ភ្នំពេញៈ កម្ចី​ចំ​នួន ៣០ លាន​អឺ​រ៉ូ (ប្រ​ហែល ៣៤ លាន​ដុល្លារ​) ត្រូវ​បាន​ប្រ​កាស​​​កាល​ពី​ម្សិល​មិញ​ដោយ​សា្ថន​ទូត​អា​ល្លឺ​ម៉ង់​ ដែល​នឹង​ក្លាយ​ជា​កម្ចី​លើក​ដំ​បូង​​​ដែល​រដ្ឋា​ភិ​បាល​អា​ល្លឺ​ម៉ង់​ផ្តល់​ឲ្យ​ប្រ​ទេស​ កម្ពុជា ​ដើ​ម្បី​អភិ​វឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ថាម​ពល​​នៅ​ទី​ជន​បទ។​

យោង​តាម​សេច​ក្ដី​ប្រ​កាស​ព័ត៌​​មាន​ដែល​ចេញ​​ផ្សាយ​​កាល​ពី​ម្សិល​មិញ​ដោយ​ស្ថាន​ទូត​អា​ល្លឺ​ម៉ង់​​បន្ទាប់​ពី​កិច្ច​ប្រ​ជុំ​ជា​មួយ​អគ្គិ​សនី​កម្ពុជា (EDC)​ តាម​រយៈ​ការ​​វិ​និ​យោគ​​លើ​ប្រ​សិទ្ធ​ភាព​ថា​ម​ពល​អគ្គិ​សនី​នៅ​តាម​ជន​បទ​​ដោយ​ប្រើ​ប្រាស់​កម្ចី​នេះ​ EDC អាច​កាត់​បន្ថយ​​ការ​ខាត​បង់​អគ្គិ​សនី​យ៉ាង​ច្រើន​ លើក​កម្ពស់​លទ្ធ​ភាព​ទទួល​បាន​អគ្គិ​សនី​​នៅ​​តំបន់​ដាច់​ស្រ​យាល​ និង​បង្កើន​ភាព​ជឿ​ទុក​ចិត្ត​ខាង​ការ​ផ្គត់​ផ្គង់​ថា​ម​ពល​​អគ្គិ​សនី​។​

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​នេះ​បាន​ឲ្យ​ដឹង​ថា ​​លទ្ធ​ភាព​ទទួល​បាន​ថាម​ពល​អគ្គិ​សនី​ដែល​ត្រូវ​បាន​កែ​លម្អ​​​នៅ​តា​មទី​ជន​បទ​​​​ក្នុង​ប្រ​ទេស​ កម្ពុជា ក៏​ចូល​រួម​​ចំ​ណែ​​ក​ដល់​ទិស​ដៅ​​ប្រ​កប​ដោយ​មហិ​ច្ឆ​តា​របស់​​ប្រ​ទេស​ កម្ពុជា ​​ក្នុង​ការ​កាត់​បន្ថយ​​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ផង​ដែរ​។

លោក Ingo Karsten ឯក​អគ្គ​រាជ​ទូត​អា​ល្លឺ​ម៉ង់​​ប្រ​ចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា​៖ «​លទ្ធ​ភាព​ទទួ​ល​បាន​អគ្គិ​ស​នី​ប្រ​កប​ដោយ​ការ​​ជឿ​ទុក​ចិត្ត និង​​មិន​ប៉ះ​ពាល់​បរិ​យា​កាស​ គឺ​ជា​ក្បាល​​ម៉ា​ស៊ីន​សម្រាប់​​ការ​អភិ​វឌ្ឍ​នៅ​ពេល​អនា​គត​របស់​កម្ពុជា​ ហើយ​​នឹង​ជំ​រុញ​​​ការ​វិ​និ​យោគ​​​ក្នុង​ប្រ​ទេស​នេះ​»។

លោក​បន្ត​ថា​៖ «​វា​​បង្កើន​ប្រ​សិទ្ធ​ភាព​​​ថា​ម​ពល​នៅ​​តាម​តំ​បន់​ដាច់​ស្រ​យាល​ ហើយ​អាច​​ធ្វើ​ឲ្យ​តម្លៃ​កាន់​តែ​ទាប។ បណ្តាញ​អគ្គិ​សនី​​កាន់​តែ​រឹង​មាំ​ គឺ​ជា​មូល​​ដ្ឋាន​សម្រាប់​ការ​វិ​និ​យោគ​នៅ​ពេល​អ​នា​គត​លើ​​ថា​ម​ពល​សូ​ឡា​ ដែល​​មាន​សក្ដា​​នុ​ពល​ច្រើន​​​នៅ​កម្ពុជា​»​។​

យោង​​សេច​ក្តី​ប្រ​កាស​នេះ​​​គម្រោង​ថ្មី​នេះ​បង្ហា​ញ​ជំ​ហាន​ផ្លាស់​​ប្តូរ​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អភិ​វឌ្ឍន៍​​រវាង​​កម្ពុជា និង​អា​ល្លឺ​ម៉ង់​។ វា​ជា​កម្ចី​ដំ​បូង ដែល​ផ្ដល់​ដោយ​រដ្ឋា​ភិ​បាល​អា​ល្លឺ​ម៉ង់​​ដល់​​កម្ពុជា​ ដែល​ឆ្លុះ​បញ្ចាំង​​ពី​ការ​រីក​ចម្រើន​របស់​កម្ពុ​ជា​ឆ្ពោះ​ទៅ​រក​ការ​​​ក្លាយ​ជា​​ប្រ​ទេស​មាន​ប្រាក់​​ចំ​ណូល​មធ្យម​​កម្រិត​​ទាប។​

ក​ម្ចី​នេះ​ត្រូវ​បាន​ផ្ដល់​មូល​និ​ធិ​ដោយ​​​គំ​និត​បច្ចេក​វិ​ទ្យា​បរិយា​កាស​របស់​ក្រ​សួង​អភិ​វឌ្ឍន៍​អន្តរ​ជាតិ​​​អា​ល្លឺ​ម៉ង់​ ហើយ​នឹង​ត្រូវ​បាន​អនុ​វត្ត​ដោយ​ KfW ដែល​ជា​​ធនា​គារ​អភិ​វឌ្ឍន៍​របស់​ប្រ​ទេស​អា​ល្លឺ​ម៉ង់​។

លោក កែវ​ រតនៈ​ នា​យក​គ្រប់​គ្រង​ EDC បាន​ឲ្យ​ដឹង​បន្ទាប់​ពី​ជំ​នួប​នេះ​ថា កម្ចី​សម្រាប់​​វិ​ស័យ​ថាម​ពល​​នេះ នឹង​ជា​អត្ថ​ប្រ​យោជន៍​ដ៏​ល្អ​​មួយ​សម្រាប់​ប្រ​ជា​ជន​ទាំង​អស់​នៅ​តាម​តំ​បន់​ជន​បទ​​ក្នុង​ប្រ​ទេស​ កម្ពុជា​។​

លោក​ថ្លែង​ថា​៖ «​កម្ចី​នេះ​នឹង​គ្រប​ដណ្ដប់​លើ​ប្រ​ជា​ជន​ជា​ច្រើន​ ជា​ពិ​សេស​​​ប្រ​ជា​ជន​ក្រី​ក្រ​ ដែល​ត្រូវ​ការ​សេ​វា​អគ្គិ​សនី​តម្លៃ​ទាប​​»​​។ លោក​​បន្ថែម​ថា​ វា​នឹង​ជួយ​បង្កើន​ថាម​ពល​ស្អាត ហើយ​វា​ល្អ​សម្រា​ប់​ការ​​ប្រែ​ប្រួល​អា​កាស​ធាតុ​ និង​សេដ្ឋ​កិច្ច​គ្រួសារ​នៅ​ថ្នាក់​​មូល​ដ្ឋាន​។​

លោក​ថ្លែង​ថា​៖ «​យើង​​រំ​ពឹង​ថា គម្រោង​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​​ម៉ា​ស៊ីន​ភ្លើង​​​ម៉ា​ស៊ូត​​ដែល​​បំ​ពុល​បរិ​យា​កាស​ខ្លាំង​»​។​

លោក ច័ន្ទ សុ​ផល នា​យក​មជ្ឈ​មណ្ឌល​សិក្សា​គោល​នយោ​បាយ​​បាន​ស្វា​គមន៍​ចំពោះ​កម្ចី​ថ្មី និង​លើក​ដំបូង​​​ពី​ប្រ​ទេស​ អា​ល្លឺ​ម៉ង់ នេះ ដោយ​កត់​សម្គាល់​ថា ការ​អភិ​វឌ្ឍ​អគ្គិ​សនី​​នៅ​តាម​ជន​បទ​គឺជា​កត្តា​ដ៏​សំ​ខាន់​មួយ​ ដើ​ម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់​គ្រួសា​រ​នៅ​ជន​បទ​ សហ​គ្រាស ព្រម​ទាំង​​លើក​កម្ពស់​កំ​ណើន​សេដ្ឋ​កិច្ច​របស់​ប្រ​ទេស​​​ផ​ង​ដែរ​។​

លោក​ថ្លែង​ថា​៖ «​នេះ​គឺ​ជា​ព័ត៌​មាន​ដ៏​អស្ចារ្យ​ពិត​ប្រា​កដ​ អគ្គិ​សនី​​​មាន​ភាព​ខ្វះ​ខាត​ ​មិន​ទៀង​ទាត់ និង​​មាន​តម្លៃ​ខ្ពស់។​ វា​គឺជា​ភាព​ចាំ​បាច់​មួយ​ក្នុង​ចំ​ណោម​ភាព​ចាំ​​បាច់​ជា​ច្រើន​​សម្រាប់​ភាព​រីក​​ចម្រើន​របស់​​គ្រួសារ​ និង​ការ​ធ្វើ​ទំ​នើប​កម្ម​សហ​គ្រាស​តាម​ជន​បទ​»។

​លោក​បន្តថា​៖ «វា​នឹង​បង្កើន​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ការ​ផលិត ​និង​ការ​កែ​ច្នៃ​នៅ​ជន​បទ ក្នុង​ចំ​ណោម​​ការ​ងារ​​ជា​ច្រើន​​ផ្សេង​ទៀត​»​។​

ទោះ​យ៉ាង​ណា កាល​ប​រិ​ច្ឆេទ​​នៃ​ការ​ចុះ​ហត្ថ​លេខា​កម្ចី​នេះ​ មិន​​​​ទាន់​ត្រូវ​បាន​កំ​ណត់​ពេល​វេ​លា​​​នៅ​ឡើយ​ទេ ហើយ​រយៈ​ពេល​កម្ចី​​នេះ​ និង​អត្រា​ការ​ប្រាក់​ នឹង​ត្រូវ​ចរចា​រវាង​ធនា​គារ KfW និង​ក្រ​សួង​សេដ្ឋ​កិច្ច។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​នៅ​ស្ថាន​ទូត​អា​ល្លឺ​ម៉ង់៕ ​LA