្ថយតម្លៃសេវាក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក។ ផែនការមេអន្តរកាលបង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រឹកការដឹកជញ្ជូន ការលើកកម្ពស់សមាហរណកម្ម ខ្សែចង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់និងពិភពលោក និងបង្កើនភាពប្រកួតប្រជែងផងដែរ។
របាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញថា ទំនិញប្រេងឥន្ធនៈ និងហ្គាសដឹកឆ្លងកាត់កំពង់ផែស្វ័យភ្នំពេញកាលពីឆ្នាំមុនមានចំនួនជាង ៣,៨ លានតោន កើនឡើង ២២ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួនជាង ៣,១ លានតោន ដែលមានបរិមាណកុងតឺន័រចំនួន ២៧៥ ០០០ TEUs កើនឡើង ២៩ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួន ២១៣ ៥៧១ TEUs។
របាយការណ៍នេះឲ្យដឹងទៀតថា ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងឆ្នាំ ២០១៩ មានចំនួនជាង ៦,៥ លានតោន កើនឡើង ២២,៦០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួនជាង ៥,៨ លានតោនដោយបរិមាណកុងតឺន័រធ្វើដំណើរឆ្លងកាត់មានចំនួន ៦៣៣ ០៩៩ TEUs កើនឡើង ១៧ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ដែលមាន ៥៤១ ២២៨ TEUs៕