ភ្នំពេញ: រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​វិធានការ​មួយចំនួន ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​ច្រកព្រំដែន​ពិសេស​ជំរុញ​ការអនុវត្ត ការត្រួតពិនិត្យ​ច្រកចេញចូល​តែមួយ​នៅ​ព្រំដែន​រវាង​កម្ពុជា​ជាមួយ​វៀតណាម និង​ថៃ​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​។

ការដាក់ចេញ​នូវ​វិធានការ​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការអនុវត្ត​ការត្រួតពិនិត្យ​ច្រកចេញចូល​តែមួយ​រវាង​កម្ពុជា ថៃ និង​វៀតណាម​របស់​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​សុក្រ​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចង្អុលបង្ហាញ​ឲ្យ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ធ្វើការ​លើកកម្ពស់​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​។

សេចក្តី​ប្រកាស​ព័ត៌មាន​៖ «​ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ផ្តោតលើ​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​ព្រំដែន​អន្តរជាតិ​បាវិត-ម៉ុកបៃ​នៅក្នុង​ខេត្តស្វាយរៀង​។ សេចក្តីប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ទៀតថា​៖ «​ដើម្បី​ជំរុញ​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ក្នុង​ទឹកដី​កម្ពុជា ពិសេស​ផ្លូវ​ភ្ជាប់​ច្រកព្រំដែន​ត្រូវ​មាន​ការបែងចែក​តាម​ប្រភេទ​ចរាចរណ៍ ឬ​ប្រភេទ​មធ្យោបាយ​ដឹកជញ្ជូន ហើយ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ [​ប្រទេស​ជិតខាង​]»​។

គណៈកម្មាធិការ​នេះ​ក៏​គូសបញ្ជាក់​ពី​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​បាវិត និង​ការសាងសង់​តំបន់​ត្រួតពិនិត្យ​រួម​នៅ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​ផង​ដែរ ដើម្បី​សម្រួល​ដល់​នីតិវិធី​បញ្ចេញ​ទំនិញ​ឆ្លង​ព្រំដែន បង្កើន​ប្រសិទ្ធភាព​ការងារ ជាពិសេស​ជំរុញ​ការអនុវត្ត​ការត្រួតពិនិត្យ​ច្រក​ចេញចូល​តែមួយ​។

លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ខែធ្នូ​ឆ្នាំ​មុន​ថា កំណើន​ពាណិជ្ជកម្ម និង​វិនិយោគ​ព្រមទាំង​កំណើន​ភ្ញៀវទេសចរ​ខ្ពស់​រវាង​ប្រទេស​ទាំង​ ២ ​បាន​ទាក់ទាញ​ក្រុមហ៊ុន​វៀតណាម​មួយចំនួន​មក​កម្ពុជា​។

ទន្ទឹម​នឹង​នេះ​ខណៈ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​មិនអាច​បំពេញ​កំណើន​តម្រូវការ​ចរាចរណ៍​ទំនិញ រដ្ឋាភិបាល​កម្ពុជា​បាន​ស្វែងរក​ការឯកភាព​ជាមួយ​រដ្ឋាភិបាល​ថៃ​ក្នុង​ការដាក់​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់បាន-ណងអៀន នៅ​ខេត្ត​បន្ទាយមានជ័យ​។

លោក ស៊ិន ចន្ទី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ហេដ្ឋារចនាស្ព័ន្ធ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ដើម្បី​គាំទ្រ​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី​។ លោក​បន្តថា ការដឹកជញ្ជូន​ទំនិញ​លឿន​ជាង​មុន​គឺ​វា​បាន​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ព្រំដែន ខណៈ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​មាន​ការចង្អៀត​ខ្លាំង​។ លោក​ថ្លែងថា​៖ «​វា​ជា​ការវិវត្ត​ល្អ​ដែល​រដ្ឋាភិបាល​មាន​ផែនការ​ធ្វើការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​ព្រំដែន​រវាង​កម្ពុជា​ជាមួយ​វៀតណាម និង​ថៃ​»​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម​មាន​តម្លៃ​ជាង ៥ ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំមុន បើ​ធៀប​នឹង ៤,៧ ពាន់​លាន ​កាលពី​ឆ្នាំ​ ២០១៨​។ ចំណែក​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ថៃ​សម្រេចបាន​ជាង ៩ ​ពាន់​លាន​ដុល្លារ​។ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ថៃ និង​វៀតណាម​ភាគច្រើន​ផលិតផល​កសិកម្ម​៕LA