ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​​នឹង​បាត់បង់​ចំណូល​ប្រមាណ​ ៦០ លាន​ដុល្លារ​ក្នុង​មួយ​​ឆ្នាំ ពី​ការ​សម្រេច​របស់​​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​​លុប​ចោល​​បែប​បទ​​នាំ​ចេញ​​មួយ​ចំនួន​ដែល​ក្រសួង​ធ្លាប់​បំពេញ​កន្លង​មក​​​​ដើម្បី​​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​។ នេះ​បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា (MoC​)​។

ថ្លែង​ក្នុង​​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រ​ទាក់ទង​នឹង​ការ​ឆ្លើយ​តប​នឹង​ករណី​សហភាព​អឺរ៉ុប​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា លោក សុខ​ សុភ័ក្រ្ត​ រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​ខ្លះ​ៗ​មុន​រួច​ទៅ​ហើយ​ទាក់ទង​នឹង​ដំ​ណោះ​ស្រាយ​ទល់​នឹង​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ។

លោក​បន្ត​ថា ​ការ​សម្រេច​កន្លង​មក​គឺ​បាន​រួម​ចំណែក​​កាត់​បន្ថយ​ថ្លៃ​ដើម​ក្នុង​ការ​នាំចេញ​ទំនិញ ស្រប​ពេល​ដែល​ក្រសួង​ពាណិជ្ជកម្ម​អាច​នឹង​បាត់បង់​ចំណូល​​ប្រមាណ​ ៦០ លាន​ដុល្លារ​​ក្នុង​ ១ ​​ឆ្នាំ។ ​យោង​តាម​លោក សុភ័ក្រ្ត ការ​សម្រេច​លុប​ចោល​កម្រៃ​គ្រប់គ្រង​ការ​នាំចេញ​ដែល​ចាប់​ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​ ២០១៨ ធ្វើ​ឲ្យ​បាត់បង់​ចំណូល​​របស់​ក្រសួង ២០ លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​រួច​ទៅ​ហើយ​។

លោក​បន្ត​ថា ការ​សម្រេច​នៅ​ខែ​នេះ​ ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នាំចេញ​ទំនិញ​ទៅ​កាន់​សហភាព​អឺរ៉ុប​​លែង​តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ (CO) នឹង​ធ្វើ​​ឲ្យ​ក្រសួង​បាត់បង់​ចំណូល​ ១​០ លាន​ដុល្លារ​ក្នុង​​ ១ ​ឆ្នាំ​បន្ថែម​ទៀត ខណៈ​ការ​សម្រេច​​ថ្មី​ៗ​​នេះ​របស់​រដ្ឋាភិបាល​​ដោយ​​លែង​ឲ្យ​​​កាំ​កុង​ត្រូល​​​ជា​អ្នក​ត្រួត​ពិនិត្យ​​ទំនិញ​នាំចេញ​នាំចូល​ទៀត​នឹង​​ធ្វើ​ឲ្យ​ក្រសួង​បាត់បង់​ចំណូល​ប្រមាណ ៣០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ លោក​បាន​ថ្លែង​បន្ថែម​​ថា​៖​ «[ចំ​ណូល​បាត់បង់​​] ពី​​ ការ​ធ្វើ​កំណែ​ទម្រង់​នេះ​នឹង​ ជួយ​ទៅ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​រួម និង​ជួយ​ដល់​​វិស័យ​ស្រូវ​អង្ករ​»។

លោក​ថ្លែង​ថា​ វិធាន​ការ​ក្នុង​ការ​ឆ្លើយ​តប​នឹង​បន្ទុក​ពន្ធ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ដែល​ EU ទើប​សម្រេច​ថ្មី​ៗ​នេះ គឺ​ការ​ព្យាយាម​បញ្ចុះ​ថ្លៃ​ដើម​​លើ​កត្តា​សំខាន់​ៗ​មួយ​ចំនួន​​ដែល​រួម​មាន​ដូច​ជា​​ការ​ដឹក​ជញ្ជូន និង​តម្លៃ​លើ​​ឡ​សម្ងួត​ជា​ដើម​។

លោក​បញ្ជាក់​ថា​៖​ «​[ឆាប់​ៗ​នេះ]​ ប្រហែល​ជា​រាជ​​​រដ្ឋាភិបាល​នៃ​ប្រទេស កម្ពុជា​ នឹង​​ចេញ​អនុក្រឹត្យ​​​មួយ​ថែម​​​ទៀត ​ហើយ​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​នឹង​ចេញ​ប្រកាស​​នេះ​ ប្រកាស​នោះ​ ដែល​​គាត់​បាន​រៀបចំ​ពី​មុន​មក​ហើយ​ [ដើម្បី​បន្ថយ​ថ្លៃ​ដើម​​ក្នុង​​ការ​ធ្វើ​ពាណិជ្ជកម្ម​​]»​។

ការ​​បាត់បង់​ចំណូល​​ដែល​ប៉ាន់​ប្រមាណ​ថា​នឹង​មាន​រហូត​ដល់ ​៦០ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នេះ​ គឺ​ស្មើ​ប្រមាណ ៧៣ ភាគរយ​នៃ​ចំណូល​សរុប​របស់​ MoC កាល​ពី​ឆ្នាំ​មុន ដែល​មាន​ចំនួន ​​​៨២ លាន​ដុល្លារ​។​ យោង​​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ ​២០១៨ ​របស់​ MoC ចំណូល​ពី​កាំ​កុង​ត្រូល​មាន​ប្រមាណ​ ២៩ ​លាន​ដុល្លារ និង​ចំណូល​​ពី​កម្រៃ​សេវា​សាធារណៈ​មាន ៥៣ លាន​ដុល្លារ។​

វិស័យ​​អង្ករ​​របស់​កម្ពុជា​​បាន​បាត់បង់​​សិទិ្ធ​ទទួល​ការ​​​លើកលែង​​​​ពន្ធ​ពី​ទីផ្សារ​អឺរ៉ុប​​ជា​ផ្លូវ​ការ​​ចាប់​តាំង​​ពី​​​​​ថ្ងៃ​​សុក្រ​សប្តាហ៍​មុន​មក​​ បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​លើ​អង្ករ​នាំ​ចូល​ពី​ប្រទេស ​កម្ពុជា​ និង​​មីយ៉ាន់​ម៉ា​ ក្រោម​ហេតុផល​ដើម្បី​ការពារ​ផល​ប្រយោជន៍​កសិករ​​ផលិត​អង្ករ​នៅ​អឺរ៉ុប។

ដោយ​ផ្អែក​លើ​បរិមាណ​នៃ​ការ​នាំចេញ​អង្ករ​ទៅ​អឺរ៉ុប​កាល​ពី​ឆ្នាំ ២០១៨ ដែល​មាន​ចំនួន​ជិត ១៧ ម៉ឺន​តោន និង​អត្រា​ពន្ធ​ដែល​មាន​ចំនួន​ជិត ​២០០​ ដុល្លារ​ក្នុង​ ១ ​តោន​នៅ​ឆ្នាំ​ដំបូង ការ​សម្រេច​ថ្មី​នេះ​​នឹង​ធ្វើ​​ឲ្យ​​​វិស័យ​អង្ករ​​កម្ពុជា​​ត្រូវ​ចំណាយ​លើ​ការ​បង់​ពន្ធ​ប្រមាណ ​៥០​ លាន​ដុល្លារ​ក្នុង​ ១ ឆ្នាំ​៕