ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តោតលើ​យុទ្ធសាស្ត្រ ពង្រឹង​ភាព​ប្រកួតប្រជែង និង​ការចាប់យក​ប្រភព​កំណើន​ថ្មី​នៃ​ឧស្សាហកម្ម​ទី​ ៤ ដើម្បី​ទប់ទល់​នឹង​នូវ​ចលនា​ការពារ​និយម និង​ការបែងចែក​ប៉ូល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣ របស់​ខ្លួន​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។

ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្នាក់ជាតិ​ស្ដីពី «​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​ ២០១៩-២០២៣» កាលពី​ម្សិលមិញ​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ការលេច​ឡើង​នូវ​ចលនា​ការពារ​និយម និង​ការចែក​ប៉ូល​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន​បាន​បង្កើត​ទាំង​គំរាម​កំហែង និង​ឱកាស​ថ្មីៗ​ជាច្រើន​សម្រាប់​ប្រទេស​មាន​សេដ្ឋកិច្ច​តូចៗ​ដូចជា​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ត្រូវ​តែ​មាន​ភាពបត់បែន​ទៅ​តាម​ពេលវេលា និង​បរិបទ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​ចេញផុត​ក៏​ដូចជា​អភិវឌ្ឍ​ដោយ​ច្បាម​យក​នូវ​កាលានុវត្តភាព​ល្អៗ​ចេញ​ពី​បរិបទ​នាពេល​សព្វថ្ងៃ ព្រម​ជាមួយ​នឹង​ការខិតខំ​បើក​ទីផ្សារ​ថ្មីៗ​»​។

តាម​លោក ប៉ាន សូរស័ក្តិ បច្ចុប្បន្ន​ក្រសួង​ពាណិជ្ជកម្ម​កំពុង​ខិតខំ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​ប្រទេស​លើ​ពិភពលោក​តាមរយៈ​ការចុះ​កិច្ចព្រមព្រៀង ឬ​សន្ធិសញ្ញា​ផ្សេង​ជាមួយ​បណ្តា​សមាគម និង​សហគមន៍ ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ទីផ្សារ​កាន់តែ​ច្រើន និង​មាន​សមត្ថភាព​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​។

លោក​បន្ត​ថា​ការពង្រឹង​វិស័យ​អប់រំ ជំនាញ​វិជ្ជាជីវៈ ការសម្រួល​ពាណិជ្ជកម្ម ភ័ស្ដុភារ​ពាណិជ្ជកម្ម បរិយាកាស​ធុរកិច្ច ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​គន្លឹះ​សម្រាប់​ភាព​ប្រកួតប្រជែង​។ លោក​ថ្លែង​ថា​៖ «​ដើម្បី​អាច​សម្រេច​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣ បាន​កម្ពុជា​ត្រូវតែ​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ មាន​ឯករាជភាព​ម្ចាស់ការ​ការបង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​​រូបវន្ត​តាមរយៈ​ការបង្រៀន​ប្រជាជន ពិសេស​ក្មេងៗ​ឲ្យ​មាន​ចំណេះដឹង​ច្បាស់លាស់​ដែល​អាច​ចូលប្រឡូក​បាន​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេដ្ឋកិច្ច​ឌីជីថល និង​មាន​វិជ្ជាជីវៈ​»​។

យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS) គឺជា​ឯកសារ​ចម្បង​ក្នុងការ​ចង្អុលបង្ហាញ និង​កំណត់​នូវ​អនុសាសន៍​ជា​គោលនយោបាយ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។ យុទ្ធសាស្ត្រ​នេះ​ត្រូវ​បាន​ដាក់ចេញ​ដំបូង​ក្នុង​ឆ្នាំ​ ២០០១ និង​បានធ្វើ​បច្ចុប្បន្នភាព​បី​លើក​ហើយ​។

អ្នកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​មាន​សារៈសំខាន់​ជា​អន្តរវិស័យ ព្រោះ​វា​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ផ្អែកលើ​កត្តា​សំខាន់ៗ​មួយចំនួន​ដូចជា ​ការប្រែប្រួល​នៃ​បរិបទ​សេដ្ឋកិច្ចពិភពលោក​។

របាយការណ៍​ប្រចាំ​ឆមាស​ទី​ ១ របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​បរទេស​បាន​ដំណើរការ​ទៅមុខ​ល្អប្រសើរ​ដោយ​ការនាំចេញ​មាន​តម្លៃ​សរុប ៦,៨ ​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​ចំណែក​ទីផ្សារ​អាមេរិក​មាន​ចំនួន ២៨ ​ភាគរយ​តំបន់​អឺរ៉ុប ២៦,៦ ​ភាគរយ ចក្រភពអង់គ្លេស ៦,៦ ​ភាគរយ និង​ជប៉ុន ៧,៧ ​ភាគរយ​។

ចំណែក​ការនាំ​ចូល​មាន​តម្លៃ​សរុប​រហូត ១០,៥ ​ពាន់​លាន​ដុល្លារ​នាំ​មុខ​ដោយ​ប្រទេស​ចិន​ដែល​មាន ៤៦ ​ភាគរយ ថៃ ១៥,៦ ​ភាគរយ វៀតណាម ១៣,២​ ​ភាគរយ និង​ជប៉ុន ៤,៥ ​ភាគរយ​។

លោក លឹមហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយថា ការធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ផ្ទៃក្នុង​ពិតជា​មាន​ភាពចាំបាច់​ណាស់​សម្រាប់​កម្ពុជា ដើម្បី​ក្លាយ​ជា​ប្រទេស​រីកចម្រើន និង​មាន​ចំណែក​ទីផ្សារ​អន្តរជាតិ​កាន់តែ​ច្រើន​។

លោក​ថ្លែង​ថា​៖ «​ការដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ដើម្បី​ការប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម​គឺជា​រឿង​ដែល​ត្រូវធ្វើ ព្រោះ​បច្ចុប្បន្ន​ទីផ្សារ​របស់​យើង មិនមែន​ត្រឹមតែ​ក្នុង​តំបន់​អាស៊ាន ឬ​អាស៊ី​ដូច​មុន​ទៀត​ទេ​»​។

លោក​បន្តថា​ក្នុង​ដំណាក់កាល​ដែល​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​មាន​ការប្រកួតប្រជែង និង​ប្រែប្រួល​ខ្លាំង​នេះ​កម្ពុជា​ត្រូវតែ​បង្កើន​ការពង្រឹង​សមត្ថភាព​កម្លាំង​ជំនាញ​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​។ លោក​បន្តថា​៖ «​ដើម្បី​ធ្វើ​ឲ្យ​សមត្ថភាព​ប្រកួតប្រជែង​មាន​ភាពរឹងមាំ កត្តា​មួយ​ចំនួន​ដែល​ត្រូវ​តែ​ធ្វើកំណែ​ទម្រង់​មានដូចជា ធនធាន​មនុស្ស ថ្លៃដើម​ផលិត​ខ្ពស់ អគ្គិសនី និង​ថ្លៃ​ដឹកជញ្ជូន​ខ្ពស់​ជាដើម​»៕LA