ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឲ្យ​វិស័យ​ឯកជន​ធ្វើការ​នាំចេញ​អង្ករស​ឡើងវិញ ក្រោយពី​បាន​ចេញ​បម្រាម​នេះ​កាលពី​ខែ​មីនា​។ ការដក​បម្រាម​នេះ​បាន​ធ្វើ​ឡើង​ចំពេល​ប្រទេស​ហ្វីលីពីន​កំពុង​ស្វែងរក​ការនាំចូល​អង្ករ ៣០០ ០០០ ​តោន​ ពី​ប្រទេស​ផលិត​ធំៗ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។

លិខិត​ផ្ញើជូន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​ដែល​ចុះហត្ថលេខា​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹងថា តប​តាម​សំណើ​របស់ CRF រដ្ឋាភិបាល​សម្រេច​ផ្តល់​ការអនុញ្ញាត​ឲ្យ​ធ្វើ​ការនាំចេញ​អង្ករស​ជា​បណ្តើរៗ​ឡើងវិញ តាម​កិច្ចសន្យា​បញ្ជា​ទិញ​ពី​ក្រៅប្រទេស​ដោយ​គិត​ចាប់ពី​ថ្ងៃទី​ ២០ ខែ​ឧសភា​តទៅ​។

ការដក​បម្រាម​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​ផ្អាក​នាំចេញ​អង្ករស និង​ស្រូវ​ជា​បណ្តោះអាសន្ន​កាលពី​ខែ​មីនា ក្នុង​ន័យ​ដើម្បី​ធានា​ស្តុក​ក្នុង​ស្រុក​នា​អំឡុងពេល​មាន​ការរីករាលដាល​កូវីដ​១៩​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ពុធ​ថា ការដក​បម្រាម​នេះ​នឹង​ជួយ​ជំរុញ​ការនាំចេញ​អង្ករស​របស់​កម្ពុជា​ទៅ​កាន់​បណ្តា​ប្រទេស​កំពុង​ប្រឈម​នឹង​បញ្ហា​កង្វះ​ស្បៀង​នា​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​យល់ថា នេះ​ជា​ការសម្រេច​ដ៏ឆ្លាតវ័យ យើង​ត្រូវ​អបអរសាទរ យើង​ដឹង​ហើយ​ជំងឺ​កូវីដ ​១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កង្វះ​ស្បៀង​អាហារ ហើយ​វិធានការ​នេះ​នឹង​រួមចំណែក​ជួយ​ដល់​ប្រទេស​ដែល​ត្រូវការ​ស្បៀងអាហារ​ក្នុងអំឡុង​ពេលនេះ​។ ជាមួយគ្នានេះ​យើង​ក៏​ចង់​បង្កើត​ការងារ​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ និង​កសិករ​ខ្មែរ​ផងដែរ​»​។

ទន្ទឹម​នឹង​នេះ​ហ្វីលីពីន​ដែល​ជា​ប្រទេស​នាំចូល​ទំនិញ​ធំ​មួយ​នៅលើ​ពិភពលោក​កំពុង​ស្វែងរក​ការបញ្ជាទិញ​អង្ករ​ប្រមាណ ៣០០ ០០០ ​តោន​ ដើម្បី​បង្កើន​ស្តុក​អង្ករ​របស់​ខ្លួន​ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​វីរុស​កូរ៉ូណា​។

លោក William Dar រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ហ្វីលីពីន​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​បាន​ធ្វើការ​សាកសួរ​រួចហើយ​មក​អ្នក​ផលិត​អង្ករ​ធំៗ​នៅ​ប្រទេស​កម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា និង​ឥណ្ឌា ដើម្បី​ស្វែងរក​ការដឹកជញ្ជូន​អង្ករ​នៅមុន​ត្រីមាស​ទី​ ៣ ខណៈ​ការប្រមូលផល​ក្នុងស្រុក​នឹង​ទទួល​បាន​ក្នុង​កម្រិត​ទាប​។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters​។

លោក​បន្តថា កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​នៃ​បរិមាណ​នេះ​នឹងធ្វើ​ឲ្យ​ការ​នាំចូល​អង្ករ​របស់​ហ្វីលីពីន​កើន​ដល់ ៣ ​លាន​តោន​នៅ​ឆ្នាំនេះ​។

ស្របពេល​ហ្វីលីពីន​កំពុង​ស្វែងរក​ការ​នាំចូល​អង្ករ​បន្ថែម​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក៏​កំពុង​សិក្សា​ពី​លទ្ធភាព​នាំចេញ​អង្ករ​កម្ពុជា​ចូល​ទៅ​កាន់​ទីផ្សារ​ហ្វីលីពីន​ផងដែរ​។ នេះ​បើ​តាម​លោក សុង សារ៉ន​។

លោក​ថ្លែងថា​៖ «​យើង​សង្ឃឹមថា យើង​នឹង​រក​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ហ្វីលីពីន​បាន​។ យើង​សូម​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ហ្វីលីពីន​ធ្វើការ​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា ហើយ​យើង​ស្វាគមន៍​រាល់​វិនិយោគ​ហ្វីលីពីន​»​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មកដល់​ពេល​នេះ​ក្រសួង​មិនទាន់​ទទួល​បាន​លិខិត​ផ្លូវការ​ពី​រដ្ឋាភិបាល​ហ្វីលីពីន​ទេ​។ ទោះបី​ជា​យ៉ាងណា កម្ពុជា​នឹង​អាច​ទទួល​បាន​ឱកាស​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ហ្វីលីពីន​ក្នុង​អំឡុងពេល​ប្រទេស​ហ្វីលីពីន​ស្វែងរក​ការនាំ​ចូល​អង្ករ​បន្ថែម​ទៀត​នេះ​។

លោក​ថ្លែងថា​៖ «​ឱកាស​នេះ​កម្ពុជា​អាចនឹង​ទទួល​បាន​ព្រោះ​កម្ពុជា និង​ហ្វីលីពីន​ធ្លាប់​បាន​ចុះ MoU ស្តីពី​ពាណិជ្ជកម្ម​អង្ករ​ជាមួយគ្នា​។ កម្ពុជា និង​ហ្វីលីពីន​ក៏​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​លើ​វិស័យ​ផ្សេងៗ​ជាច្រើន​»​។

កម្ពុជា​បាន​នាំចេញ​អង្ករ​ក្នុង​បរិមាណ​ប្រមាណ ២០០ ​តោន ​ទៅកាន់​ទីផ្សារ​ប្រទេស ​ហ្វីលីពីន ​ក្នុង​រយៈពេល ៤ ​ខែ​ដំបូង​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕ LA