ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម (MoC) ​កាលពី​ថ្ងៃ​ចន្ទ​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់ ស្បែកជើង និង​ក្រុមហ៊ុន​បញ្ជា​ទិញ​ទំនិញ​ធ្វើ​ដំណើរ ដែល​មាន​ប្រភព​ពី​ប្រទេស​កម្ពុជា​ត្រូវ​រក្សា​ការប្ដេជ្ញាចិត្ត តាមរយៈ​ការទទួល​យក​រាល់​ផលិតផល​ដែល​បាន​ផលិត​រួចហើយ​ដែល​មាន​ក្នុង​កិច្ចព្រមព្រៀង​។

សេចក្ដី​ប្រកាស​របស់ MoC ដែល​ចុះហត្ថលេខា​ដោយ​លោក ប៉ាន សូរស័កិ្ត រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា កម្ពុជា​គឺជា​ប្រទេស​ដំបូង​គេ​នៅលើ​ពិភពលោក​ដែល​តភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ស្ដង់ដា​ការងារ​។

ចាប់តាំងពី​ឆ្នាំ​ ២០០១ ប្រទេស ​កម្ពុជា ​បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) លើ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​ប្រទេស​​ កម្ពុជា ដែល​តម្រូវ​ឲ្យ​រោងចក្រ​កាត់ដេរ​នាំចេញ​ទាំងអស់​នៅ​ប្រទេស​ កម្ពុជា​ ​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ដោយ ILO ដើម្បី​ធានា​ការគោរព​តាមច្បាប់​ជាតិ និង​ស្ដង់ដា​ការងារ​អន្តរជាតិ​។ កូវីដ​ ១៩ បាន​បណ្ដាល​ឲ្យ​មានការ​រំខាន​សំខាន់ៗ​ដល់​ជីវិត​របស់​យើង​ព្រមទាំង​អាជីវកម្ម​របស់​អ្នក និង​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​។

ក្រសួង​បាន​ឲ្យ​ដឹងថា​៖ «​យើង​មាន​មោទនភាព​ចំពោះ​គំនិត​ផ្តួចផ្ដើម​នេះ ហើយ​នឹង​បន្ត​ធានាថា សិទ្ធិ​ការងារ និង​សិទ្ធិ​សង្គម​របស់​កម្មករ​របស់​យើង​ត្រូវ​បាន​គាំទ្រ ខណៈ​យើង​បាន​បង្កើត​ចង្វាក់​ផ្គត់ផ្គង់​ប្រកបដោយ​ស្ថិរភាព​។ ខ្ញុំ​សូម​អំពាវនាវ​ដល់ដៃ​គូ​របស់​យើង ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​ដែល​មាន​ប្រភពពី​ប្រទេស​កម្ពុជា​ត្រូវ​រក្សា​ការប្ដេជ្ញាចិត្ត ចំពោះ​ប្រទេស ​កម្ពុជា និង​ជាពិសេស​ចំពោះ​កម្មករ​របស់​យើង​។ យើង​ចង់​ឲ្យ​អ្នក​គោរព​តាម​កិច្ចព្រមព្រៀង​របស់​អ្នក និង​មិនត្រូវ​លុបចោល​ការបញ្ជាទិញ​ដែល​ត្រូវ​បាន​ដាក់​រួចហើយ និង​ទំនិញ​ត្រូវបាន​ផលិត​រួចហើយ ឬ​កំពុង​ផលិត​នៅពេល​បច្ចុប្បន្ន​»​។

ក្រសួង​បន្តថា​៖ «​អ្នក​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​របស់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់ ដែល​កំពុង​ពឹងផ្អែក​លើ​វិស័យ​ទាំងនេះ​ក្នុង​ជីវភាព​​រស់នៅ​របស់​ពួកគេ​»​។

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) ​កាលពី​ថ្ងៃទី​ ១០ ខែ​មេសា រួមជាមួយ​សមាគម​វាយនភណ្ឌ និង​អាជីវកម្ម​កាត់ដេរ​ទាំង ៩ ​នៃ​បណ្ដាញ​ប្រកប​ដោយ​ចីរភាព​នៃ​តំបន់​អាស៊ី​ (STAR) ពី​បណ្ដា​ប្រទេស​ផលិត និង​នាំចេញ​ទាំង ៦ ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​យីហោ​ពិភពលោក ក្រុមហ៊ុន​លក់រាយ និង​ពាណិជ្ជករ​ត្រូវ​ទទួល​ខុសត្រូវ​លើ​ការអនុវត្ត​ការទិញ និង​ការបញ្ជាទិញ​ដែល​បាន​ដាក់​រួចហើយ ព្រម​ទាំង​ត្រូវ​ទទួលយក​ទំនិញ​ដែល​បាន​ផ្ដល់​ជូន​រួចហើយ ហើយ​ពួកគេ​មិនគួរ​ចរចា​ជាថ្មី​លើ​តម្លៃ ឬ​លក្ខខណ្ឌ​ការទូទាត់​នោះទេ​។

លោក ខេន លូ អគ្គលេខាធិការ GMAC បាន​ឲ្យ​ដឹងថា​នៅក្នុង​អំឡុង​ពេលវេលា​ដ៏ពិបាក​នេះ​គឺ​ទាមទារ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ចង្វាក់​​ផ្គត់ផ្គង់​សម្លៀកបំពាក់ និង​វាយនភណ្ឌ​ពិភពលោក​ត្រូវ​រួមគ្នា និង​ជួយ​គ្នា​ទៅវិញ​ទៅមក ជាពិសេស​ដើម្បី​ធានាថា កម្មករ ក្រុមហ៊ុន និង​ឧស្សាហកម្ម​បន្ត​រស់បាន​។ លោក​បន្តថា ក្រុមហ៊ុន​បញ្ជា​ទិញ​មួយ​ចំនួន​បាន​យល់ព្រម​ក្នុង​ការផ្ដល់​ជូន​នោះ ប៉ុន្តែ​ស្នើសុំ​ពន្យារពេល​លក្ខខណ្ឌ​ទូទាត់​ដូចជា​រយៈពេល​ ៩០ ឬ​ ១២០ ​ថ្ងៃ​បន្ទាប់ពី​ការផ្ដល់ជូន​។

លោក​ថ្លែងថា​៖ «​យើង​សុំ​ការសហការ​របស់​អ្នក ដើម្បី​យើង​អាច​លើកតម្កើង​កិត្តិយស ការប្ដេជ្ញាចិត្ត​របស់​យើង ដើម្បី​សិទ្ធិ​ការងារ​ការទទួល​ខុសត្រូវ​សង្គម និង​ដើម្បី​បង្កើត​ចង្វាក់​ផ្គត់ផ្គង់​ប្រកប​ដោយ​ស្ថិរភាព​។ សូម​គោរព​តាម​លក្ខខណ្ឌ​លើ​កិច្ចព្រមព្រៀង​ការទិញ​ត្រូវ​បានដាក់​រួចហើយ​»​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា បើ​យើង​សហការ​គ្នា និង​ធ្វើ​ការងារ​រួមគ្នា យើង​នឹង​បន្ត​រស់ និង​កាន់តែ​រឹងមាំ​។ សំខាន់​ជាងនេះ​ទៅ​ទៀត​កម្មករ​របស់​យើង​ក៏​នឹង​អាច​បន្ត​រស់នៅ និង​រួមគ្នា​ យើង​អាច​បន្តដំណើរ​ជីវិត​របស់​យើង ក្រុមហ៊ុន​យើង និង​ឧស្សាហកម្ម​នេះ​»៕ LA