The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ យល់ព្រម​ឲ្យ​ប្តូរ​ទីតាំង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ

រដ្ឋាភិបាល​ យល់ព្រម​ឲ្យ​ប្តូរ​ទីតាំង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ

Content image - Phnom Penh Post
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល នាពេលកន្លងមក។ រូបថត FN

រដ្ឋាភិបាល​ យល់ព្រម​ឲ្យ​ប្តូរ​ទីតាំង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​កាល​ពីថ្ងៃ​ចន្ទ​បាន​សម្រេច​ផ្លាស់ប្តូរ​ទីតាំង​នៃ​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​មួយ​ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុម​វិនិយោគិន​ក្នុងស្រុក និង​ថៃ​ទៅកាន់​ទីតាំង​ដែលមាន​ទំហំ​កាន់តែ​ធំ​។

សេចក្ដីប្រកាស​ព័ត៌មាន​បាន​ពី​ខុទ្ទកាល័យ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹងថា ខុទ្ទកាល័យ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​សូម​ជូនដំណឹង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ជាគោលការណ៍​ក្នុង​ការផ្លាស់ប្តូរ​ទីតាំង​សម្រាប់​ការវិនិយោគ​ព្រលានយន្តហោះ​ថ្មី​លើ​ផ្ទៃដី​សរុប​ពី​ ៤០០ ​ទៅ​ ៦០០ ហិកតា​ ពី​ទីតាំង​ចាស់​ដែល​បានគ្រោង​ទុក​នៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​ទៅ​ទីតាំង​ថ្មី​ស្ថិតនៅ​បាក់​ខ្លង​វិញ​។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បានបញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​អំពី​ការរុះរើ​ទីតាំង​នោះ​។ លោក​បាន​ឲ្យ​ដឹងថា​​ ទីតាំង​ចាស់​តូច ដោយ​មាន​ប៉ះពាល់​មួយចំនួន​ដល់​ប្រជាជន​មូលដ្ឋាន ខណៈ​ទីតាំង​ថ្មី​កាន់តែ​ធំ និង​មិនមាន​ផលប៉ះពាល់​ណាមួយ​ដែល​ផ្ដល់​ទីកន្លែង​កាន់តែ​ច្រើន​សម្រាប់​ក្រុមហ៊ុន​ក្នុងការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត តំបន់​ឧស្សាហកម្ម សណ្ឋាគារ និង​ភោជនីយដ្ឋាន​ដើម្បី​គាំទ្រ​ដល់​គម្រោង​នេះ​។

លោក​ថ្លែងថា​៖ «​ទីតាំង​ចាស់​គឺ​តូច​បន្តិច និង​មាន​ផលប៉ះពាល់​មួយចំនួន​ដល់​ប្រជាជន ខណៈ​ទីតាំង​ថ្មី​កាន់តែ​ធំ​ដែល​ផ្ដល់​លទ្ធភាព​កាន់តែ​ច្រើន​សម្រាប់​ក្រុម​វិនិយោគិន​ក្នុង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត អគារ និង​តំបន់​ឧស្សាហកម្ម​»​។

ព្រលានយន្តហោះ​កោះកុង​ថ្មី​គឺជា​ការវិនិយោគ​រួម​រវាង​ក្រុមហ៊ុន​ពហុផលិតផល​ក្នុងស្រុក L.Y. P Group ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​ជំនួញ លី យ៉ុងផាត់ និង​ក្រុមហ៊ុន Bangkok Airway ដោយមាន​ទុនវិនិយោគ​ ៤០ ​លាន​ដុល្លារ​។

លោក ចាន់សិរីវុត្ថា បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​នឹង​បង្កើន​ទុនវិនិយោគ​ពី​ផែនការ​នេះ​ពី​ ១០ លាន​ដុល្លារ ឬ​ ២០ ​លាន​ដុល្លារ​ផ្សេងទៀត​។ លោក​បន្តថា​៖ «​វា​ជា​ទីតាំង​ដ៏ធំ​មួយ ដូច្នេះ​ពួកគេ​នឹង​កែតម្រូវ​ទុនវិនិយោគ​របស់​ពួកគេ​ដើម្បី​ឲ្យ​ត្រូវ​នឹង​ទំហំ​នៃ​ការអភិវឌ្ឍ​»​។

ជាមួយ​គ្នា​នេះដែរ​លោក​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នឹងធ្វើ​ការសិក្សា​លទ្ធភាព​ឡើងវិញ​លើ​ទីតាំង​ថ្មី ដែល​នឹង​ត្រូវការ​ពេលវេលា​ប្រហែល​ ៦ ​ខែ ហើយ​លទ្ធផល​នឹងត្រូវ​រំពឹងថា​នឹង​បញ្ចប់​ត្រឹម​ចុង​ឆ្នាំនេះ​។ លោក​បន្ថែមថា សម្រាប់​ការសាងសង់​របស់​គម្រោង​នេះ​នឹង​ត្រូវការ​ពេលវេលា​ចន្លោះ​ពី​ ៣ ​ទៅ​ ៥ ​ឆ្នាំ​។ ព្រលានយន្តហោះ​នេះ​អាច​ទទួល​យន្តហោះ​ប្រភេទ 4T និង​ 4D បាន​។

លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុង​សុន្ទរកថា​របស់​លោក​នៅ​បុណ្យ​សមុទ្រ​លើក​ទី​ ៧ ​នៅ​ខេត្តកោះកុង​កាលពី​ឆ្នាំ​ ២០១៨ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ទីតាំង​អេកូទេសចរណ៍ ជាពិសេស​ពេល​ព្រលានយន្តហោះ​ធ្វើ​រួចហើយ ភ្ញៀវទេសចរ​កាន់តែ​ច្រើន​ទាំង​ជាតិ និង​អន្តរជាតិ​នឹង​ហូរ​ចូលមក​ខេត្ត​នេះ​យ៉ាងច្រើន​។

បច្ចុប្បន្ន​ព្រលានយន្តហោះ​អន្តរជាតិ​តារាសាគរ​ដែល​មាន​តម្លៃ​ ៣៥០ ​លាន​ដុល្លារ​ផ្សេងទៀត​មាន​ទីតាំងនៅ​ស្រុក​បទុមសាគរ និង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចិន Tianjin Union Development Group រំពឹងថា នឹង​ដំណើរការ​នៅ​ត្រឹម​ចុងឆ្នាំ​នេះ​។ ក្រុមហ៊ុន​នេះ​ក៏មាន​រមណីយដ្ឋាន​អេកូទេសចរណ៍​តារាសាគរ​ផ្ទាល់ខ្លួន​នៅក្នុង​ខេត្តកោះកុង​ផង​ដែរ​។

តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​ដែល​រួមមាន​ខេត្តកោះកុង ក្រុង​ព្រះសីហនុ ខេត្ត​កែប និង​ខេត្តកំពត​លាតសន្ធឹង​ចម្ងាយ​ប្រហែល ៤៤០ គីឡូម៉ែត្រ និង​បានទទួល​ភ្ញៀវទេសចរ​បរទេស ១០១ ១៩៧ នាក់​ ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំមុន​ធៀប​នឹង ៦១ ៧៧៣ នាក់ កើនឡើង​ ៦៣,៨ ​ភាគរយ​៕LA

អត្ថបទគួរចាប់អារម្មណ៍