ភ្នំពេញៈ រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ចាត់ទុក​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ស្តីពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​ (MFI) ​នៅ​កម្ពុជា​គឺជា​រឿង​មួយ​ដែល​មិនអាច​ទទួល​យក​បាន ព្រោះ​ធ្វើ​ឡើង​ដោយ​មិន​ឈរលើ​មូលដ្ឋាន​នៃ​ការស្រាវជ្រាវ​ច្បាស់លាស់ និង​មាន​លក្ខណៈ​ជា​ការ​យកចំណេញ​ផ្នែក​នយោបាយ​។ នេះ​បើ​តាម​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​។

ការលើក​ឡើង​នេះ​ជា​ការ​ឆ្លើយតប​ទៅនឹង​របាយការណ៍​នាពេល​ថ្មីៗ​នេះ​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ និង​សមាគម​ធាងត្នោត​ស្តីពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​ធ្វើ​ឲ្យ​ខូចខាត​ដល់​ទ្រព្យ​បញ្ចាំ​នៅ​ជនបទ​»​។

រាជបណ្ឌិត្យ​សភា​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​រៀបចំ​កិច្ចពិភាក្សា​តុមូល​ស្ដីពី «​ដំណើរ​ប្រព្រឹត្ត​ទៅ​និង​ភាព​ជា​ដៃគូ​នៃ​សេវាកម្ម​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ដើម្បី​បង្ហាញ​ពី​ការស្រាវជ្រាវ​របស់​ខ្លួន​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​និយាយថា​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ និង​ធ្វើ​សម្ភាស​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​ទៅ​លើ​មនុស្ស​ជាង ៣ ០០០ ​នាក់​ ក្នុង​បណ្តា​ខេត្ត​ជាច្រើន​មិន​បាន​រកឃើញ​មាន​បញ្ហា​ដូច​របាយការណ៍​របស់​អង្គការ​ទាំង​ ២ ដែល​បាន​លើកឡើង​ថា កម្រិត​បំណុល​ដែល​ផ្ដល់​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​បង្ខំ​ឲ្យ​គ្រួសារ​នៅ​តាម​ជនបទ​លក់​ដី​របស់​ពួកគេ​ទេ​។

លោក​ថា​៖ «​បើ​យក​មនុស្ស​ចំនួន ២៨ ​នាក់​ដែល​មាន​បញ្ហា​ក្នុង​ចំណោម​មនុស្ស​ ២,៥ ​លាន​នាក់ តើ​ហ្នឹង​ជា​អ្វី​? អាហ្នឹង​គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ សូម​ឲ្យ​ធ្វើការ​សិក្សា​ត្រូវ​ផ្អែកលើ​វិទ្យាសាស្ត្រ ហើយ​កុំ​យក​ចំណុច​ទាំងអស់​ហ្នឹង​ទៅ​វាយ​គេ​។ កំហុស​តែ ១ យើង​មិន​អាច​យក​មក​វាយតម្លៃ​ជា​ប្រព័ន្ធ​បានទេ​»​។

តាម​លោក សុខ ទូច រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ធ្វើការ​ស្រាវជ្រាវ​ផ្អែកលើ​លក្ខណៈ​វិទ្យាសាស្ត្រ ដូចជា ទ្រឹស្តី ការសិក្សា​ស្រាវជ្រាវ ការអនុវត្ត លទ្ធផល និង​ក្រមសីលធម៌​។

កាលពី​ដើម​ខែ​សីហា​នេះ​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក លីកាដូ និង​សមាគម​ធាងត្នោត​បាន​បង្ហាញថា ការផ្តល់​កម្ចី​របស់​មីក្រូហិរញ្ញ​វត្ថុ​កំពុង​ធ្វើ​ខូចខាត​ទ្រព្យ​បញ្ចាំ​នៅ​ជនបទ​នឹង​ធ្វើឲ្យ​ប្រជាជន​មាន​បំណុល​វ័ណ្ឌក​។ របាយការណ៍​នេះ​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​ការសិក្សា​ក្នុង​ឃុំ​ចំនួន​ ១០ នៅ​ខេត្ត​ក្រុង​ចំនួន​ ៥ ដែល​រួមមាន​ទីក្រុង​ភ្នំពេញ​ដោយ​បាន​សម្ភាស​អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ២៨ ​នាក់​។

របាយការណ៍​ឲ្យ​ដឹងថា​ទម្រង់​នៃ​ការផ្ដល់​កម្ចី​ដ៏ធ្ងន់ធ្ងរ​នេះ​បាន​បង្កើន​ប្រាក់​ចំណូល​យ៉ាងច្រើន​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ដៃគូ​ផ្ដល់​កម្ចី​បរទេស​របស់​ពួកគេ ប៉ុន្តែ​វា​មាន​ផលប៉ះពាល់​អវិជ្ជមាន​លើ​សន្ដិសុខ​នៃ​ការកាន់កាប់​ដីធ្លី​របស់​ពលរដ្ឋ ពិសេស​សហគមន៍​ដែល​ងាយ​ទទួល​រងគ្រោះ​។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា​ក្នុង​ចំណោម​កូនបំណុល ២៨ ​គ្រួសារ​ដែល​ត្រូវ​បាន​ធ្វើ​សម្ភាស​មាន​ ២២ គ្រួសារ​ត្រូវបាន​បង្ខំ​ឲ្យ​លក់​ដី ឬ​ទៅ​ចងការ​ប្រាក់​បន្ត​ដើម្បី​យក​មក​សងបំណុល និង​បណ្ដាល​ឲ្យ​មានការ​រំលោភសិទ្ធិ​មនុស្ស ដូចជា​បង្ខំ​ឲ្យ​ពលរដ្ឋ​លក់​ដី​របស់​ពួកគេ បណ្ដាល​ឲ្យ​មាន​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ និង​ការធ្វើ​ចំណាកស្រុក​ជាដើម​។

លោក សុខ ទូច បាន​លើក​ឡើង​ថា ខណៈ​មាន​ការបញ្ចេញ​របាយការណ៍​ដែល​មិន​ឆ្លុះបញ្ចាំង​ការពិត​នេះ​ក៏​មាន​អ្នកនយោបាយ​មួយ​ចំនួន​បាន​ឆ្លៀត​ឱកាស​យក​ការស្រាវជ្រាវ​ដែល​មិនមាន​មូលដ្ឋាន​ច្បាស់លាស់​នេះ​មក​វាយប្រហារ​លើ​រដ្ឋាភិបាល​។ លោក​ថ្លែង​ថា​៖ «​សូម​អ្នក​នយោបាយ​កុំ​ប្រើប្រាស់​អ្វី​ដែល​គ្មាន​ការសិក្សា​ស្រាវជ្រាវ​មក​ធ្វើ​ជា​របកគំហើញ ដើម្បី​វាយប្រហារ ឬ​យកចំណេញ​ផ្នែក​នយោបាយ សូម​អាណិត​សង្គម និង​ប្រជាជន​ផង​»​។

លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​ឲ្យ​ដឹង​ថា​សមាគម​បាន​ចេញ​លិខិត​ផ្លូវការ​មួយ​ស្នើ​ឲ្យ​អង្គការ​/​អ្នកស្រាវជ្រាវ​ខាង​លើ​បញ្ចូល​ព័ត៌មាន​លម្អិត​មក CMA ប៉ុន្តែ​មិន​ទទួល​បាន​នោះទេ​។ លោក​បន្ត​ថា CMA ពិតជា​ចង់​បាន​ព័ត៌មាន​ពិត និង​តម្លាភាព​។

លោក​ថ្លែង​ថា​៖ «​យើង​មិន​ត្រូវការ​ឲ្យ​គាត់​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ តែ​ក្នុង​នាម​ជា​ដៃគូ​បើសិន​ជា​គាត់​យល់​ថា ការសិក្សា​ស្រាវជ្រាវ​នេះ​ដើម្បី​ផ្តល់​ជា​ធាតុ​ចូល​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​គ្រប់​វិស័យ​ឲ្យ​បាន​ប្រសើរ បន្ត​ចំណេះដឹង​ឲ្យ​ប្រជាជន​កាន់តែ​ប្រសើរ គាត់​គួរតែ​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​សមាគម​ដើម្បី​ស្វែងយល់​ទាំងអស់​គ្នា ហើយ​យើង​នឹង​ធ្វើការ​សិក្សា​ទាំងអស់​គ្នា​ដូច​អ្វី​ដែល​រាជបណ្ឌិត្យ​សភា​បាន​ធ្វើ​»​។

បើ​តាម​លោក បូរាណ គិត​ត្រឹម​ដំណាច់​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ ចំនួន​អតិថិជន​ដែល​ប្រើប្រាស់​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ជិត ២,១ ​លាន​នាក់​ក្នុង​នោះ​អតិថិជន​ជិត ១ ​លាន​នាក់​បាន​ខ្ចីប្រាក់​តិចជាង ៤ ​លាន​រៀល ចំណែក​អតិថិជន​សន្សំ​ប្រាក់ មាន ២,៥ ​លាន​នាក់​ដែល​ស្មើនឹង ៣,៤ ​ពាន់​លាន​ដុល្លារ​។ ផលបត្រ​ឥណទាន (Portfolio) មាន​ជាង ៦,៤ ​ពាន់​លាន​ដុល្លារ​៕ LA