ភ្នំពេញ៖ យ៉ាង​ហោច​ណាស់​រមណីយដ្ឋាន​ទេសចរណ៍​ប្រមាណ ២០០ កន្លែង ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដំណើរការ​អាជីវកម្ម​ឡើង​វិញ បន្ទាប់​ពី​បញ្ចប់​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ និង​ការ​បញ្ចប់​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស។

កាល​ពី​ថ្ងៃទី ២៥ ខែ​មេសា រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ចប់​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ និង​ការ​បញ្ចប់​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស​ លើកលែង​តែ​រមណីយដ្ឋាន​នៅ​ក្នុង​ខេត្ត-ក្រុង ដែល​ត្រូវ​បាន​បិទ​ខ្ទប់។

លោក តុប សុភ័ក្រ មន្រ្តី​នាំពាក្យ​ក្រសួង​ទេសចរណ៍​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា នៅ​កម្ពុជា​មាន​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ដែល​មាន​សក្តានុពល​សរុប​ចំនួន ៥៥៧ កន្លែង រួម​បញ្ជូល​ទាំង​រមណីយដ្ឋាន​ទើប​នឹង​បង្កើត​ថ្មី​នៅ​ក្នុង​ដំណាក់កាល​ជំងឺ​កូវីដ ១៩។

លោក​ សុភ័ក្រ រំពឹង​ថា រមណីយដ្ឋាន (សហគមន៍​ទេសចរណ៍ គោល​ដៅ​ទេសចរណ៍) យ៉ាង​តិច​ចំនួន ២២៥ នឹង​បើក​ដំណើរការ​ឡើង​វិញ បន្ទាប់​ពី​រដ្ឋាភិបាល​បញ្ចប់​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ និង​ការ​បញ្ចប់​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស។

លោក​ថ្លែង​ថា៖ «ការ​បើក​រមណីយដ្ឋាន​ទេសចរណ៍​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​នេះ គឺ​យើង​បើក​តែ​នៅ​តំបន់​ដែល​អត់​មាន​វិធានការ​បិទ​ខ្ទប់​ប៉ុណ្ណោះ​ ដូច្នេះ​តំបន់​បិទ​ខ្ទប់​ដូចជា​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ និង​ក្រុង​ព្រះសីហនុ និង​ខេត្ត​មួយ​ចំនួន​ទៀត​នឹង​មិន​អនុញ្ញាត​ឲ្យ​បើក​ជា​ដាច់​ខាត»។

លោក​ជឿ​ថា ការ​បើក​ដំណើរការ​រមណីយដ្ឋាន​ទេសចរណ៍​ឡើង​វិញ​នេះ នឹង​ជួយ​ឲ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​មូលដ្ឋាន។

លោក​មាន​ប្រសាសន៍​ថា៖ «ជា​រួម​យើង​អាច​និយាយ​បាន​រមណីយដ្ឋាន កន្លែង​កម្សាន្ត ដែល​ជា​គោលដៅ​ទេសចរណ៍​សក្តានុពល ពិត​ជា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង និង​ភ្ញៀវ​ទេសចរ​យើង​ទៅ​លំហែ​កម្សាន្ត​ក្នុង​ដំណាក់កាល​ជំងឺ​កូវីដ ១៩ នេះ យើង​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​គោរព​តាម​គោលការណ៍​ក្រសួង​សុខាភិបាល​ជា​ប្រចាំ»។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) បាន​ស្វាគមន៍​ចំពោះ​រាជរដ្ឋាភិបាល​បើក​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​មួយ​ទៅ​ខេត្ត​មួយ (លើកលែង​តែ​ខេត្ត​បិទ​ខ្ទប់) និង​បើក​រមណីយដ្ឋាន​ទេសចរណ៍​ឡើង​វិញ​នៅ​ពេល​នេះ។

អ្នកស្រី ស៊ីវលីន ឲ្យ​ដឹង​ថា ការ​បើក​ឲ្យ​ដំណើរការ​រមណីយដ្ឋាន​ឡើង​វិញ នឹង​ជួយ​ដល់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ងើប​ឡើង​វិញ​ជា​បណ្តើរៗ​នៅ​តាម​មូលដ្ឋាន។

អ្នកស្រី​និយាយ​ថា៖ «ការ​បើក​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំង​ប្រទេស​ឡើង​វិញ​នឹង​ជំរុញ​ឲ្យ​មនុស្ស​ដើរ​កម្សាន្ត​ច្រើន​ បន្ទាប់​ពី​បិទ​ខ្ទប់​មួយ​រយៈពេល​ខ្លី។ ការ​ចេញ​ដើរ​របស់​ប្រជាពលរដ្ឋ​អាច​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ទទួល​បាន​ចំណូល​ក្នុង​ការ​ស្តារ​អាជីវកម្ម​ឡើង​វិញ​ផង​ដែរ»។

របាយការណ៍​ស្ថិតិ​ទេសចរណ៍​ឆ្នាំ ២០២០ បង្ហាញ​ថា វិបត្តិ​ជំងឺ​កូវីដ ១៩ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ដោយ​ប្រាក់​ចំណូល​ពី​ទេសចរណ៍​អន្តរជាតិ​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​ឆ្នាំ ២០២០ មាន​ត្រឹម ១,០២៣ ពាន់​លាន​ដុល្លារ​ ធ្លាក់​ចុះ ៧៩,២ ភាគរយ​ បើធៀប​នឹង​ឆ្នាំ ២០១៩ ដែល​មាន​ចំនួន ៤,៩១៩ ពាន់​លាន​ដុល្លារ។

របាយការណ៍​នេះ ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ប្រទេស​កម្ពុជា មាន​ចំនួន ១,៣១ លាន​នាក់ ថយចុះ ៨០,២ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៩ ដែល​មាន​ចំនួន ៦,៦១ លាននាក់៕