
ក្បាលទូរថភ្លើងប្រតិបត្តិដោយក្រុមហ៊ុនផ្លូវដែក Royal Railways កាលពីឆ្នាំ ២០១៦។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ មន្ដ្រីប្រតិបត្តិរបស់ក្រុមហ៊ុនផ្លូវដែក Royal Railways បានឲ្យដឹងថា រថភ្លើងថ្មី ៣ គ្រឿងដែលក្រុមហ៊ុនបានបញ្ជាទិញពីប្រទេសម៉ិកស៊ិកសម្រាប់ប្រតិបត្តិការសេវារថភ្លើងព្រលានយន្តហោះនឹងមកដល់ប្រទេសកម្ពុជា រហូតដល់ខែតុលាឆ្នាំនេះ។
ក្រុមហ៊ុនគ្រោងនឹងនាំចូលរថភ្លើងថ្មីនេះមកដល់កម្ពុជាក្នុងខែមិថុនា ប៉ុន្តែត្រូវបានពន្យាររហូតដល់ខែតុលា។
ក្រុមហ៊ុន Royal Railway ដែលកាលពីឆ្នាំ ២០១០ បានទទួលសម្បទានរយៈពេល ៣០ ឆ្នាំក្នុងការប្រតិបត្តិការ និងធ្វើឲ្យប្រសើរបណ្ដាញផ្លូវដែកកម្ពុជា បានចាប់ផ្ដើមសេវារថភ្លើងព្រលានយន្តហោះកាលពីពាក់កណ្ដាលខែមេសា។
លោក John Guiry អគ្គនាយកក្រុមហ៊ុន Royal Railways បានឲ្យដឹង កាលពីថ្ងៃអង្គារថា មានបញ្ហាបច្ចេកទេសមួយចំនួន ហើយក្រុមហ៊ុនផលិតនៅប្រទេស ម៉ិកស៊ិក ត្រូវការពេលវេលាមួយចំនួនដើម្បីកែលម្អវា ដែលធ្វើឲ្យពេលវេលាក្នុងការបញ្ចប់យូរជាងការរំពឹងទុក។
លោកបានបន្ថែមថាវាជាបញ្ហាតូចតាច ហើយក្រុមហ៊ុនផលិតបានកែលម្អបញ្ហានេះរួចហើយលោកថ្លែងថា៖ «រថភ្លើងនេះបានចេញពីរោងចក្រនៅក្នុងប្រទេសម៉ិកស៊ិក ហើយរថភ្លើងទាំងនេះនៅពេលនេះស្ថិតនៅកំពង់ផែ [នៅក្នុងប្រទេស ម៉ិកស៊ិក] ដែលត្រៀមរួចហើយដឹកជញ្ជូនទៅនាវា»។
លោកបន្ថែមថា៖ «វាអាចត្រូវការពេលវេលាចាប់ពី ៦ ទៅ ៨ សប្ដាហ៍ខាងមុខ ដូច្នេះរថភ្លើងទាំងនេះគួរតែមកដល់ទីនេះនៅពាក់កណ្ដាលខែតុលា ឬចុងខែតុលា»។
លោក John បានឲ្យដឹងថាក្នុងចំណោមរថភ្លើងទាំង ៣ គ្រឿងនេះ រថភ្លើង ២ គ្រឿងនឹងត្រូវប្រើប្រាស់អចិន្រៃ្តយ៍សម្រាប់សេវារថភ្លើងព្រលានយន្តហោះ ខណៈរថភ្លើង ១ គ្រឿងផ្សេងទៀតនឹងត្រូវបានប្រើប្រាស់សម្រាប់ក្រុងប៉ោយប៉ែត និងក្រុងព្រះសីហនុ។
តាមលោក John មកដល់ពេលនេះមានអ្នកដំណើរជាមធ្យមពី ១៤០០ នាក់ទៅ ១ ៥០០ នាក់ ជិះសេវារថភ្លើងព្រលានយន្តហោះនេះក្នុង ១ ថ្ងៃ៕ LA