
ទេសចរបរទេសដែលមកទស្សនាប្រាសាទអង្គរវត្តកាលពីចុងឆ្នាំ២០១៧។ ហេង ជីវ័ន
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចកម្ពុជា នៅថ្ងៃពុធទី ២៨ មីនា បានអះអាងថា មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា នៅតែរក្សាបាននូវភាពរឹងមាំល្អនៅឆ្នាំនេះ និងឆ្នាំបន្ទាប់ដែលធ្វើឲ្យប្រទេសនេះរក្សាបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់បន្តទៀត ក្នុងរយៈពេលមធ្យមខាងមុខ។
ថ្លែងក្នុងពិធីបើកវេទិការសេដ្ឋកិច្ចកម្ពុជាដោយផ្តោតលើ «សមិទ្ធកម្ម និងទស្សនៈវិស័យ» លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លើកឡើងថា មូលដ្ឋានគ្រឹះដែលមានស្រាប់សម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា នៅបន្តរឹងមាំដដែល ស្របពេលជាមួយគ្នាកម្ពុជារក្សាកំណើនខ្លាំងខាងផ្នែក ទេសចរ និងវិស័យសំណង់។
មូលដ្ឋាននេះបានធ្វើឲ្យកម្ពុជារក្សាបានអត្រាកំណើនសេដ្ឋកិច្ច ៧ ភាគរយនៃឆ្នាំ ២០១៧ និងអត្រា ៧ ភាគរយដូចគ្នាទៀតសម្រាប់ឆ្នាំ ២០១៨ នេះ មុននឹងបន្តកើនឡើងដល់ ៧,៤ ភាគរយនៅឆ្នាំ ២០១៩ ខាងមុខ។
យោងតាមលោក វិស្សុត ការព្យាករពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា គឺមានកត្តារួមផ្សំសំខាន់ៗដូចជា ការងើបឡើងវិញប្រកបដោយភាពរឹងមាំនៃសេដ្ឋកិច្ចសកល ភាពប្រសើរឡើងនៃប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីការធ្វើកំណែទម្រង់ជាច្រើន និង ស្ថានភាពនយោបាយប្រកបដោយស្ថិរភាព។
ខណៈដែលឆ្នាំ ២០១៨ ជាឆ្នាំបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តដែលជាទូទៅធ្វើឲ្យវិនិយោគមានឥរិយាបទប្រុងប្រយ័ត្នក្នុងការពង្រីកផលិតកម្ម និងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចមានការថមថយ លោក វិស្សុត បានអះអាងស្ថានភាពសេដ្ឋកិច្ជជារួមនៅតែមានភាពល្អប្រសើរ។
លោកបន្តថា៖ «ប៉ុន្មានខែចុងក្រោយនេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ការនាំចេញកាន់តែខ្លាំង ការនាំចូលនៅបន្តកើន សកម្មភាពលក់ដុំ លក់រាយនៅតែខ្លាំង ហើយវិស័យទេសចរកាន់តែខ្លាំង។ ការផ្តល់ឥណទានដល់វិស័យឯកជនក៏នៅបន្តកំណើន ស្របពេលវិស័យដីធ្លីក៏អត់ធ្លាក់ចុះដែរ»។
លោកបញ្ជាក់ថា៖«ទាំងនេះគឺសូចនករនាំមុខនានា ដែលឆ្លុះបញ្ចាំងថាវិស័យសេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំដដែល»។