ភ្នំពេញៈ រដ្ឋាភិបាលនៅសប្តាហ៍នេះបានសម្រេចបង្កើតគណៈកម្មការមួយដើម្បីរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលបើកផ្លូវឲ្យមានការកំណត់ទីតាំងជាក់លាក់សម្រាប់សាងសង់គម្រោង និងសិក្សាវាយតម្លៃពីថ្លៃដីនៅតំបន់គម្រោងនេះ។
ការសម្រេចនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានអនុម័តកាលពីខែធ្នូ ឆ្នាំ ២០១៧ លើគម្រោងស្នើសុំវិនិយោគបង្កើតអាកាសយានដ្ឋានភ្នំពេញថ្មីពីក្រុមហ៊ុនក្នុងស្រុកឈ្មោះ Cambodia Airport Investment ជាការវិនិយោគរវាងក្រុមហ៊ុន OCIC របស់លោក ពុង ឃាវសែ និងលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលជាស្ថាប័នរដ្ឋ។
តាមសេចក្តីសម្រេច ដែលបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ១៨ កុម្ភៈ លោក ជា សុផារ៉ា ដែលជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានតែងតាំងជាប្រធានគណៈកម្មការនេះ ខណៈលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គឺជាអនុប្រធាន។ គណៈកម្មការនេះមានសមាជិក ២១ រូប ក្នុងនោះ មានលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលជាសមាជិកអចិន្រៃ្តយ៍។
សេចក្ដីសម្រេចរបស់រដ្ឋាភិបាល មិនបានលម្អិតទីតាំង សម្រាប់ព្រលានយន្តហោះថ្មីនេះទេ ប៉ុន្តែសមាជិកនៅក្នុងគណៈកម្មការនេះ បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីម្សិលមិញថា សេចក្ដីសម្រេចចិត្តនេះ សំដៅទៅព្រលានយន្តហោះនៅខេត្តកណ្ដាល ដែលកាលពីខែធ្នូឆ្នាំ ២០១៧ រដ្ឋាភិបាលអនុម័តសំណើវិនិយោគពីក្រុមហ៊ុន Cambodia Airport Investment Co Ltd ដើម្បីសាងសង់ព្រលានយន្តហោះលើផ្ទៃដីទំហំ ២ ៦០០ ហិកតាមានតម្លៃ ១,៥ ពាន់លានដុល្លារ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ក្រុមហ៊ុន OCIC នឹងគ្រប់គ្រងភាគហ៊ុន ៩០ ភាគរយ ហើយភាគហ៊ុននៅសល់បានទៅលើ SSCA។
គណៈកម្មការនេះនឹងមានមុខងារក្នុងការត្រួតពិនិត្យ និងកំណត់ទីតាំងការដ្ឋានសម្រាប់ព្រលានយន្តហោះថ្មីនេះ វាយតម្លៃដី ជួយសម្រួលដំណោះស្រាយបញ្ហាដី និងសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធ ដើម្បី អនុវត្តគម្រោងនេះ។
មន្ដ្រីមួយរូបមកពី SSCA ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងកាលពីម្សិលមិញថា ក្នុងចំណោមបញ្ហាជាច្រើន ក្រុមនេះត្រូវបានបង្កើតឡើងជាអាទិភាព ដើម្បីដោះស្រាយបញ្ហាដីធ្លី។ លោកបន្ថែមថា បន្ទាប់ពីព័ត៌មានអំពីការអភិវឌ្ឍព្រលានយន្តហោះថ្មីនេះ ត្រូវបានចេញផ្សាយកាលពីដើមឆ្នាំមុន ប្រជាជនមួយចំនួនបានទន្ទ្រានយកដី ឬមួយចំនួនទិញដី ដើម្បីកេងចំណេញ ដែលរារាំងដល់ការអនុវត្តគម្រោងនេះ។
លោកថែ្លងថា៖ «វាអាចជាបញ្ហារសើបមួយ ហើយគណៈកម្មការនេះគួរតែត្រូវជូនដំណឹង ដើម្បីដោះស្រាយបញ្ហាដែលជាប់ទាក់ទងនឹងបញ្ហាដីធ្លី»។
លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល កាលពីម្សិលមិញបានឲ្យដឹងថា ផែនការសម្រាប់ព្រលានយន្តហោះដែលមានទំហំដីសរុប ២ ៦០០ ហិកតានៅស្រុកកណ្ដាលស្ទឹង មួយចំនួនជាកម្មសិទ្ធិរបស់រដ្ឋ មួយចំនួនជាកម្មសិទ្ធិរបស់ក្រុមហ៊ុន និងដីផ្នែកមួយចំនួនជាកម្មសិទ្ធិរបស់ប្រជាជន។
លោកអះអាងថា មានបញ្ហាទាក់ទងនឹងជម្លោះដី ប៉ុន្តែថា វាមិនមែនជារឿងធំនោះទេ។ លោក ភិរុណ មិនទាន់អាចប៉ាន់ប្រមាណថា តើគម្រោងនេះនឹងចាប់ផ្តើមនៅពេលណាទេ ខណៈកិច្ចប្រជុំមួយនឹងត្រូវធ្វើឡើងបន្ទាប់ពីគណៈកម្មការនេះបង្កើតឡើង។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា ដីនៅតំបន់គម្រោងនេះ ភាគច្រើនគឺជាដីទទេ ឬតំបន់បឹង ដែលភាគច្រើនមិនត្រូវបានគេប្រើប្រាស់នោះទេ។
លោកបន្ថែមថា តម្លៃដីកំពុងកើនឡើងជាបន្តបន្ទាប់កាលពីឆ្នាំមុន បន្ទាប់ពីមានព័ត៌មានទាក់ទងនឹងព្រលានយន្តហោះថ្មីនេះ។
លោកថ្លែងថា៖ «បើគម្រោងព្រលានយន្តហោះថ្មីនេះនឹងត្រូវសម្រេចបាន តម្លៃដីនៅទីនោះនឹងកើនកាន់តែខ្លាំង»៕LA