ភ្នំពេញៈ រដ្ឋាភិបាល​បាន​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ​ថ្មី​​នៅ​លើ​រមណីយដ្ឋាន​បូកគោ។​ នេះ​បើ​តាម​​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​កាល​ពី​សប្តាហ៍​មុន​​។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​កាល​ពី​សប្តាហ៍​មុន​បាន​ដឹកនំា​អន្តរ​ក្រសួង​បើ​កិច្ច​ប្រជុំ​ស្តីពី ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​​លើ​រមណីយដ្ឋាន​បូកគោ ស្ថិត​នៅ​​ស្រុក​ទឹកឈូ ខេត្ត​កំពត​​ មាន​ចម្ងាយ​ប្រមាណ ៤២ គីឡូ​ម៉ែត្រ ​ពី​ទី​រួម​ខេត្ត​កំពត​​។

មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ដើម្បី​ពន្យល់​បន្ថែម​ពី​ផែនការ​នេះ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ​។

ទោះ​​ជា​យ៉ាង​នេះ​ក្តី ​លោក​ ជាវ​ តាយ​ អភិបាល​ខេត្ត​កំពត​ដែល​​បាន​ចូលរួម​កិច្ច​ប្រជុំ​នេះ បាន​​ប្រាប់​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា​ នេះ​គ្រាន់​តែ​ជា​គម្រោង​អភិវឌ្ឍន៍​ដី​ត្រៀម​ទុក​​សម្រាប់​បង្កើត​ក្រុង​ថ្មី​នៅ​ពេល​ណា​​​​ដែល​​​រដ្ឋាភិបាល​មាន​គម្រោង​បង្កើត​ក្រុង​ប៉ុណ្ណោះ​​។

លោក​បញ្ជាក់​ថា​៖ «គម្រោង​នេះ​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ដី​នៅ​​លើ​ភ្នំ​បូកគោ មិនមែន​បាន​ន័យ​ថា ​គម្រោង​បង្កើត​តំបន់​រដ្ឋបាល​ទេ​ គ្រាន់​តែ​អភិវឌ្ឍ​ដី​ ថ្ងៃ​ក្រោយ​ទៅ​​បើ​​មាន​គម្រោង​ក្រុង​អ្វី​​ទៅ យើង​មាន​ដី​គ្រោង​ទុក​ស្រាប់»។

បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ក្រសួង​រៀបចំ​ដែនដី​ឲ្យ​ដឹង​ថា​ លោក​ឧបនាយក​រដ្ឋមន្ត្រី ជា សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​នេះ ​កាល​​ពី​ថ្ងៃ​ទី​ ២១​ មិថុនា បាន​ដឹកនំា​កិច្ច​ប្រជុំ​ស្តី​ពី​ប្លង់​គោល​ប្រើប្រាស់​​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ​ដែល​​មាន​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ រដ្ឋម​ន្ត្រី​ក្រសួង​បរិស្ថាន​ អភិបាល​ខេត្ត​កំពត​ និង​​អភិបាល​ខេត្ត​ព្រះសីហនុ​ចូលរួម​ផង​ដែរ។

បើ​តាម លោក​ ជាវ​ តាយ​ គម្រោង​នេះ សិក្សា​លើ​ទំហំ​ដី​ចំនួន​​ប្រមាណ​ ១៥ ម៉ឺន​ហិកតា ​លើ​ភ្នំ​បូកគោ​ដោយ​បែង​ចែក​ជា​តំបន់​ទេសភាព​តាម​ជម្រាល​ភ្នំ​។

រមណីយដ្ឋាន​ឋានសួគ៌​ភ្នំ​បូកគោ ​ត្រូវ​បាន​​​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ សុខា​ អូតែល​ របស់​លោក​ សុខ​ គង់ លើ​ផ្ទៃ​ដី​​ទំហំ​ដី ​១៨ ៩៨៧ ហិកតា​ អភិវឌ្ឍ​សណ្ឋាគារ និង កាស៊ីណូ កាល​ពី​ខែ​ ឧសភា​ ឆ្នាំ​ ២០១២​​។​

លោក​ គី​ម ហ៊ាន​ ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់ងារ​​អចលនវត្ថុ​កម្ពុជា​ បាន​ឲ្យ​ដឹង​​ថា ​​​បើ​​មាន​ការ​អភិវឌ្ឍ​​ទីក្រុង​លើ​ភ្នំ​បូកគោ​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​​ចំពោះ​វិស័យ​អចលទ្រព្យ វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ជាតិ​​។ លោក​បន្ត​ថា​៖ «​វា​នឹង​ធ្វើ​ឲ្យ​ដី​ធ្លី​នៅ​តំបន់​​នោះ​​ឡើង​ថ្លៃ​ ប្រជាជន​នៅ​ជិត​នោះ មាន​ហាង​ឆេង ខណៈ​វា​ចំណេញ​ដល់​វិស័យ​ទេសចរណ៍​ផង​ដែរ ដោយសារ​​ភ្នំ​បូកគោ​យើង​វា​ទាក់ទង់​នឹង​វិស័យ​ទេសចរណ៍​ស្រាប់»។

លោក​ គីម​ ហ៊ាន ជឿ​ថា​ ការ​ហូរ​ចូល​វិនិយោគិន​ចិន​ច្រើន​មក​ប្រទេស ​កម្ពុជា ​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ អាច​ជា​មូល​ហេតុ​មួយ​នំា​ឲ្យ​​​​រដ្ឋាភិបាល​មាន​ផែនការ​សិក្សា​ដី​សម្រាប់​បង្កើត​ទីក្រុង​។ ​

លោ​កបន្ត​​​ថា​៖​ «បើ​យើង​និយាយ​​ថា​ទេ​ វា​អត់​ត្រូវ​ ព្រោះ​អចលទ្រព្យ​យើង​គឺ​ជា​បំពង់​ទុយោ​ហូរ​លុយ​ច្រើន​ជាង​គេ​​គឺ​មក​ពី​ចិន​ហ្នឹង​ហើយ​ បើ​និយាយ​មែន​ទែន​ទៅ​ ប្រសិន​បើ​ចិន​អត់​មក​ ដី​ស្រុក​ខ្មែរ​ក៏​មិន​បាន​ឡើង​ថ្លៃ​ដូច​សព្វ​ថ្ងៃ​ដែរ​»​។

ចិន​បាន​ក្លាយ​ជា​វិនិយោគិន​បរទេស​ធំ​ជាង​គេ​របស់​កម្ពុជា ​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ​ដែល​ភាគ​ច្រើន​លើ​វិស័យ​សំណង់​ និង​កាស៊ីណូ ​ពិសេស​​នៅ​ក្រុង​ព្រះសីហនុ​។ ​ព័ត៌មាន​ថ្មីៗ​នេះ ​ក៏​បាន​លើក​ឡើង​​ពី​ទិសដៅ​វិនិយោគ​ថ្មី​របស់​ចិន​ទៅ​ខេត្ត​កំពត​ផង​ដែរ​ បន្ទាប់​ពី​ក្រុង​ព្រះ​សីហនុ។​

យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​ក្នុង​រយៈពេល​ ៥ ឆ្នាំ ​ពី​ ២០១៣ ​ដល់​ ២០១៧ ​ចិន​បាន​ក្លាយ​ជា​វិនិយោគិន​បរទេស​ធំ​បំផុត​របស់​កម្ពុជា ​ជាមួយ​ទុន​វិនិយោគ​ ៥,៣ ​ពាន់​លាន​​ដុល្លារ ឬ​ប្រហែល​ ១ ពាន់​លាន​ដុល្លារ​ក្នុង​ ១ ឆ្នាំ៕LA