
គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនឹងធ្វើការផ្អាករាល់ការទិញ លក់ដី នៅតំបន់ ដែលបង្កការលំបាក និងការរាំងស្ទះ។
ភ្នំពេញៈ គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនឹងធ្វើការផ្អាកជាបណ្តោះអាសន្ននូវរាល់ការទិញ លក់ដី នៅតំបន់ ដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការអនុវត្តគម្រោងសាងសង់ព្រលានយន្តហោះថ្មី។ នេះបើយោងតាមសេចក្ដី សម្រេចរបស់គណៈកម្មការក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន។
អ្នកនៅក្នុងវិស័យអចលនទ្រព្យយល់ ថា វិធានការនេះនឹងជួយដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។
តាមសេចក្តីប្រកាសព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មការនេះសម្រេចបាន ៩ ចំណុច ក្នុងចំណុចទី៦ បានបញ្ជាក់ថា ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តតាកែវ និងអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត កំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលមានដីនៅក្នុងទីតាំងគម្រោងឲ្យបានច្បាស់លាស់ ដោយផ្អែកទៅតាមការកាន់កាប់ជាក់ស្តែង និងឯកសារពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ។
សេចក្តីសម្រេចនេះបានបញ្ជាក់ថា៖ «ជំហានបន្ទាប់ តាមការចាំបាច់ត្រូវផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរន្តការដី (ការទិញ លក់) ស្ថិតក្នុងទីតាំង ដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការអនុវត្តគម្រោងនេះ»។
តាមគម្រោង ព្រលានយន្តហោះថ្មីកម្រិត F4 ដែលអាចអនុញ្ញាតឲ្យយន្តហោះធុនធំៗចុះចតបាននេះ នឹងសាងសង់ក្នុងភូមិសាស្រ្តខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ ហិកតា ក្នុងតម្លៃប្រមាណ ១ ៥០០ លានដុល្លារ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់ថា ការផ្អាកបណ្តោះអាសន្នការទិញលក់ដី នៅទីតាំងគ្រោងសាងសង់ព្រលានយន្តហោះថ្មី នឹងមិនបង្កឲ្យវិស័យអចលនទ្រព្យក្នុងតំបន់មានបញ្ហាអ្វីនោះទេ តែវានឹងធ្វើឲ្យស្ថានភាពកាន់តែប្រសើរល្អទៅវិញ។
លោកថ្លែងថា៖ «នៅក្នុងការចាំបាច់ដែលតម្រូវឲ្យមានការផ្អាកបណ្តោះអាសន្នការធ្វើចរន្តការដីនោះ គឺជារឿងល្អ ព្រោះវាអាចជួយធ្វើឲ្យមានភាពងាយស្រួលក្នុងការដោះស្រាយតម្លៃគោលនយោបាយ ដោយចៀសវាងការដោះស្រាយច្រើនដំណាក់កាល និងច្រើនដង»។
លោកបានពន្យល់ថា ជាធម្មតានៅពេលដែលមានព័ត៌មានគម្រោងអភិវឌ្ឍន៍ធំៗ នៅកន្លែងណាមួយ សកម្មភាពទិញ លក់ និងតម្លៃអចលនទ្រព្យ នឹងពុះកញ្ជ្រោលខ្លាំងរហូតពិបាកគ្រប់គ្រងផងក៏មាន។ ជាក់ស្តែងព័ត៌មានពីគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីដើមឆ្នាំ ២០១៨ បានធ្វើឲ្យសកម្មភាពទិញលក់ និងតម្លៃដីធ្លីក្នុងតំបន់នោះមានសម្ទុះខ្លាំងរហូតដល់ពេលសព្វថ្ងៃ។
បើតាមលោក សុខនីម ព្រលានយន្តហោះថ្មីនេះអាចស្ថិតនៅចន្លោះខ្សែក្រវាត់ក្រុង ទី៣ និងទី៤ ហើយដីនោះទីនោះបច្ចុប្បន្នអាចមានតម្លៃចន្លោះពី ៣០ ទៅ ៤០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting (EMC) បាននិយាយថានៅពេលមានការសិក្សាទីតាំងណាមួយសម្រាប់អភិវឌ្ឍជាប្រយោជន៍រួម ការធ្វើអន្តរាគមន៍របស់អាជ្ញាធរក្នុងការផ្អាកការទិញ លក់ដី គឺជាការល្អ ព្រោះបើមិនដូច្នេះទេ វានឹងធ្វើឲ្យសកម្មភាព និងទីផ្សារមានការប្រែប្រួលខ្លាំង។ លោក ជូ បាននិយាយថា៖ «បើមិនផ្អាកចរន្តការនឹងធ្វើឲ្យអាជ្ញាធរពិបាកធ្វើការ»។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបានទេ កាលពីម្សិលមិញ ខណៈអភិបាលខេត្តតាកែវ លោក អ៊ូច ភា បានបដិសេធធ្វើអត្ថាធិប្បាយ ដោយលោកជំរុញឲ្យសួរទៅរដ្ឋមន្ត្រី ជា សុផារ៉ា ដែលជាប្រធានគណៈកម្មការនេះ។
ប្រភពព័ត៌មានមួយមិនបញ្ចេញឈ្មោះប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ទីតាំងព្រលានយន្តហោះថ្មីនេះ ស្ថិតនៅភាគខាងលិចនៃបឹងជើងលួង ជាប់គ្នារវាងស្រុកកណ្តាលស្ទឹង របស់ខេត្តកណ្តាល ជាមួយស្រុកបាទី របស់ខេត្ត តាកែវ។
គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនក្នុងស្រុក OCIC របស់លោក ពុង ឃាវសែ ជាមួយក្រុមហ៊ុនមកពីចិនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក លី កេឈាង នាយករដ្ឋមន្ត្រីចិន កាលពីខែ មករា ឆ្នាំ ២០១៨៕LA