ភ្នំពេញៈ រដ្ឋាភិបាល និង​វិស័យ​ឯកជន​កំពុង​សិក្សា​រួម​គ្នា​ពី​លទ្ធភាព​បញ្ចុះ​ថ្លៃដើម​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ភាពប្រកួតប្រជែង​ក្នុង​ទីផ្សារ​នាំចេញ​អង្ករ​របស់ខ្លួន​ទៅកាន់​ទីផ្សារ​ពិភពលោក​។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​របាយការណ៍​សិក្សា​ថ្លៃដើម​ផលិតកម្ម និង​នាំចេញ​អង្ករ​កម្ពុជា​ (Rice Export Cost Study) ​ជាមួយ​នឹង​តំណាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​អង្គការ​កម្មវិធី​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​កម្ពុជា​ (CAVAC) ​កាលពី​ថ្ងៃ​ចន្ទ​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​បញ្ហា​ប្រឈម​នានា ឧត្តមភាព និង​លទ្ធភាព​ពង្រឹង​ភាពប្រកួតប្រជែង​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «[​ការពិភាក្សា​នេះ​] ដោយ​វិភាគ​លើ​ខ្សែ​ច្រវាក់​តម្លៃ​របស់​វិស័យ​ស្រូវ​អង្ករ​ចាប់​តាំងពី​ការបង្កបង្កើនផល ការ​សម្ងួត និង​កិន​កែច្នៃ រហូតដល់​ការនាំចេញ ព្រមទាំង​ការដឹកជញ្ជូន និង​ការរត់​ការឯកសារ​សម្រាប់​នាំចេញ​ទៅ​កាន់​ប្រទេស​គោលដៅ​សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​»​។

លោក​ថា ក្នុង​កិច្ចប្រជុំ​នេះ​ភាគី​ពាក់ព័ន្ធ​ក៏​បាន​លើកឡើង​ពី​ផលប៉ះពាល់​ដល់​តម្លៃ​នាំចេញ​អង្ករ​កម្ពុជា​រួមមាន​បញ្ហា​អគ្គិសនី ការដឹកជញ្ជូន​ពី​ឃ្លាំង​ទៅ​កំពង់ផែ ថ្លៃ​ចំណាយ​នៅ​កំពង់ផែ និង​ការចំណាយ​លើ​ការដឹកជញ្ជូន​ពី​កំពង់ផែ ទៅ​ប្រទេស​គោលដៅ​នាំចូល​ជាដើម​។ ជាមួយ​គ្នា​នេះ​លោក​ក៏បាន​ស្នើឲ្យ​វិស័យ​ឯកជន​បន្ត​សហការ​ជាមួយ​ក្រសួង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម នានា​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​នឹង​រាយការណ៍​ពី​បញ្ហា​ប្រឈម​ជូន​ថ្នាក់ដឹកនាំ និង​ស្នើសុំ​សេចក្តី​សម្រេច​ពី​ថ្នាក់ដឹកនាំ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​»​។

លោក ចាន់ សុខឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ការសិក្សា​នេះ​ក្នុង​គោលបំណង​ជំរុញ​ភាព​ប្រកួតប្រជែង​ជាមួយ​នឹង​ប្រទេស​ផលិត​អង្ករ​ធំៗ​ក្នុង​តំបន់​អាស៊ាន និង​ដើម្បី​ជំរុញ​គោលដៅ​ជា​លើក​ទី​ ២ ក្នុង​ការនាំចេញ​អង្ករ​ឲ្យ​បាន​ ១ ​លាន​តោន​នៅ​ឆ្នាំ​ ២០២២​។

លោក​ថ្លែងថា​៖ «​យើង​បាន​ធ្វើ​បទបង្ហាញ​ពី​រូបភាព​ទូទៅ​នៃ​ថ្លៃ​ដើម​ផលិត​នៅតាម​មូលដ្ឋាន​ដោយ​ផ្តោតលើ​ស្រូវ​ផ្ការំដួល ស្រូវ​សែន​ក្រអូប និង​អង្ករស ជូន​ដល់​មន្ត្រី និង​អ្នកពាក់ព័ន្ធ​។ យើង​ពិភាក្សា​ដើម្បី​ជំរុញ​តម្លៃ​ចង្វាក់​ផលិតកម្ម​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង​ឲ្យ​បាន​ប្រហាក់ប្រហែល​គ្នា ពិសេស​យើង​ចង់​បង្កើន​ការប្រកួតប្រជែង​ការនាំចេញ​អង្ករស​ថែមទៀត​»​។

ទន្ទឹម​នឹង​នេះ​លោក​ក៏បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បង្កើន​កញ្ចប់​ថវិកា​បន្ថែម​ទៀត ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ​មាន​លទ្ធភាព​ទិញស្រូវ​ស្តុក​ទុក​សម្រាប់​កែច្នៃ​នាំចេញ​។

លោក​បាន​និយាយថា​៖ «​យើង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា ព្រមទាំង​ធនាគារពាណិជ្ជ​នានា​ផ្តល់​កម្ចី​ដល់​វិស័យ​កសិកម្ម ព្រោះ​វិស័យ​នេះ​ជួយ​បង្កើនផល​សេដ្ឋកិច្ច​ជិត​ដល់​ ១០ ​ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​បើ​ធៀប​នឹង​វិស័យ​កាត់ដេរ​ប្រហាក់ប្រហែល​គ្នា ក៏ប៉ុន្តែ​បើ​យើង​ក្រឡេកមើល​លើ​កម្ចី​ដែល​ខាង​ធនាគារ​ផ្តល់​ជូន​វិស័យ​កសិកម្ម ហើយ​គាត់​ផ្តល់ជូន​ខាង​ផ្នែក​កាត់ដេរ និង​សំណង់ ការផ្តល់​កម្ចី​លើ​វិស័យ​កសិកម្ម​នៅ​ទាប​ជាងគេ​»​។

យោងតាម​សហព័ន្ធ​ស្រូវ​អង្ករ ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ៤ ​ខែ​ដំបូង ឆ្នាំ​ ២០២០ សម្រេច​បាន​ជាង​ ៣០ ​ម៉ឺន​តោន​កើន ៤០,៤៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

យោង​តាម​របាយការណ៍​បង្ហាញ​ទៀតថា​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​មាន​ ៤១ ​ភាគរយ​ទៅ​សហភាព​អឺរ៉ុប និង​អង់គ្លេស​ ៣២ ​ភាគរយ​ទៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ១៣ ​ភាគរយ និង​ប្រទេស​ផ្សេងៗ​ទៀត​ ១៤ ​ភាគរយ​។

កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៦២០ ១០៦ តោន​ធ្លាក់ចុះ ០,៩៧ ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៨៕ LA