ភ្នំពេញៈ របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​បង្ហាញថា នៅក្នុង​ឆ្នាំ​ ២០១៩ មាន​រោងចក្រ​ផលិតកម្ម​បង្កើត​ថ្មី​ចំនួន ២៦៩ នៅក្នុង​វិស័យ​ផ្សេងៗ​ដោយ​កើនឡើង​ ៥១​ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨​។

តួលេខ​បង្ហាញថា រោងចក្រ​បង្កើត​ថ្មី​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​កើនឡើង​ភាគច្រើន ទោះបី​ក្នុង​អំឡុង​ពេលនោះ​កម្ពុជា​​រង​ការគំរាមកំហែង​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA ពី​សហភាព​អឺរ៉ុប​ក៏ដោយ​។ ទោះ​យ៉ាងណា មកដល់​ពេលនេះ​សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០ ​ភាគរយ​ លើ​ទំនិញ​នាំ​ចេញពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ហើយ​កាលពី​ថ្ងៃទី​ ១២ ខែកុម្ភៈ​ ដែល​ការអនុវត្ត​នឹង​ចូល​ជាធរមាន​នៅ ៦ ​ខែ​បន្ទាប់​។

របាយការណ៍​បង្ហាញថា គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៩ ប្រទេស​ កម្ពុជា​ មាន​រោងចក្រ​សរុប​ចំនួន ១ ៧៣០ ក្នុង​នោះ​រោងចក្រ​កាត់ដេរ វាយនភណ្ឌ ស្បែកជើង សម្ភារ​ធ្វើ​ដំណើរ​មាន​ចំនួន ១ ០៦៩ រោងចក្រ​កែច្នៃ និង​ផលិត អាហារ ភេសជ្ជៈ និង​ថ្នាំជក់ ១៥៧ រោងចក្រ​ក្រដាស ៥៩ រោងចក្រ​កៃ​ច្នៃ​កៅស៊ូ និង​ប្លាស្ទិក ១៤៣ រោងចក្រ​កែច្នៃ​ផលិតផល​ឈើ ៥៤ និង​រោងចក្រ​ផលិតផល​លោហធាតុ​ចំនួន​ ១៩៥​។

ក្នុង​តួលេខ​នេះ​បង្ហាញថា នៅក្នុង​វិស័យ​រោងចក្រ​ផលិត​ទាំងនោះ​បាន​ផ្តល់​ការងារ​ចំនួន​ជាង ១ ​លាន​នាក់​ កើនឡើង ៧ ​ភាគរយ​ ក្នុង​ចំណោម​នោះ ផលិតកម្ម​កាត់ដេរ ស្បែកជើង និង​សម្ភារ​ធ្វើដំណើរ មាន ៩២៣ ៣១៣ នាក់ បាន​កើនឡើង ៥ ​ភាគរយ ខណៈ​វិស័យ​ផ្សេងទៀត​ស្រូប​យក ១១៧ ៨៦១ ​នាក់​ កើនឡើង​ ២០ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​កាលពី​ថ្ងៃ​ចន្ទ​លោក ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ឲ្យ​ដឹងថា កម្ពុជា​ក៏បាន​ទាក់ទាញ​រោងចក្រ​ដំឡើង រថយន្ត និង​ម៉ូតូ រោងចក្រ​គ្រឿងបន្លាស់​រថយន្ត ឧបករណ៍​អគ្គិសនី ការផ្គត់ផ្គង់​អគ្គិសនី សម្ភារ​សំណង់ និង​រោងចក្រ​កសិឧស្សាហកម្ម​ផងដែរ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ខ្ញុំ​មើលឃើញ​រោងចក្រ​ថ្មីៗ​បើក​ដំណើរការ​នៅក្នុង​ប្រទេស​យើង​ជាមួយ​នឹង​តម្លៃ​ខ្ពស់ និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា តាមរយៈ​និន្នាការ​នេះ​ប្រទេស​កម្ពុជា​នឹង​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​។ លោក​បន្តថា វា​ក៏​ជួយ​ក្នុង​ការបង្កើន​ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។ លោក​ថ្លែងថា​៖ «​ការកើនឡើង​រោងចក្រ​ថ្មី​វា​បង្ហាញ​សញ្ញា​ដ៏ល្អ​មួយ​នៃ​ការរីកចម្រើន​សេដ្ឋកិច្ច​កម្ពុជា ហើយ​វា​នឹង​អាចបង្កើត​ការងារ​កាន់តែច្រើន​សម្រាប់​ប្រជាជន​ក្នុងស្រុក​ផងដែរ​»​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែល​មាន​សមាជិក​ជាង​ ៣០០ បាន​ឲ្យ​ដឹងថា ការវិនិយោគ​លើ​វិស័យ​ស្រូវ​អង្ករ​បាន​កើនឡើង​ផងដែរ​កាលពី​ឆ្នាំមុន​ដោយសារ​សមាជិក​រោង​ម៉ាស៊ីនកិនស្រូវ​បាន​បង្កើន​សមត្ថភាព​ឡសម្ងួត និង​ឃ្លាំង​ស្ដុក​ដើម្បី​ឆ្លើយតប​ស្របតាម​តម្រូវការ​កាលពី​ឆ្នាំមុន​។ លោក​ថា​៖ «​សមាជិក​ខ្ញុំ​បាន​បង្កើន​ទីផ្សារ​ទិសដៅ​នាំចេញ​របស់​ពួកគេ វា​បង្ហាញ​ថា​អង្ករ​មាន​ទីផ្សារ​ប្រកប​ដោយ​សក្ដានុពល​»​។

លោក វង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​មួយ​កាលពី​ចុង​ខែ​មករា​ថា លោក​ទទួលស្គាល់​ការកើនឡើង​ចំនួន​រោងចក្រ​ថ្មី​នៅក្នុង​វិស័យ​មិនមែន​កាត់ដេរ និង​ទំនិញ​ធ្វើ​ដំណើរ​បានបង្ហាញ​សញ្ញា​ដ៏ល្អ​នៃ​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ការបង្កើត​ការងារ​ថ្មី​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​។

លោក​បាន​ថ្លែងថា​៖ «​មាន​ឧស្សាហកម្ម​ ២ ​ផ្សេង​ទៀត​នឹង​ស្រូបយក​ការងារ​កាន់តែ​ច្រើន​ ទី​១ ​ការកើនឡើង​ការនាំ​ចេញទៅ​អាមេរិក​នឹង​ស្រូបយក​ការងារ​កាន់តែ​ច្រើន និង​ទី​២ ​គឺ​ការបង្កើន​ការងារ​កាន់តែ​ច្រើន​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​»​។ លោក​បន្ថែមថា ការនាំ​ចេញទៅ​អាមេរិក​បាន​កើន​ជាង​ ៣០ ​ភាគរយ​ កាលពី​ឆ្នាំ​ ២០១៨ និង​ ៤៧ ​ភាគរយ​ កាលពី​ឆ្នាំ​ ២០១៩​។

ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បានបង្ហាញ​កាលពី​ឆ្នាំមុន​ថា ការនាំចេញ​សរុប​របស់​កម្ពុជា​ផ្នែក​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារ​ធ្វើដំណើរ​មាន​តម្លៃ​ជាង ៩,៣២៥ ​ពាន់​លាន​ដុល្លារ កើន ១១ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ និង​ជាង ៣,៣៨៦ ​ពាន់​លាន​ដុល្លារ ​នៃ​ផលិតផល​ដែល​រួមមាន​អង្ករ ផលិតផល​កសិកម្ម​ផ្សេងទៀត និង​កង់​ជាដើម​៕LA