ភ្នំពេញៈ ក្រុមហ៊ុន SPHP (Cambodia)Co.,Ltd ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ជនជាតិ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​អង្គារ​ទទួល​បាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ថាមពល​វារីអគ្គិសនី​ដ៏ធំ​មួយ​ជាមួយ​នឹង​ទុនវិនិយោគ​ជាង ២៣១ ​លាន​ដុល្លារ​នៅក្នុង​ខេត្តពោធិ៍សាត់​។

ក្រុមហ៊ុន​នឹងធ្វើ​ការវិនិយោគ​គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹងពោធិ៍សាត់​ ១ ដែល​ស្ថិតនៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដោយមាន​សមត្ថភាព​អាច​ផលិត​ថាមពល​អគ្គិសនី ៨០ ​មេហ្គាវ៉ាត់​។

លោក វិចទ័រ ហ្សូនា អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា ក្រសួង​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​នេះ ដើម្បី​សិក្សា​លទ្ធភាព​នៅលើ​ទីតាំង​ចាប់​តាំងពី​ឆ្នាំ​ ២០១២​។ ដោយមាន​លទ្ធភាព​វិជ្ជមាន ក្រសួង​ក៏​បាន​ធ្វើសំណើ​ស្វែងរក​ការយល់ព្រម​ពី​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ក្រុមហ៊ុន​អាច​វិនិយោគ​លើ​គម្រោង​នេះ​បាន​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ដំបូង​គេ​ដែល​ក្រសួង​បាន​អនុញ្ញាត​ឲ្យ​វិនិយោគ​លើ​គម្រោង​ផលិត​ថាមពល​វារីអគ្គិសនី​នៅ​កម្ពុជា​។ ក្រុមហ៊ុន​កំពុង​ចាប់ផ្ដើម​អភិវឌ្ឍ​គម្រោង​នេះ​ដោយ​គ្រោង​បញ្ចប់​ត្រឹម​ឆ្នាំ​ ២០២៣»​។

លោក ហ្សូនា បាន​ប្រាប់​ទៀត​ថា កាលពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​រួចហើយ​ជាមួយ​អគ្គិសនី​កម្ពុជា សម្រាប់​ការលក់​ថាមពល​ទាំងអស់​ដែល​ខ្លួន​ផលិត​បាន​ដើម្បី​ភ្ជាប់​ទៅ​បណ្តាញ​ជាតិ​ជាមួយនឹង​តម្លៃ ០,៧ ​សេន​ដុល្លារ​ក្នុង​​ ១ ​គីឡូវ៉ាត់ម៉ោង​។

លោក​អះអាង​ថា​៖ «​នេះ​គឺជា​គម្រោង​ទំនប់​វារីអគ្គិសនី​ទី​ ២ ​ក្នុង​ខេត្តពោធិ៍សាត់ ខណៈ​បច្ចុប្បន្ន​យើង​ដំណើរការ​រួចហើយ​នូវ​វារីអគ្គិសនី​អាតៃ​ដែល​មាន​អានុភាព ១២០ ​មេហ្គាវ៉ាត់​»​។ លោក​បន្ថែមថា ខេត្ត​នេះ​ក៏បាន​ទទួល​គម្រោង​សូឡា ២ ដែលមាន​សមត្ថភាព​ផលិត ៦០ ​មេហ្គាវ៉ាត់​ក្នុង​គម្រោង​នីមួយៗ​»​។

លោក ម៉ៅ ធនិន អភិបាល​ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​សប្ដាហ៍​មុន​ថា ថ្មីៗ​នេះ​ក្រុមហ៊ុន SPHP កំពុង​អភិវឌ្ឍ​ទីតាំង​នេះ​ដោយ​ឈូស​ដី និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​លើ​ទីតាំង​អភិវឌ្ឍន៍​។

កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​ផលិត​ថាមពល​បាន ១១ ២៦១ ​ជីហ្គាវ៉ាត់​ម៉ោង​ ​កើន ២១ ​ភាគរយ​ធៀប​នឹង ៩ ៤២៧ ​ជីហ្គាវ៉ាត់​ម៉ោង​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល​៕LA