ភ្នំពេញ: រដ្ឋាភិបាល​បានប្រកាស​ដកហូត​សិទ្ធិ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី (CINTRI) មក​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ធ្វើការ​គ្រប់គ្រង​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​នៅ​ទីក្រុង​ភ្នំពេញ មុន​នឹង​ដាក់​ឲ្យ​មានការដេញថ្លៃ​ឡើងវិញ​។

ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ចំនួន​ ៤ ០៣៨ ​នាក់​ នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២២ ខែ​ តុលា ឆ្នាំ​ ២០១៩​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដកហូត​សិទ្ធិ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី (CINTRI) ​ដោយ​ប្រគល់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ធ្វើការ​គ្រប់គ្រង​ជា​បណ្តោះអាសន្ន​រហូត​មាន​ការដេញថ្លៃ​ជា​ផ្លូវការ​។ លោក​ថ្លែងថា​៖ «​ទុក​ក្រុមហ៊ុន​ស៊ីនទ្រី​បន្តទៀត​គឺ​អត់​បាន ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ស៊ីនទ្រី​ខាតបង់ រដ្ឋ​ត្រូវ​ចេញថ្លៃ​ខាតបង់ រដ្ឋ​ត្រូវ​យក​ក្រុមហ៊ុន​មកវិញ​សិន ទាំង​បុគ្គលិក ទាំង​សម្ភារ ហើយ​រដ្ឋ​ជា​អ្នក​កាន់កាប់​ក្រុមហ៊ុន​នោះ​សិន​»​។

តាម​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាល​នឹង​រៀបចំ​ឲ្យ​មាន​ការដេញថ្លៃ​ជា​សាធារណៈ​ដោយ​លោក​អះអាង​ថា​នៅក្នុង​ពេលនេះ​នឹង​មិន​ឲ្យ​មាន​ក្រុមហ៊ុន​មួយ​ផ្តាច់មុខ​នោះទេ​។ ​

លោក​បាន​ថ្លែង​ថា​៖ «​អ៊ីចឹង​ជម្រើស​ត្រូវ​បែងចែក​តាម​ក្រុមហ៊ុន​យ៉ាងតិច ៣ ទៅ​ ៤ ក្រុមហ៊ុន យើង​នឹង​រៀបចំ​តំបន់​ដាក់​ឲ្យ​ដេញថ្លៃ​រាប់ទាំង​ក្រុមហ៊ុន​ស៊ីនទ្រី ក្រុមហ៊ុន​មួយ​អនុញ្ញាត​ឲ្យ​គ្រប់គ្រង​តែមួយ​កន្លែង​ប៉ុណ្ណោះ​»​។

បច្ចុប្បន្ន​ទីក្រុង​ភ្នំពេញ​កំពុង​ជួប​វិបត្តិ​សំរាម​ដែល​ក្រុមហ៊ុន ស៊ីនទ្រី តែមួយ​មិន​អាច​គ្រប់គ្រង​បាន​រហូត​ដល់​សំរាម​ត្រូវបាន​ទុកចោល​ជាច្រើន​ថ្ងៃ​ដោយ​មិន​ប្រមូល​បង្ក​ឲ្យ​ប៉ះពាល់​បរិស្ថាន​ទីក្រុង​។

លោក នួន សំណាវុធ នាយក​ទី​ចាត់ការ​គ្រប់គ្រង​សំណល់ និង​បរិស្ថាន​នៃ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែ​កញ្ញា​ថា ប្រទេស​កម្ពុជា​ទាំង​មូល​មាន​កាកសំណល់​ជាង​ ១ ម៉ឺន​តោន​ជា​រៀងរាល់​ថ្ងៃ ឬ​ច្រើនជាង ៣,៦ លាន​តោន​នៅក្នុង​ ១ ​ឆ្នាំ​ក្នុង​នោះ​នៅ​ទីក្រុង​ភ្នំពេញ​មាន​កាកសំណល់​សំរាម​ចន្លោះ​ពី​ ២ ទៅ ៣ ​ពាន់​តោន​ក្នុង​ ១ ​ថ្ងៃ​។

លោក ទួន ស៊ីផេង ប្រធាន​ក្រុមហ៊ុន​ស៊ីនទ្រី និង​លោកស្រី សេង សូរីដា អនុប្រធាន​ក្រុមហ៊ុន​ស៊ីនទ្រី​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការដកហូត​ក្រុមហ៊ុន​ស៊ីនទ្រី​មក​ធ្វើការ​គ្រប់គ្រង​វិញ​នេះ​។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា បន្ទាប់ពី​ការប្រកាស​របស់​នាយករដ្ឋមន្ត្រី សាលា​រាជធានី​ភ្នំពេញ​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​បញ្ហា​នេះ​។ លោក​បាន​ថ្លែងថា​៖ «​យើង​នឹង​គិតគូរ​ពី​នីតិវិធី និង​ធ្វើការ​ស្វះស្វែងរក​ដៃគូ​សម្រាប់​វិនិយោគ​លើ​ការគ្រប់គ្រង ការប្រមូល​សំរាម​ជំនួស​ក្រុមហ៊ុន​ស៊ីនទ្រី​ដូច​ដែល​សម្តេច​ណែនាំ​»​។

លោក ប៉ិច ពិសី នាយក​កម្មវិធី​ជាន់ខ្ពស់​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ (IT) បាន​សាទរ​ចំពោះ​យន្តការ​របស់​រដ្ឋាភិបាល​សម្រេច​ដកសិទ្ធិ​របស់​ក្រុមហ៊ុន​ស៊ីនទ្រី និង​ប្រកាស​ឲ្យ​មាន​ការដេញ​ថ្លៃ​លើ​ការប្រមូល​សំរាម​នេះ​។

លោក​បន្ត​ថា ​ទោះបី​យ៉ាង​ណា​ការដេញថ្លៃ​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​បើកចំហ និង​តម្លាភាព ដើម្បី​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព​ពិតប្រាកដ​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង និង​ប្រមូល​សំរាម​។ លោក​បាន​ថ្លែង​ថា​៖ «​យើង​ត្រូវធ្វើឡើង​ដោយ​បើកចំហ ការដេញ​ថ្លៃ​បែបនេះ​គេ​មាន​យន្តការ​ច្បាស់លាស់​។ យើង​ត្រូវការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​»​។

លោក​បាន​បន្ត​ថា​៖ «​យើង​ត្រូវ​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​មាន​សមត្ថភាព​ដែល​ដាក់​មក​បិទ​ក្នុង​ស្រោមសំបុត្រ​ត្រូវ​មាន​គណៈកម្មការ​ត្រួតពិនិត្យ​វាយតម្លៃ​ទៅ​លើ​ក្រុមហ៊ុន​ដាក់ពាក្យ​មកជា​ដើម​។ ដើម្បី​ធានាថា​ក្រុមហ៊ុន​ដាក់​មក​ដោយ​សមត្ថភាព​មិនមាន​សែស្រឡាយ មិន​មាន​បក្សពួក​ទេ​»​។

ក្រុមហ៊ុន ស៊ីនទ្រី ដែល​មាន​បុគ្គលិក​ប្រមាណ​ ១ ៥០០ ​នាក់ ​កាលពី​ឆ្នាំ​ ២០១៧ ជា​ក្រុមហ៊ុន​ឯកជន​តែមួយគត់​ដែល​ទទួល​បាន​សិទិ្ធ​ផ្តាច់មុខ​លើ​អាជីវកម្ម​ប្រមូល​សំរាម​រយៈពេល​ ៤៧ ​ឆ្នាំ​ នៅ​ទីក្រុង​ភ្នំពេញ​ចាប់​តាំងពី​ខែ​កញ្ញា ឆ្នាំ​ ២០០២​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​មុន​៕LA