ចាប់តាំងពី​ការកើនឡើង​ដល់​តម្លៃ​ខ្ពស់បំផុត​ជាង ២ ០០០ ​ដុល្លារ​ ក្នុង​ ១ ​អោនស៍ កាលពី​ខែ​សីហា ឆ្នាំ​ ២០២០ មាស​ត្រូវបាន​ជួញដូរ​នៅក្នុង​ទំនោរ​ធ្លាក់ចុះ ជាមួយ​នឹង​តម្លៃ​ប្រែប្រួល​ប្រចាំ​ថ្ងៃជា​មធ្យម ៣០ ​ដុល្លារ​។

លោក George Black ប្រធាន​ទីប្រឹក្សា​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បាន​ចែករំលែក​កត្តា​ដែល​ជះឥទ្ធិពល​ដល់​ទិសដៅ​ខាងមុខ​របស់​មាស និង​របៀប​ដែល​អ្នកជួញដូរ​អាច​ទទួល​បាន​ប្រាក់ចំណេញ​លើ​ការប្រែប្រួល​នេះ​។

ចំណុច​ដំបូង​ដែល​ត្រូវ​ពិចារណា គឺ​អតិផរណា​ដែលជា​ការចុះ​ខ្សោយ​នៃ​តម្លៃ​រូបិយប័ណ្ណ​។ យោងតាម​សេដ្ឋវិទូ​ជាន់ខ្ពស់​នៅ the Research Division of the Federal Reserve Bank បាន​បញ្ជាក់ថា អត្រា​អតិផរណា​សម្រាប់​រយៈពេល​ ១០ ​ឆ្នាំ បច្ចុប្បន្ន​នេះ គឺ​ស្ថិត​នៅក្នុង​កម្រិត​ខ្ពស់​រយៈពេល ៥ ​ឆ្នាំ​ហើយ​។

នេះ​មានន័យថា តួអង្គ​ទីផ្សារ​មាន​ការរំពឹង​ថា​នឹងមាន​អតិផរណា​ខ្ពស់​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ខាងមុខ​។ ជាក់ស្ដែង​ ៤០ ​ភាគរយ​នៃ​ប្រាក់​ដុល្លារ​អាមេរិក​ដែលមាន​ស្រាប់​ត្រូវបាន​បោះពុម្ព​ក្នុង​រយៈពេល​តែ​ ១២ ​ខែ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ ដែល​ជា​ចំនួន​ទឹកប្រាក់​ច្រើន​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៃ​ការបោះពុម្ព​លុយ ហើយ​ក៏​ជា​ផលប៉ះពាល់​ដែល​នឹង​ជ្រាប​ចូលក្នុង​វិស័យសេដ្ឋកិច្ច​ជាច្រើន​។

គួរបញ្ជាក់​ផងដែរ​ថា មាស​គឺជា​ទ្រព្យ​មានតម្លៃ​ប្រើ​សម្រាប់​ការពារ​ប្រឆាំងនឹង​ផលប៉ះពាល់​នៃ​អតិផរណា ដូច្នេះ​វា​ជា​កត្តា​មួយ​ដែល​នឹង​រួមចំណែក​ដល់​ស្ថិរភាព​មាស​ក្នុង​កម្រិត​តម្លៃ​ខ្ពស់ជាង​នេះ​។

ម្យ៉ាងវិញទៀត​មាស​មិនត្រូវ​ការចំណាយ​ការប្រាក់​ឡើយ ហើយ​ទិន្នផល​រតនាគារ​អាមេរិក​កំពុងតែ​កើនឡើង ដែល​បណ្តាល​ឱ្យ​វិនិយោគិន​មួយចំនួន​ផ្ទេរប្រាក់​ពី​ទ្រព្យសម្បត្តិ​ជា​មាស​ទៅជា​សញ្ញា​បណ្ណ​អាមេរិក​។ នៅពេល​សេដ្ឋកិច្ច​អាមេរិក​ងើបឡើង​វិញ វិស័យសេដ្ឋកិច្ច​កាន់តែ​រឹងមាំ ទន្ទឹមនឹង​ការបន្ត​ថយចុះ​នៃ​ចំនួន​ករណី​ថ្មី​នៃ​ជំងឺ​កូវីដ​ ១៩ នឹងដាក់​សម្ពាធ​ការលក់​កាន់តែខ្លាំង​។

មុំ​ល្អ​បំផុត​ដើម្បី​រកប្រាក់​ចំណេញ​នៅក្នុង​លក្ខខណ្ឌ​ទាំងនេះ គឺ​តាមរយៈ​ការជួញដូរ​មាស​នៅ​ចន្លោះ​តម្លៃ​មធ្យម​ប្រចាំថ្ងៃ​។ លោក George បានផ្ដល់​យោបល់​ឱ្យ​ទិញ​មាស​នៅ​តម្លៃ ១ ៦៩០ ដុល្លារ​ក្នុង​ ១ ​អោនស៍ ដោយ​កំណត់​មុខងារ​យក​ប្រាក់​ចំណេញ​នៅ​តម្លៃ ១ ៨៣០ ដុល្លារ និង​មុខងារ​បញ្ឈប់​ហានិភ័យ​នៅ​តម្លៃ ១ ៦៥០ ដុល្លារ​៕