ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ដែល​ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា និង​ជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​កម្ពុជា​បាន​នាំចូល​រថយន្ត​លើក​កុងតឺន័រ​ចំនួន ៤ ​គ្រឿង ​មកពី​ក្រុមហ៊ុន Shanghai Zhenhua Heavy Industries Co., Ltd. (ZPMC) ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​សៀងហៃ​ដើម្បី​បម្រើ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន ZPMC ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ រថយន្ត​លើក​កុងតឺន័រ​ទាំង ៤ ​គ្រឿង​នេះ ​ត្រូវ​បាន​ដឹក​មក​ដល់​កំពង់ផែ​នេះ​តាំងពី​ថ្ងៃទី​ ២១ ខែកក្កដា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បន្តថា​៖ «​រថយន្ត​លើក​កុងតឺន័រ​ចំនួន ៤ ​គ្រឿង​នេះ ត្រូវ​បាន​ដឹក​មកដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ​របស់​ប្រទេស​កម្ពុជា ដោយ​ភាពជោគជ័យ​កាលពី​ថ្ងៃទី​ ២១ ខែ​កក្កដា ដោយ​ក្រុមហ៊ុន ZPMC ក្នុង​ការឈាន​ចូល​ទីផ្សារ​កម្ពុជា​ជា​លើកដំបូង​។ កំពង់ផែ​នេះ​គឺជា​កំពង់ផែ​មាន​ប្រវែង​វែង​ជាងគេ​តាម​បណ្ដោយ​ឆ្នេរ​ភាគនិរតី និង​ជា​កំពង់ផែ​ពាណិជ្ជកម្ម​តែ​ ១ ​គត់ ជាមួយ​នឹង​ការនាំ​ចូល​នាំចេញ​ដោយ​រួច​ពន្ធ​របស់​ប្រទេស​នេះ​»​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​កាលពី​ខែ​កុម្ភៈ​ថា រដ្ឋាភិបាល​កំពុង​រៀបចំ​ផែនការ​សាងសង់​ចំណត​កុងតឺន័រ​ថ្មី​មួយ​របស់​កំពង់ផែ​នេះ ដើម្បី​ឲ្យ​មាន​ជម្រៅ​ជ្រៅ​ជាង ១៤,៥ ម៉ែត្រ ​ដែល​អាច​បម្រើ​សេវាកម្ម​ប្រហែល ៩៣ ​ភាគរយ​នៃ​នាវា​ធំៗ​ទាំងអស់​ធ្វើដំណើរ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អាច​ចូលចត​ដោយផ្ទាល់ ដោយ​មិន​ចាំបាច់​ឈប់​នៅ​ប្រទេស​សិង្ហបុរី ឬ​ទីក្រុង​ហុងកុង​ឡើយ​។

លោក លូ គីមឈន់ អគ្គនាយក PAS មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​ជុំវិញ​ការនាំចូល​រថយន្ត​លើក​កុងតឺន័រ​ទាំងនេះ​។ ទាក់ទង​នឹង​កំពង់ផែ​ថ្មី​នេះ​កាលពី​មុន​លោក​បាន​ឲ្យ​ដឹងថា កំពង់ផែ​ថ្មី​នេះ​នឹង​ត្រូវ​ចំណាយ​ប្រហែល ២០៣ ​លាន​ដុល្លារ​ជាមួយ​នឹង​ជំនួយ​ហិរញ្ញវត្ថុ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​។

បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​បាន​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចំនួន​កុងតឺន័រ​ផ្ទុក​នៅ​កំពង់ផែ​នេះ​បាន​កើនឡើង ១៧ ​ភាគរយ​ ដោយ​កើន​ដល់​ចំនួន​សរុប ៦៣៣ ០៩៩ កុងតឺន័រ​ត្រឹម​ចុង​ឆ្នាំមុន​។ ចំនួន​គិត​ជា​តោន​សរុប​បាន​កើនឡើង ២២,៦ ​ភាគរយ​ដែល​កើនឡើង​ដល់​ជាង​​ ៦,៥ ​លាន​តោន ខណៈ​ដែល​ចំនួន​សរុប​នាវា​ដែល​ឆ្លងកាត់​បាន​កើនឡើង ១៥,៥ ​ភាគរយ​ដល់​ ១ ៦៦១ ​គ្រឿង​។

PAS បាន​រាយការណ៍​ប្រាក់ចំណូល​ចំនួន ៨៣,៤៨ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន កើនឡើង​ ២១,១៧ ​ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន និង​ប្រាក់ចំណេញ​ប្រតិបត្តិការ​ចំនួន ២០,៣៤ ​លាន​ដុល្លារ កើនឡើង​ ២៧ ​ភាគរយ​។ នេះ​បើ​យោង​តាម​ឯកសារ​របស់ខ្លួន​ផ្ញើ​ទៅ​ផ្សារហ៊ុន​៕ LA