
ភ្នំពេញៈ លោករដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្មបានជំរុញឲ្យមានការអនុវត្តឧស្សាហកម្មបៃតងក្នុងចំណោមឧស្សាហករនិងសិប្បករក្នុងស្រុក ដើម្បីសម្រេចបានការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោក ចម ប្រសិទ្ធ ថ្លែងដូច្នេះក្នុងសិក្ខាសាលាស្តីពីឧស្សាហកម្មបៃតងពីម្សិលមិញ។
សិក្ខាសាលាស្តីពីឧស្សាហកម្មបៃតងនេះត្រូវបានរៀបចំឡើងក្នុងបំណងផ្សព្វផ្សាយដល់ឧស្សាហករ និងសិប្បករពីថាមពលកកើតឡើងវិញ ថាមពលស្អាត ផលិតកម្មស្អាត និងប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពក្នុងបំណងកាត់បន្ថយការពឹងផ្អែកទៅលើប្រេងឥន្ធនៈហ្វូស៊ីល និងការរួមចំណែកក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។
លោកថ្លែងថា វិស័យឧស្សាហកម្ម និងសិប្បកម្មកំពុងដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យរីកចម្រើនសេដ្ឋកិច្ចជាតិ ប៉ុន្តែក៏ជាវិស័យមួយដែលកំពុងចូលរួមចំណែកក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ផងដែរ។
លោកថ្លែងថា៖ «ការអភិវឌ្ឍឧស្សាហកម្ម និងសិប្បកម្មត្រូវតែដើរទន្ទឹមគ្នានឹងកិច្ចការពារបរិស្ថាន បើមិនដូច្នោះទេ យើងនឹងត្រូវចំណាយពេលវេលារួមទាំងថវិកា ដើម្បីស្តារឡើងវិញនូវអ្វីដែលខូចខាតដោយសារការបំផ្លាញបរិស្ថានតាមរយៈការអភិវឌ្ឍទាំងនេះ»។ លោកបានបន្ថែមថា សហគ្រាសធុនតូច និងមធ្យមកំពុងប្រឈមនឹងបញ្ហាថ្មីៗក្នុងសេដ្ឋកិច្ចជាតិ។
លោកបន្ថែមថា ដើម្បីឲ្យកំណើននេះអាចបន្តទៅមុខទៀតបាន កម្ពុជា ចាំបាច់ត្រូវតែពង្រីកមូលដ្ឋាននាំចេញ និងបង្កើនតម្លៃបន្ថែមក្នុងស្រុកតាមរយៈការពង្រឹងនូវសមត្ថភាពផលិតកម្មឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីបង្កើនបរិមាណគុណភាពផលិតផល និងមានភាពសន្សំសំចៃខ្ពស់។
លោក Chin Pen Chua តំណាងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិដែលមានវត្តមាននៅក្នុងសិក្ខាសាលាដែរនោះ មានប្រសាសន៍ថា ឧស្សាហូបនីយកម្មជាចំណែកដ៏សំខាន់មួយសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចដូច កម្ពុជា ឲ្យសម្រេចបានជាប្រទេសមានចំណូលមធ្យមនៅ ឆ្នាំ២០២០។
លោកបន្តថា ទោះបីឧស្សាហូបនីយកម្មត្រូវបានគេមើលឃើញថា ជាម៉ាស៊ីនធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាសកលក៏ដោយ ក៏មានផលប៉ះពាល់បរិស្ថាន ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ផងដែរ។
លោកថ្លែងថា៖ «វិស័យឧស្សាហកម្មបាននិងកំពុងតែប្រើប្រាស់និងខ្ជះខ្ជាយថាមពលទឹក និងវត្ថុធាតុដើមជាច្រើន ជាប្រភពចំហេះដែលមានគ្រោះថ្នាក់ និងបង្កជាកាកសំណល់ដែលមិនអាចប្រើជាថ្មីបានព្រមទាំងបង្កប់ដោយសារធាតុពុលផងដែរ ដែលបង្ហាញពីភាពមិនមានចីរភាព»។
លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៃ កម្ពុជា និយាយថា ស្វាគមន៍ចំពោះការជំរុញឲ្យមានការអនុវត្តឧស្សាហកម្មបៃតង ដោយសារកន្លងមក តម្លៃថាមពលដែលមានក្នុងស្រុក នៅមានតម្លៃខ្ពស់។
លោកបន្តថា ការអនុវត្តឧស្សាហកម្មបៃតងនឹងជួយបន្ថយការចំណាយលើថ្លៃថាមពលនៅក្នុងការផលិត ហើយនឹងអាចជួយឲ្យសហគ្រាសធុនតូច និងមធ្យមនៅ កម្ពុជា អាចប្រកួតប្រជែងបានក្នុងទីផ្សារកម្រិតតំបន់។ ប៉ុន្តែលោកថ្លែងថា៖ «ភាគច្រើនគឺយើងចាប់អារម្មណ៍ចង់ធ្វើឧស្សាហកម្មបៃតង តែយើងនឹងត្រូវការទុនដើម្បីកែប្រែហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរោងចក្រ សហគ្រាសនីមួយៗ។ បញ្ហាមួយទៀតនោះគឺយើងគ្មានអ្នកជំនាញដែលអាចវាយតម្លៃ និងផ្តល់យោបល់ពាក់ព័ន្ធនឹងការរៀបចំឲ្យក្លាយទៅជាឧស្សាហកម្មបៃតង»៕