ភ្នំពេញៈ កម្ពុជា​បាន​ប្រកាស​ពង្រឹង​ការគ្រប់គ្រង​ការនាំ​ចូល​មុខទំនិញ​ផលិតផល​សម្រេច​ជា​សម្បក​កំប៉ុង​ភេសជ្ជៈ​ ដើម្បី​បម្រើ​ផលិតកម្ម​ក្នុងប្រទេស​។ នេះ​បើ​យោងតាម​លិខិត​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ផ្ញើជូន​ប្រធាន​នាយកដ្ឋាន​សាខា និង​ការិយាល័យ​គយ និង​រដ្ឋាករ​។

ក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ លោក គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃទី​ ១៨ ខែឧសភា​បាន​ណែ​នាំឱ្យ​ប្រធាន​នាយកដ្ឋាន​សាខា និង​ការិយាល័យ​គយ និង​រដ្ឋាករ​ត្រូវអនុវត្ត​គ្រប់គ្រង​ការនាំ​ចូល​មុខទំនិញ​ផលិតផល​សម្រេច​ជា​សម្បក​កំប៉ុង​ភេសជ្ជៈ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

លោក គុណ ញឹម លើកឡើង​ក្នុង​លិខិត​ថា​សេចក្តី​ណែនាំ​នេះ គឺ​យោងតាម​របាយការណ៍​លទ្ធផល​កិច្ចប្រជុំ​ពិភាក្សា​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ជាមួយ​តំណាង​ក្រុមហ៊ុន មេដៃ ជីប៊ី អេនធើប្រាយ ​(Medai G.B. Enterprise) ដែល​ផលិត​ស្រាបៀរ GANZBERG និង​ក្រុមហ៊ុនក្រោន បេវេរេដ ខេនស៍ (​ខេមបូឌា) ​លីមីធីត (Crown Beverage Cans (Cambodia) Ltd.) ​ជុំវិញ​ការផ្គត់ផ្គង់​សម្បក​កំប៉ុង​ស្រាបៀរ​កាលពី​ថ្ងៃទី​ ៣ ខែឧសភា​។

លោក គុណ ញឹម បាន​បន្តទៀតថា មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ចំពោះ​ករណី​អ្នក​នាំចូល​ជា​នីតិបុគ្គល​ដែល​មិនមាន​កម្មវត្ថុ​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​ការផលិត​ភេសជ្ជៈ​ត្រូវ​ដាក់ជូន​មន្ត្រី​គយ និង​រដ្ឋាករ មាន​សមត្ថកិច្ច​នៅពេល​នាំចូល​មុខទំនិញ​សម្បក​កំប៉ុង​នូវ​លិខិត​ផ្ទេរសិទ្ធិ​ដែល​ចេញ​ដោយ​ផលិតករ​ភេសជ្ជៈ​ក្នុងប្រទេស​ ដើម្បី​បញ្ជាក់​គោលដៅ​នៃ​ការផ្គត់ផ្គង់ ហើយ​ការបរិយាយ​មុខទំនិញ​លើ​ឯកសារ​ពាក់ព័ន្ធ​នានា​ត្រូវមាន​បញ្ជាក់​អំពី​ម៉ាក​សញ្ញា​ភេសជ្ជៈ​ (Label) ​នៃ​សម្បក​កំប៉ុង​។

លោក​បញ្ជាក់ថា​៖ «​អាស្រ័យ​ហេតុនេះ​សូម​លោក លោកស្រី​ចាត់ចែង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលាយ និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​តទៅ​»​។

មន្ត្រី​របស់​ក្រុមហ៊ុន Medai G.B. Enterprise ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ក្រុមហ៊ុន​របស់លោក​នឹង​អនុវត្តតាម​សេចក្តី​ណែនាំ​នេះ​។ លោក​ប្រាប់ថា​៖ «​យើង​នឹង​គោរព​តាម​ការណែនាំ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​។ វា​មិនមាន​បញ្ហា​អ្វី​ទេ​ព្រោះ​យើង​កុម្ម៉ង់​ទិញ​សម្បក​កំប៉ុង​ពី​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​»​។

របាយការណ៍​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បង្ហាញថា នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​ចុះបញ្ជី​នៅ​ក្រសួង​ចំនួន ១០​។

លទ្ធផល​កិច្ចប្រជុំ​ត្រីមាស​ទី១ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ខែ​មុន​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​ ២០២១ អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ ប្រមូល​ចំណូល​បាន ៦១៤,៨ ​លាន​ដុល្លារ ថយចុះ ១៥,២ ​ភាគរយ​ធៀប​ត្រីមាស​ទី​១ ឆ្នាំ​ ២០២០​។

ចំណូល​ប្រចាំត្រីមាស​ទី​១ ឆ្នាំនេះ​បើ​គិត​តាម​ក្រុម​ប្រភេទ​ទំនិញ គឺ​ចំណូល​ពី​យានយន្ត និង​គ្រឿងចក្រ​មាន ៤៣,៥ ​ភាគរយ​នៃ​ចំណូល​សរុប ទំនិញ​ចម្រុះ ២៧,៤ ​ភាគរយ ផលិតផល​តេលសិលា​ (​ប្រេងសាំង ប្រេងម៉ាស៊ូត និង​ប្រេងរំអិល​) មាន​ ២២,៨ ​ភាគរយ និង​សម្ភារ​សំណង់ និង​កម្រៃ​ផ្សេងៗ​មាន ៦,៣​ ភាគរយ​។

លោក គុណ ញឹម លើកឡើងថា ដើម្បី​ធ្វើឱ្យ​ការប្រមូល​ចំណូល​ពន្ធគយ​បាន​គ្រប់ និង​លើស​ផែនការ​កំណត់ គឺ​សូមឱ្យ​មន្ត្រី​គយ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់​ក្នុងការ​ពង្រឹង​ការ​កៀរគរ​ចំណូល​ប្រកបដោយ​ភាពសកម្ម បុរេសកម្ម និង​វៃឆ្លាត ព្រមទាំង​ប្រើប្រាស់​ឱ្យអស់​សក្តានុពល បញ្ញា​ស្មារតី​។

លោក​បន្តថា វិធានការ​ទាំងនោះ​មានដូចជា ការអនុវត្ត​តាម​គោលនយោបាយ និង​វិធានការ​នានា​របស់​រដ្ឋាភិបាល ការបង្ការ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ និង​ពង្រឹង​អនុលោមភាព និង​ការបន្ត​លើកកម្ពស់​កិច្ចសម្រួល​ពាណិជ្ជកម្ម និង​កែលម្អ​បរិយាកាស​វិនិយោគ​តាមរយៈ​ការធ្វើ​សាមញ្ញកម្ម​នីតិវិធី​គយ និង​​ប្រើប្រាស់​បច្ចេកវិទ្យា​៕ LA