ភ្នំពេញៈ ចាប់​តាំងពី​ការបង្ក្រាប​លើ​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់ និង​ខុស​បច្ចេកទេស​ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​ ១០ ខែ​កុម្ភៈ​មាន​រថយន្ត​ដឹក​ទំនិញ​ជិត​ ១០ ​ម៉ឺន​គ្រឿង​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​កាត់​ទ្រុង​ជាង ១ ០០០ គ្រឿង និង​រកឃើញ​រថយន្ត ៣ ០០០ គ្រឿង​រំលោភ​បទប្បញ្ញតិ្ត​នានា​។ នេះ​បើ​តាម​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

ការបង្ក្រាប​ដែល​ជា​គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​បាន​ចាប់ផ្ដើម​បន្ទាប់ពី​ការព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​នឹង​ដក​តំណែង​អភិបាលខេត្ត​ណា​ដែល​អនុញ្ញាត​ឲ្យ​រថយន្ត​លើស​ចំណុះ ឬ​រថយន្ត​ផ្ទុក​អីវ៉ាន់​លើស​ទម្ងន់​រត់​លើ​ផ្លូវ​ក្នុង​ខេត្ត​របស់​ពួកគេ​។

វិធានការ​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​ផង​ដែរ​ដោយ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បាន​ផ្ញើ​លិខិត​មួយ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ដោះស្រាយ​ដោយសារ​វិធានការ​នេះ​បាន​ប៉ះពាល់​ដល់​រថយន្ត​ដឹក​ទំនិញ​សម្រាប់​ផ្គត់ផ្គង់​វត្ថុធាតុដើម​បម្រើ​ឲ្យ​វិស័យ​កាត់ដេរ​។

មិន​មាន​ពេលវេលា​អនុគ្រោះ​បែប​នោះ​ត្រូវ​បាន​ផ្ដល់​ទេ ប៉ុន្តែ​ស្ថានការណ៍​បាន​កែលម្អ​សម្រាប់​ក្រុមហ៊ុន​ដឹកជញ្ជូន​។ នេះ​បើ​តាម​លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​។

លោក ស៊ិន ចន្ធី បាន​ឲ្យ​ដឹងថា៖ «​ក្នុង​អំឡុង​ពេល​មួយ​ខែ​ដំបូង​នៃ​ការអនុវត្ត យើង​មាន​ការ​បារម្ភ​ថា វា​នឹង​ប៉ះពាល់​ដល់​ក្របខ័ណ្ឌ​ពេលវេលា​ចែកចាយ​ទំនិញ​របស់​យើង​»​។ លោក​បន្ត​ថា​៖ «​ប៉ុន្តែ​ពេល​នេះ​ស្ថានការណ៍​មិន​អាក្រក់ ឬ​មាន​ភាព​តានតឹង​ទេ ហើយ​មិន​ប៉ះពាល់​ខ្លាំង​ដល់​រថយន្ត​កុងតឺន័រ​ទេ​»​។

នៅក្នុង​លិខិត​ដើម​របស់​ខ្លួន GMAC បាន​ឲ្យ​ដឹង​ថា​ការ​បង្ក្រាប «​បាន​បណ្ដាល​ឲ្យ​មាន​ការ​គំរាមកំហែង​ដល់​វិស័យ​កាត់ដេរ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ ដែល​កំពុង​ប្រឈម​នឹង​ការប្រកួតប្រជែង​ខ្លាំង​លើ​​ទីផ្សារ​ពិភពលោក និង​ការបញ្ជា​ទិញ​រយៈពេល​ខ្លី​ពី​អ្នកទិញ​» និង​ថ្លែង​ថា​គោលនយោបាយ​នេះ​នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ប្រសិន​បើ​វា​មិន​ត្រូវ​បាន​ពន្យារពេល​ទេ​នោះ​។

តំណាង​មកពី GMAC មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​តាម​លោក ស៊ិន ចន្ធី បារម្ភ​ថា​ការបង្ក្រាប​នេះ​នឹង​គ្របដណ្តប់​លើ​រថយន្ត​កុងតឺន័រ​ដែល​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​៕LA