ភ្នំពេញៈ ខេត្តកោះកុង​អាច​នឹងមាន​រមណីយដ្ឋាន​ធម្មជាតិ​ទេសចរណ៍​ខ្នាតតូច​ចំនួន ៧ ថ្មី​ទៀត​នៅក្នុង​ការស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ​ និង​អន្តរជាតិ ដែល​គ្រោង​នឹង​បើក​ដំណើរការ​នៅពេល​ខាងមុខនេះ​។ នេះ​បើ​យោងតាម​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​។

គម្រោង​វិនិយោគ​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច​ចំនួន ៧ ក្នុង​ខេត្តកោះកុង ត្រូវបាន​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ខេត្ត​ចុះ​ទៅ​ពិនិត្យ​នៅ​ទីតាំង​ផ្ទាល់ មុន​នឹង​ឈាន​ឆ្ពោះទៅ​ការវិនិយោគ​នៅពេល​ខាងមុខ​។

ការចុះ​ទៅ​ពិនិត្យ​ទីតាំង​របស់​គម្រោង​ទាំងនេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ ​នេះ ​ដោយមាន​ការចូលរួម​ពី​លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន និង លោក អ៊ុក ភ័ក្ត្រា អភិបាលរង​ខេត្តកោះកុង ព្រមទាំង​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង លោក ម៉ន ផល្លា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២២ ខែធ្នូ ថា ការចុះទៅ​ពិនិត្យ​ទីតាំង​ជាក់ស្តែង គឺ​ដើម្បី​វាយតម្លៃ​ថា​តើ​ទីតាំង​ទាំងអស់​នោះ​សមស្រប​នឹង​ផែនការ​វិនិយោគ​របស់​វិនិយោគិន​ឬទេ​? លោក​បន្តថា ការវិនិយោគ​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច​នឹង​ផ្តល់នូវ​ប្រាក់ចំណូល​ជាច្រើន​ដល់​ប្រជាជន​ក្នុង​តំបន់ ប៉ុន្តែ​ការគិតគូរ​ពី​ការថែរក្សា​បរិស្ថាន​ក៏​ជា​រឿង​សំខាន់​ផងដែរ​។

លោក​បាន​ប្រាប់ថា​៖ «​បន្ទាប់ពី​ពិនិត្យ​រួចរាល់ យើង​នឹង​ឈានដល់​ការដាក់​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ និង​សម្រេច ដើម្បី​ឆ្លើយតប​ទៅតាម​ការស្នើសុំ​របស់​វិនិយោគិន​»​។

គម្រោង​វិនិយោគ​ទេសចរណ៍​ធម្មជាតិ​ខ្នាតតូច​សំដៅ​ដល់​គម្រោង​វិនិយោគ​ដែល​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ និង​មាន​ផ្ទៃដី​ទំហំ​មិន​លើសពី ១០ ​ហិកតា​។ គម្រោង​ទាំងនេះ​មាន​ទីតាំង​ស្ថិតក្នុង​ស្រុក​បទុមសាគរ និង​ស្រុក​មណ្ឌលសីមា​។ នេះ​បើតាម​លោក ផល្លា​។

លោក សុខ សុទ្ធី អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង​និយាយ​ថា សក្តានុពល​ទីតាំង​ភូមិសាស្ត្រ​នៅជាប់​មាត់សមុទ្រ និង​មាន​ធនធានធម្មជាតិ​ចម្រុះ​សម្បូរ​បែប​បានធ្វើ​ឱ្យ​ខេត្តកោះកុង​ទាក់ទាញ​បាន​គម្រោង​វិនិយោគ​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់ ទោះបី​ក្នុង​អំឡុងពេល​ពិភពលោក​កំពុង​ស្ថិតក្នុង​ដំណាក់កាល​ដ៏លំបាក​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក៏ដោយ​។

លោក​បាន​ថ្លែង​ឱ្យ​ដឹងថា​៖ «​ដោយសារ​ខេត្តកោះកុង គឺជា​ប្រជុំ​នៃ​អេកូទេសចរណ៍ ហេតុនេះ​កំណើន​នៃ​ការស្នើសុំ​វិនិយោគ​បែបនេះ​បាន​កើនឡើង​បន្តបន្ទាប់​»​។

បើតាម​លោក សុទ្ធី គម្រោង​ទាំង​ ៧ នេះ គឺ​សុទ្ធតែ​ជា​ការវិនិយោគ​ក្នុងស្រុក​ទាំងអស់​។

អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​លោក តុប សុភ័ក បាន​ប្រាប់ថា លោក​មិនមាន​ព័ត៌មាន​លម្អិត​ពី​គម្រោង​នេះ​ទេ ដោយ​វា​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការពិនិត្យ​ទីតាំង​វិនិយោគ​របស់​មន្ត្រី​ជំនាញ​បរិស្ថាន​ (​អាច​ស្ថិតក្នុង​តំបន់​ការពារ​ធម្មជាតិ​) ​។ លោក​បាន​បន្តថា ក្រសួង​ទេសចរណ៍​ស្វាគមន៍​រាល់​គម្រោង​វិនិយោគ​ស្របច្បាប់​ទាំងអស់ ព្រោះ​ការបង្កើត​គម្រោង​ថ្មីៗ​វា​នឹង​ជួយ​បង្កើន​នូវ​ភាពទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ក្នុង និង​ក្រៅប្រទេស​។

លោក​និយាយថា​៖ «​ក្រសួង​ទេសចរណ៍​តែងតែ​គាំទ្រ​រាល់​គម្រោង​វិនិយោគ​វិស័យ​ទេសចរណ៍​នានា​ដែល​ច្បាប់​អនុញ្ញាត ព្រោះ​គ្រប់​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ គឺ​វា​សុទ្ធតែ​បង្កើន​នូវ​ឱកាស​ការងារ និង​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ​»៕

វីដេអូ៖