ភ្នំពេញៈ រដ្ឋាភិបាល​នឹង​បង្កើត​សាជីវកម្ម​ធានា​ឥណទាន​នៅ​កម្ពុជា​ (CGC) ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ​ដើម្បី​បម្រើ​ជា​ឧបករណ៍​ចែករំលែក​ហានិភ័យ សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​ការបញ្ចេញ​កម្ចី​បន្ថែម​ដល់​ក្រុមហ៊ុន​ និង​ឧស្សាហកម្ម​ដែល​រងផលប៉ះពាល់​ដោយសារ​តែ​ជំងឺ​កូវីដ​១៩​។

យោងតាម​លទ្ធផល​ប្រជុំ​ស្ដីពី​ការចែករំលែក​ធាតុ​ចូល​ដែល​បាន​ធ្វើឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (MoEF) ដែល​បាន​ដឹកនាំ​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន ជា​រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គំនិត​ផ្តួចផ្ដើម​ក្នុង​ការបង្កើត​សាជីវកម្ម​ធានា​ឥណទាន​នេះ គឺជា​យន្តការ​ឆ្លើយតប​បន្ទាន់​របស់​រដ្ឋាភិបាល​ស្របតាម​វិធានការ​ជុំ​ទី​ ៤ ដែល​បានដាក់​ឲ្យ​ដំណើរការ​កាលពី​ដើមខែ​នេះ ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច ក្នុង​ដំណាក់កាល​នៃ​វិបត្តិ​ជំងឺ​កូវីដ ១៩ ត្រូវ​ស្ដារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​វិបត្តិ​។

សេចក្ដី​ប្រកាស​នោះ​ឲ្យ​ដឹងថា​៖ «​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​មាន​តួនាទី​ផ្ដល់​សេវា​ធានា​ឥណទាន​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ធុរកិច្ច​នៅក្នុង​វិស័យ​អាទិភាព ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​កូវីដ​ ១៩ ដើម្បី​បង្កើត​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន សម្រាប់​ជា​ទុន​បង្វិល​របស់​ក្រុមហ៊ុន​ទាំងនោះ​សំដៅ​ធានា​បាន​និរន្តរភាព​អាជីវកម្ម និង​សម្រប​ទៅតាម​បរិបទ​ថ្មី​នៃ​ធុរកិច្ច​បន្ទាប់​ពី​វិបត្តិ​កូវីដ​ ១៩»​។

កាលបរិច្ឆេទ​សម្រាប់​ដាក់​ដំណើរការ​នៅ​មិនទាន់​កំណត់​ជាក់លាក់​នៅឡើយ​។

លោក មាស សុខសេនសាន្ត អ្នកនាំពាក្យ MoEF បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា CGC នឹង​ដើរតួនាទី​សំខាន់​ជួយ​សម្រួល​អាជីវកម្ម​ដែល​ចង់​ស្វែងរក​មូលនិធិ​បន្ថែម​ពី​ប្រភព​ទុន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ដោយ​ទទួល​បាន​ការធានា​ពី​រដ្ឋាភិបាល​។

លោក​ថ្លែងថា​៖ «​គំនិត​ផ្តួចផ្ដើម​នេះ​នឹង​ជួយ​ដល់​អាជីវកម្ម​ដែលមាន​ផល​ពិបាក​ក្នុង​ការស្វែងរក​ប្រភព​មូលនិធិ​សម្រាប់​អាជីវកម្ម​របស់​ពួកគេ ពី​ប្រភព​ទុន​នានា និង​វិស័យ​ហិរញ្ញវត្ថុ​ដោយ​រដ្ឋាភិបាល​នឹង​ជួយ​ចែករំលែក​ហានិភ័យ​ជាមួយ​ពួកគេ​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ការបញ្ចេញ​កម្ចី​កាន់តែ​ច្រើន​ថែមទៀត​»​។

លោក Shin Chang Moo ប្រធាន​ធនាគារ PPCBank បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា MoEF កំពុង​ចែករំលែក​គំនិត និង​ស្វែងរក​ធាតុ​ចូល​ពី​គ្រឹះស្ថាន​ធនាគារ​ស្ដីពី​គំនិត​ផ្តួចផ្ដើម «​សាជីវកម្ម​ធានា​ឥណទាន​» ដែល​ធ្លាប់បាន​ប្រជុំ​ប៉ុន្មាន​ដង​រួចហើយ​។

លោក​បាន​ពន្យល់ថា ផែនការ​សាជីវកម្ម​ធានា​ឥណទាន (Credit Guarantee Schemes CGS) ត្រូវបាន​ប្រើប្រាស់​ជា​មធ្យោបាយ​ដ៏ពេញនិយម ដើម្បី​បន្ធូរបន្ថយ​ឧបសគ្គ​ហិរញ្ញប្បទាន​សម្រាប់ SMEs នៅក្នុង​បណ្ដា​ប្រទេស​ជាច្រើន​ផ្សេងទៀត​។ នៅក្នុង​ប្រទេស​កូរ៉េ រដ្ឋាភិបាល​កំពុង​ដំណើរការ​ផែនការ​ធានា​ឥណទាន​រហូតដល់​ ៩០ ​ភាគរយ សម្រាប់​ SMEs រង​ផលប៉ះពាល់​ដោយសារ​តែ​ជំងឺ​កូវីដ​១៩​។

លោក​លើកឡើង​ថា​៖ «​ធនាគារ PPCBank ក៏បាន​ដាក់ចេញ​នូវ​ផែនការ​ធានា​នេះ​ដែល​ហៅថា «​ការជួយ​សម្រួល​ការចែក​រំលែក​ហានិភ័យ​» ​ចាប់​តាំងពី​ឆ្នាំ​ ២០១៩ ស្ថិតក្រោម​ការឧបត្ថម្ភ​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​»​។

លោក​បញ្ជាក់ថា​៖ «CGS ​ដែល​នឹង​ដាក់ចេញ​ដោយ MoEF ច្បាស់​ណាស់​នឹង​ជួយ​ SMEs មាន​លទ្ធភាព​ទទួលបាន​ឥណទាន​បន្ថែមទៀត ដោយសារ​តែ​ពួកគេ​នៅមាន​កង្វះ​ទ្រព្យ​បញ្ចាំ និង​ក៏​កាត់បន្ថយ​ហានិភ័យ​ដល់​ធនាគារ​ផងដែរ​។ ប៉ុន្តែ​សម្រាប់​រយៈពេល​កាន់តែ​វែង ធនាគារ​គួរតែ​អភិវឌ្ឍ​ជំនាញ​វាយតម្លៃ​ឥណទាន ដោយ​ពឹង​ផ្អែកលើ​លទ្ធភាព​អាជីវកម្ម និង​ហិរញ្ញវត្ថុ​ជាជាង​តម្លៃ​ទ្រព្យ​បញ្ចាំ ដើម្បី​កាត់បន្ថយ​ការខាតបង់​ដែល​អាច​ចៀសវាង​បាន​ដោយសារ​តែ​កម្ចី​។ បើ​មិន​ដូច្នេះ​ទេ CGS នឹង​មិនមែន​ជា​ដំណោះស្រាយ​ប្រកប​ដោយ​ចីរភាព​នោះទេ សម្រាប់​លើកកម្ពស់​ហិរញ្ញប្បទាន​របស់​ SME»​។

លោក សាយ សូនី នាយក​ប្រតិបត្តិ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​បាន​សម្តែង​ការសាទរ​ចំពោះ​គំនិត​ផ្តួចផ្ដើម​នេះ ព្រោះ​វា​នឹង​បម្រើ​ជា​ឧបករណ៍​ដ៏សំខាន់​ក្នុង​ការលើកកម្ពស់​សេដ្ឋកិច្ច​។

លោក​ថ្លែងថា​៖ «​ជា​យន្តការ​ដ៏ល្អ​ចំពោះ​ការធានា​នេះ ប៉ុន្តែ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នឹង​ត្រូវការ​សមត្ថភាព​សង​ប្រាក់​របស់​អតិថិជន​ជា​អាទិភាព​ផងដែរ​»​។

លោក​បន្ថែមថា​គម្រោង​នេះ​កាន់តែ​ល្អ ប្រសិនបើ​គេ​សំដៅ​ដល់​សហគ្រាស​ធុន​តូច​បំផុត ធុន​តូច និង​មធ្យម​ (MSME)​។

កម្ចី​ដុល​របស់​ប្រាសាក់​កើនឡើង ៦,៦ ​ភាគរយ​ដល់​ ២ ៦៦៥ ​លាន​ដុល្លារ​ពី​ ២ ៥០១ ​លាន​ដុល្លារ និង​ប្រាក់​បញ្ញើ​កើន​ប្រហែល​ ៨ ​ភាគរយ​ពី​ ១ ៧៨៨ ​លាន​ដុល្លារ​ ដល់​ ១ ៩៣១ ​លាន​ដុល្លារ​ត្រឹម​ដំណាច់​ខែមិថុនា​ឆ្នាំនេះ ខណៈ​ទ្រព្យសកម្ម​សរុប​បាន​កើនឡើង​ដល់​ ៣ ៣៨៣ លាន​ដុល្លារ​។

របាយការណ៍​ពាក់កណ្ដាល​ឆមាស​ទី​ ១ ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ចេញផ្សាយ​នៅពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា វិស័យ​ទេសចរណ៍​គឺជា​វិស័យ​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដោយសារ​តែ​វីរុស​កូរ៉ូណា ដោយសារ​ភ្ញៀវ​ទេសចរ​បរទេស​ធ្លាក់ចុះ​ខ្លាំង ៥៥ ​ភាគរយ ខណៈ​វិស័យ​ផលិតកម្ម​ក៏បាន​ធ្លាក់ចុះ​ ១១ ​ភាគរយ​៕LA