ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម និង​សមាគម​លើកកម្ពស់​ម្រេច​កំពត (KPPA) បានកំណត់​ផែនការ​ក្នុងការ​ជំរុញ​ការនាំចេញ​ម្រេច​កំពត​ដែលជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ (GI) ​ដំបូង​បំផុត​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​ច្រើន​សម្រាប់​ឆ្នាំ​ ២០២១ ​នេះ​។

លោក ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​បាន​ឱ្យ​ដឹងថា ក្នុងជំនួប​ជាមួយ​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃ​អង្គារ ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​គ្នា​ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ទីផ្សារ​នាំចេញ​ម្រេច​កំពត​បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​យើង​ជជែក​គ្នា​លើ​បញ្ហា​ទីផ្សារ​សម្រាប់​ផលិតផល​ម្រេច​កំពត​សម្រាប់​ឆ្នាំ​នេះ​។ យើង​កំពុង​ជំរុញ​ទីផ្សារ​ឱ្យ​កសិករ​ខ្នាត​មធ្យម និង​ធំ​បន្ថែមទៀតថា​តើ​យើង​គួរ​ជ្រើសរើស​ពួកគេ​សម្រាប់​ផលិត​ឱ្យ​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន​ដោយ​របៀប​ណា​? យើង​ឃើញ​ថា​ក្រុមហ៊ុន​ភាគច្រើន​មាន​គោលដៅ​តែ​ចំពោះ​កសិករ​ខ្នាតតូច​»​។

លោក​បាន​ឱ្យដឹង​ទៀត​ថា ភាគី​ពាក់ព័ន្ធ​កំពុង​ខិតខំ​ជំរុញ​ទីផ្សារ​ម្រេច​កំពត​ឱ្យ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ​ម្រេច​កំពត​ដែលជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មាន​កេរ្តិ៍ឈ្មោះ​ល្អ និង​ល្បីល្បាញ​នៅលើ​ពិភពលោក​។

លោក​បាន​ឱ្យដឹងទៀតថា បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​នាំចេញ​ ៥ បាន​ចុះកិច្ចសន្យា​ជាមួយ​កសិករ​ដាំដុះ​ម្រេច​កំពត​ខ្នាតតូច​សរុប​ចំនួន​ ២៨០ ​គ្រួសារ​ សម្រាប់​ផ្គត់ផ្គង់​ម្រេច​កំពត​ឱ្យ​ពួកគេ​នៅ​ឆ្នាំនេះ​ដូចជា​ក្រុមហ៊ុន EU Land and Pepper Investment បាន​ចុះកិច្ចសន្យា​ជា​កសិករ​ខ្នាតតូច​ច្រើនជាងគេ​រហូត​ដល់​ ១៨០ គ្រួសារ​ ក្នុង​បរិមាណ ១០ ​តោន​ក្នុង​ ១ ​ឆ្នាំ​។ ចំណែក​ក្រុមហ៊ុន Farm Link ltd បាន​ចុះ​កិច្ចសន្យា​ជាមួយ​កសិករ​ខ្នាតតូច​ចំនួន ៧០​ ​គ្រួសារ​។

លោក​បន្តថា​៖ «​ពួកគេ​ធានាថា​នឹង​ទិញ​ម្រេច​កំពត​ដែល​កសិករ​ផលិត​បាន​ទាំងអស់​។ កាលពី​ឆ្នាំមុន​ក្រុមហ៊ុន Farm Link បាន​ទិញ​ម្រេច​កំពត​ពី​កសិករ​ចំនួន​ ២១ ​តោន​ដោយ​សន្យាថា នឹង​បង្កើន​បរិមាណ​ថែមទៀត​នៅ​ឆ្នាំនេះ​»​។

លោក ពៅ ផេង ម្ចាស់​ចម្ការ​ម្រេច​កំពត​ដែលមាន​ជន្លង់ម្រេច​ជាង​ ៣០០ បានឱ្យ​ដឹងថា លោក និង​កសិករ​ផ្សេងទៀត​កំពុង​ប្រមូលផល​ម្រេច​ជា​បណ្តើរ​ដោយ​រំពឹងថា នឹង​ប្រមូលបាន​ច្រើនជាង​ឆ្នាំមុន​។ ការចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​នាពេល​កន្លងមក​បានផ្តល់​ទំនុកចិត្ត​ឱ្យ​កសិករ​ចំពោះ​ទីផ្សារ​ម្រេច​។

លោក​ថ្លែងថា​៖ «​យើង​សង្ឃឹម​ទីផ្សារ​ម្រេច​មាន​ស្ថិរភាព​សម្រាប់​ឆ្នាំនេះ​»​។

បរិមាណ​ម្រេច​កំពត​ ៧០ ​តោន​ត្រូវបាន​ទិញ​ដោយ​ក្រុមហ៊ុន​នាំចេញ​កាលពី​ឆ្នាំ​ ២០២០ ​ដោយ​ម្រេចខ្មៅ​ថ្លៃ​ ១៥ ​ដុល្លារ ម្រេច​ក្រហម​ថ្លៃ​ ២៥ ​ដុល្លារ និង​ម្រេចស​ថ្លៃ​ ២៨ ​ដុល្លារ​ក្នុង​ ១ គីឡូក្រាម​ដូចគ្នា​។ ​នេះ​បើតាម​លោក ងួន ឡាយ។

សព្វថ្ងៃ​ម្រេច​កំពត​ត្រូវបាន​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​ជាង​ ៥០ ​ប្រទេស​ដែល​ភាគច្រើន​ស្ថិតនៅ​ទ្វីបអឺរ៉ុប​។

បើតាម​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​ ២០១០ ពេលដែល​ចុះបញ្ជី​ដំបូង កសិករ​ផលិត​ម្រេច​កំពត​មាន​ ១១៨ ​គ្រួសារ​បាន​ឡើងដល់ ៤៥៥ ​គ្រួសារ​ នៅ​ឆ្នាំ ២០២០ ហើយ​ផ្ទៃដី​ដាំដុះ​កើន​ពី​ ១០ ​ហិកតា​ដល់ ២៩០ ​ហិកតា​ ដែល​អាច​ប្រមូលផល​បាន ៨២, ៧៨ តោន​ ក្នុង​ ១​ ឆ្នាំ​៕ LA