
លោក ស៊ុន ចាន់ថុល នៅក្នុងទូរថភ្លើងដែលធ្វើដំណើរពីក្រុងសិរីសោភ័ណ មកបាត់ដំបងកាលពីថ្ងៃម្សិលមិញ។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ សេវារថភ្លើងដឹកអ្នកដំណើរតភ្ជាប់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងត្រូវបានបើកឲ្យដំណើរការឡើងវិញកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយប្រើប្រាស់ផ្លូវរថភ្លើងចាស់ដែលទើបជួសជុលរួចដែលធ្វើឲ្យល្បឿនធ្វើដំណើរនៅមានកម្រិតនៅឡើយ។
ការជិះរថភ្លើងចម្ងាយ ៦៥ គីឡូម៉ែត្រពីក្រុងសិរីសោភ័ណទៅក្រុងបាត់ដំបងនេះ នឹងមិនយកប្រាក់នោះទេសម្រាប់អ្នកដំណើររហូតដល់ចុងខែកក្កដា ហើយនឹងត្រូវការរយៈពេលប្រហែល ២ ម៉ោងកន្លះដើម្បីទៅដល់ទីនោះ។ នេះបើយោងតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រួតពិនិត្យមើលការដាក់ឲ្យដំណើរការរបស់ផ្លូវដែកនេះ។
ខ្សែរថភ្លើងថ្មីនេបានដាក់ជាការបន្ទាប់ពីការបើកដំណើរការផ្លូវរថភ្លើងប្រវែង៤៨គីឡូម៉ែត្ររវាងក្រុងប៉ោយប៉ែតជាប់ព្រំដែនថៃ និងក្រុងសិរីសោភ័ណ កាលពីថ្ងៃទី៤ ខែមេសាមក។
នៅក្នុងពិធីបើកដំណើរការផ្លូវដែកថ្មីនេះ លោក ស៊ុន ចាន់ថុល បានជំរុញឲ្យអ្នកបើកបរត្រូវផ្ដល់អាទិភាពដល់រថ ភ្លើង ហើយលោកបានកត់សម្គាល់ថា រថភ្លើងនេះបានជាប់ពាក់ព័ន្ធនឹងការបុកគ្នារួចហើយជាមួយរថយន្តចំនួន៣គ្រឿងកាលពីខែមុន។
លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ «ខ្ញុំចង់ស្នើថា ប្រជាជននៅតាមបណ្ដោយផ្លូវដែក ឬប្រជាជនដែលធ្វើដំណើរឆ្លងកាត់ផ្លូវដែកនេះ សូមប្រុងប្រយ័ត្នខ្ពស់»។ លោកបន្តថា៖ «រថភ្លើងនេះមិនមានហ្វ្រាំងដើម្បី [បញ្ឈប់ភ្លាមៗ] ដូចរថយន្តនោះទេ»។
នៅពេលនេះជាមួយនឹងការតភ្ជាប់ផ្លូវដែករវាងក្រុងប៉ោយប៉ែត និងក្រុងបាត់ដំបងរួចហើយនោះ ក្រសួងគ្រោងនឹងបើកដំណើរការកំណាត់ផ្លូវដែកប្រវែង ១០៧ គីឡូម៉ែត្រពីក្រុងបាត់ដំបងទៅខេត្តពោធិ៍សាត់ នៅថ្ងៃទី២៩ ខែឧសភា មុនពេលធ្វើការងារបន្តលើកំណាត់ផ្លូវដែកប្រវែង ១៣៤ គីឡូម៉ែត្រ ពីពោធិ៍សាត់ទៅបាត់ដឹងនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ការចំណាយសរុបនៃការស្តារផ្លូវដែកពីក្រុងប៉ោយប៉ែត ទៅបាត់ដំបងត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៧៦,៦ លានដុល្លារ ដោយ ១៣ លានដុល្លារបានពីធនាគារអភិវឌ្ឍន៍អាស៊ី និងចំនួននៅសល់បានមកពីថវិការបស់រដ្ឋាភិបាល។
កំណាត់ផ្លូវដែកនៅសល់ ៣២ គីឡូម៉ែត្រពីបាត់ដឹងមកទីក្រុងភ្នំពេញ គ្រោងនឹងបញ្ចប់ចុងក្រោយគេ ហើយសេវាដឹកអ្នកដំណើរពីភ្នំពេញទៅក្រុងប៉ោយប៉ែតជាប់ព្រំដែនថៃ ត្រូវបានកំណត់ដាក់ឲ្យដំណើរការត្រឹមចុងឆ្នាំនេះ។ នេះបើយោងតាមលោក ស៊ុន ចាន់ថុល។
ខណៈពេលដែលការតភ្ជាប់ផ្លូវដែករវាងក្រុងភ្នំពេញ និងទីក្រុងបាងកក ប្រទេសថៃ កំពុងស្ថិតក្នុងដំណើរការផងដែរនោះ ការចរចាជាមួយប្រទេសថៃនៅតែកំពុងបន្ដដំណើរការ ហើយលោករដ្ឋមន្ដ្រី មិនបានផ្ដល់ការកំណត់ពេលវេលាសម្រាប់ការបើកដំណើរការរបស់សេវានេះទេ។
លើសពីនេះ លោករដ្ឋមន្ដ្រីបានលើកឡើងថា កំណាត់ផ្លូវដែកថ្មីពីក្រុងភ្នំពេញ ទៅក្រុងសៀមរាប ពីក្រុងសៀមរាបទៅក្រុងប៉ោយប៉ែត និងពីក្រុងភ្នំពេញទៅក្រុងបាវិតព្រំដែន វៀតណាម កំពុងសិក្សាដោយក្រុមហ៊ុនឯកជន។
លោកបានមានប្រសាសន៍ថា៖ «ផ្លូវដែកទាំងនេះកំពុងស្ថិតក្រោមការសិក្សាពីលទ្ធភាព ហើយយើងមិនទាន់អនុម័តនៅឡើយទេ»។
ក្រុមហ៊ុន Royal Railways ដែលជាផ្នែកមួយនៃក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង ត្រូវបានផ្ដល់សម្បទានរយៈពេល ៣០ ឆ្នាំ ដើម្បីស្តារឡើងវិញ និងប្រតិបត្តិការផ្លូវដែកដែលមានស្រាប់កាលពីឆ្នាំ ២០០៩ ប៉ុន្តែផ្លូវដែលសាងសង់ថ្មីៗ នឹងបើកចំហសម្រាប់ក្រុមហ៊ុនផ្សេងទៀត ដើម្បីសាងសង់ និងប្រតិបត្តិការ។ នេះបើយោងតាមលោក ច័ន្ទ សំឡេង ប្រធាននាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន៕ LA