
ទិដ្ឋភាពចរាចរណ៍នៅទីតាំងអគារអគ្គនាយកដ្ឋានពន្ធដារកាលពីឆ្នាំទៅ។ ហេង ជីវ័ន
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ (GDT) កាលពីម្សិលមិញបានចេញផ្សាយសារាចរណែនាំស្តីពី ការលើកលែងពន្ធលើប្រាក់បំណាច់អតីតភាពការងារ ព្រមទាំងអនុញ្ញាតឲ្យសហគ្រាសចាត់ទុកជាចំណាយអាចកាត់កងបានសម្រាប់គោលដៅនៃពន្ធលើប្រាក់ចំណូលក្នុងឆ្នាំជាប់ពន្ធចរន្ត។
សារាចរណែនាំដែលមានហត្ថលេខាលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី ១១ មេសា និងត្រូវបាន GDT ចេញផ្សាយកាលពីម្សិលមិញបានបញ្ជាក់ថា ក្រសួងក៏បានលើកលែងអាករលើតម្លៃបន្ថែមលើសេវារកការងារឲ្យធ្វើ បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលករ ឬកម្មសិក្សាការីទៅធ្វើការនៅបរទេសរបស់ទីភ្នាក់ងារជ្រើសរើសឯកជនផងដែរ។
លោក រស់ សុខុម ប្រធានក្រុមហ៊ុនផ្តល់សេវាសវនកម្ម Rosoco Limited បានឲ្យដឹងថាសារាចរនេះ បានធ្វើឲ្យភាគីពាក់ព័ន្ធដែលត្រូវទទួល និងចំណាយលើថ្លៃប្រាក់បំណាច់អតីតភាពការងារ លែងមានក្តីមន្ទិលទៀតពីកាតព្វកិច្ចរបស់គេសម្រាប់បំពេញលក្ខខណ្ឌពន្ធដារហើយ។
លោកថ្លែងថា៖ «អត្ថប្រយោជន៍នឹងបានទៅបុគ្គលិកនិយោជិក ដោយសារពួកគេនឹងទទួលបានប្រាក់ បំណាច់អតីតភាពការងារពេញ ដោយមិនត្រូវជាប់ពន្ធអីនោះទេ។ ការសម្រេចនេះក៏បានកាត់បន្ថយបន្ទុករបស់ក្រុមហ៊ុននិយោជកមួយផ្នែកផងដែរ»។
មិនទាន់មានការប៉ាន់ស្មានថា ការសម្រេចថ្មីនេះ បានធ្វើឲ្យខាតបង់ប្រាក់ពន្ធប៉ុនណានោះឡើយ តែលោក សុខុម បានលើកឡើងថា វានឹងមិនមែនជាការខាតបង់ធំរបស់រដ្ឋនោះទេ។ ការសម្រេចនេះ បានធ្វើឲ្យបុគ្គលិកសប្បាយចិត្ត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញប្រកាសមួយកាលពីខែ កញ្ញា ឆ្នាំ ២០១៨ ដោយណែនាំដល់ម្ចាស់សហគ្រាសត្រូវបង់ប្រាក់បំណាច់អតីតភាពការងារ ២ ដងក្នុង ១ ឆ្នាំ ទៅឲ្យនិយោជិត នឹងត្រូវអនុវត្តចាប់ពីឆ្នាំ ២០១៩។
និយោជកត្រូវផ្តល់ឲ្យកម្មករនិយោជិត ដែលកំពុងបម្រើការងារនូវប្រាក់បំណាច់អតីតភាពការងារដែលស្មើនឹងប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំចំនួន ១៥ ថ្ងៃក្នុង ១ ឆ្នាំ៕ LA