ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ផ្អាក​ការនាំចេញ​ផលនេសាទ​ (​ត្រី​) ទៅ​ក្រៅប្រទេស​មួយរយៈ ដើម្បី​រក្សា​ស្ថិរភាព​សម្រាប់​ការផ្គត់ផ្គង់​នៅក្នុង​ស្រុក ខណៈដែល​ជំងឺ​កូវីដ ​១៩ កំពុង​បន្ត​ការរីករាលដាល​នៅ​កម្ពុជា​។

ក្នុង​សារ​សំឡេង​តាម​ប្រព័ន្ធ​តេឡេក្រាម​ផ្ញើ​ទៅកាន់​ថ្នាក់ដឹកនាំ​ក្នុង​ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​១៩ ព្រមទាំង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​កាលពី​ថ្ងៃ​សៅរ៍ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​ហាមឃាត់​ការនាំចេញ​ផល​នេសាទ​ទៅ​ក្រៅប្រទេស ដើម្បី​ត្រៀម​បម្រុង​ទុក​កុំ​ឲ្យ​មាន​ការខ្វះខាត​ស្បៀងអាហារ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក​នា​អំឡុង​ពេលដែល​ជំងឺ​កូវីដ​១៩ កំពុង​រីក​រាលដាល​កាន់តែខ្លាំង​។

លោក​បន្តថា វិធានការ​ការបិទ​ការនាំចេញ​នេះ​គឺ​មិន​ត្រឹមតែ​អាចជួយ​ពង្រីក​បរិមាណ​នៃ​ការផ្គត់ផ្គង់​ត្រី​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ធ្វើឲ្យ​តម្លៃ​ត្រី​មាន​ស្ថិរភាព​ល្អ​ផងដែរ​។ លោក​ថ្លែងថា​៖ «​ដើម្បី​ចៀសវាង​ការឡើង​ថ្លៃ​ត្រី ត្រី​ក៏​គួរតែ​ត្រូវបាន​រក្សាទុក​គឺ​ក្នុង​រយៈពេល​នេះ​គួរតែ​ហាមឃាត់​ការនាំចេញ​ត្រី​ទៅ​ក្រៅប្រទេស​ផងដែរ​កន្លង​ទៅ​យើង​មិនបាន​ហាមឃាត់​ទេ គឺ​យើង​ហាម​តែ​ស្រូវ និង​អង្ករស ក៏​ប៉ុន្តែ​អាច​នឹងមាន​ការនាំចេញ​ត្រី អ៊ីចឹង​សុំ​ឲ្យ​ត្រី​បង្វិល​មក​លក់​នៅក្នុង​ទីផ្សារ​របស់​កម្ពុជា​យើង​វិញ​»​។

ការបិទ​ការនាំចេញ​ផល​នេសាទ​នេះ​គឺជា​វិធានការ​ថ្មី​បន្ថែមទៀត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​រក្សាទុក​ស្តុក​ស្បៀង​ពីលើ​វិធានការ​ហាមឃាត់​ការនាំចេញ​ស្រូវ និង​អង្ករស ដែល​បាន​ចូល​ជាធរមាន​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ ថា​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការបង្កើន​ស្តុក​ផលិតផល​ក្នុង​ស្រុក​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការធ្វើឲ្យ​កម្ពុជា​មាន​ភាពរឹងមាំ​ផ្នែក​សន្តិសុខ​ស្បៀង​បន្ថែមទៀត ដើម្បី​បង្ក​ការខ្វះខាត និង​ការ​ឡើងថ្លៃ​ជាយថាហេតុ​ក្នុងអំឡុង​ពេលដែល​ប្រទេស​នានា​លើ​ពិភពលោក រួមទាំង​កម្ពុជា​ផង​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។ លោក​ថ្លែងថា​៖ «​នេះ​ជា​វិធានការ​ដ៏ល្អ ព្រោះ​បើ​ជំងឺ​កូវីដ​១៩ មាន​ការរីករាលដាល យើង​អាច​នឹង​ជួប​បញ្ហា​កង្វះ​ម្ហូបអាហារ​»​។

ទោះយ៉ាងណា​លោក​ប្រាប់ថា មិនទាន់​មាន​កាលបរិច្ឆេទ​ច្បាស់លាស់​ពី​ពេល​ចាប់ផ្តើម​អនុវត្ត​វិធានការ​នេះ​ទេ ដោយ​ក្រសួងកសិកម្ម​នឹង​ត្រូវ​ជួបប្រជុំ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​ចន្ទ​នេះ​សិន​។ លោក​និយាយថា​៖ «​រហូតមកដល់​ពេលនេះ​យើង​មិនទាន់​បានកំណត់​បែបណា​ទេ ដោយ​យើង​រង់ចាំ​លទ្ធផល​នៃ​កិច្ចប្រជុំ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​នៅ​ថ្ងៃស្អែក​ (​ចន្ទ​) ​សិន​»​។

ទន្ទឹមនឹង​វិធាន​ការបិទ​ការនាំចេញ​នេះ​លោក​បាន​ប្រាប់ថា បច្ចុប្បន្ន​ក្រសួងកសិកម្ម​ក៏​បាននិង​កំពុង​ពង្រឹង និង​ពង្រីក​ការចិញ្ចឹម​ត្រី​សម្រាប់​បំពេញ​តម្រូវការ​ក្នុងស្រុក​ផងដែរ​។

រៀងរាល់​ឆ្នាំ​កម្ពុជា​តែង​នាំចេញ​ផល​នេសាទ​ទឹកសាប​តិចតួច​ទៅ​ប្រទេស​ជិតខាង ខណៈ​ការ​នាំចូល​ផល​នេសាទ​សមុទ្រ​ (​ត្រី​) ​ពី​បរទេស​មក​បំពេញ​តម្រូវការ​តាម​ភោជនីយដ្ឋាន​គឺ​មាន​ច្រើន​។ តាម​ទិន្នន័យ​ឆ្នាំ​ ២០១៩ ការនាំ​ចូល​ផលនេសាទ​សមុទ្រ​មក​កម្ពុជា​មាន​ប្រមាណ ១៣ ​ម៉ឺន​តោន​។ នេះ​បើតាម លោក វេង សាខុន​។ ​

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​សុក្រ ទី​ ៣ ខែមេសា​បាន​ចេញ​សេចក្តីសម្រេច​មួយ​ស្តីពី «​ការបង្កើត​ក្រុមការងារ​ចំពោះ​កិច្ចគ្រប់គ្រង​ការផ្គត់ផ្គង់ និង​ថ្លៃ​ទំនិញ​យុទ្ធសាស្ត្រ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩» ដែលមាន​សមាសភាព​ចូលរួម​ពី​ក្រសួង​សេដ្ឋកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​សុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រុមហ៊ុន​ហ្គ្រីនត្រេដ​ (Green Trade) និង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​។

យោងតាម​ប្រកាស​ខាងលើ​ក្រុមការងារ​នេះ​នឹង​ទទួល​ភារកិច្ច​សំខាន់ៗ​មួយចំនួន​ដូចជា ការកំណត់​ប្រភេទ​ទំនិញ​យុទ្ធសាស្ត្រ​មួយចំនួន​ដែល​បម្រើដល់​ការរស់នៅ​ប្រចាំថ្ងៃ​ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩, ការតាមដាន​ស្ថានភាព​នៃ​តម្រូវការ ការផ្គត់ផ្គង់ និង​តម្លៃ​ទំនិញ​យុទ្ធសាស្ត្រ​, តាមដាន និង​ធានាថា ការ​ផ្គត់ផ្គង់​ទំនិញ​យុទ្ធសាស្ត្រ​មាន​ដំណើរការ​ប្រកបដោយ​និរន្តរភាព និង​មិនមាន​ការបង្អាក់ ឬ​ការរំខាន ព្រមទាំង​ចាត់វិធានការ​ដោះស្រាយ​ក្នុងករណី​មានការ​បង្អាក់​ជាយថាហេតុ​ណាមួយ​។

ជាមួយ​គ្នា​នេះ​ក្រុមការងារ​ក៏បាន​ភារកិច្ច តាមដាន និង​ត្រួតពិនិត្យ​លើ​ទំនិញ​យុទ្ធសាស្ត្រ​ដែល​កំពុង​ចែកចាយ​លើ​ទីផ្សារ​នៅក្នុង​ស្រុក ជាពិសេស​ត្រួតពិនិត្យ​លើ​គុណភាព​អាកុល និង​ម៉ាស់​ជាដើម ព្រមទាំង​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ចាត់វិធានការ​រដ្ឋបាល ឬ​វិធានការ​ចាំបាច់​នៅពេល​មានការ​បង្អាក់ ឬ​ការរំខាន​ដល់​ការផ្គត់ផ្គង់​ទំនិញ ឬ​ការឡើង​ថ្លៃទំនិញ​យ៉ាងគំហុក​។

របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​ផល​នេសាទ​ស្រស់​សរុប ៩ ១៩០ ​តោន ​ស្មើនឹង​ ៦១,២៧ ​ភាគរយ ​នៃ​ផែនការ ១៥ ០០០ ​តោន​ ប្រៀបធៀប​​នឹង​ឆ្នាំ​ ២០១៨ បាន​ថយចុះ​ចំនួន​ ៣១០ ​តោន​។ ចំណែកឯ​​ផលនេសាទ​កែច្នៃ​អនុវត្ត​បាន​ចំនួន ៤ ៩១០ ​តោន ស្មើនឹង ៩៨,២០ ​ភាគរយ​ នៃ​ផែនការ ៥ ០០០ ​តោន ហើយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ មានការ​ថយចុះ​ចំនួន ៩០ ​តោន​។

របាយការណ៍​ក៏បាន​ឲ្យ​ដឹង​ទៀតថា ការប្រមូលផល​នេសាទ​ទឹកសាប (​តាមរយៈ​ដាយ​ត្រី ដែន​នេសាទ និង​លក្ខណៈ​គ្រួសារ​តាម​វាលស្រែ​) កាលពី​ឆ្នាំ​ ២០១៩ សម្រេចបាន​បរិមាណ ៤៧៨ ៨៥០ ​តោន និង​នេសាទ​សមុទ្រ សម្រេច​បាន ១២២ ២៥០ ​តោន​។ ចំណែក​ផ្នែក​វារីវប្បកម្ម ការចិញ្ចឹម​ត្រី និង​បង្គា អនុវត្ត​បាន​ប្រមាណ ៣០៧ ៤០៨ ​តោន​៕ LA

វីដេអូ៖