ភ្នំពេញ៖ ដោយ​ការ​រីករាល​ជំងឺ​កូវីដ ១៩ នៅ​តែ​បន្ត​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សង្គម​​និង​សេដ្ឋកិច្ច​ ក្នុង​ស្មារតី​បុរេសកម្ម និង ទទួល​ខុស​ត្រូវ​ខ្ពស់​ រដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​ជុំទី​៨ បន្ត​ទៀត​ក្នុង​គោល​បំណង​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ១៩ និង បន្ត​ជួយ​រក្សា​លំនឹង​អាជីវកម្ម​ ធុរកិច្ច​ក្នុង វិស័យដែល​ទទួល​រងផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ។​

សេចក្តីប្រកាស​ព័ត៌មាន​របស់រដ្ឋាភិបាល​បានផ្សាយ​កាល​ពីថ្ងៃទី ២៥ មីនា​ បាន​ឲ្យ​ដឹង​ថា​ វិធានការ​ជុំទី៨ នេះ​ដើម្បី​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​មក​លើ​ស្ថាន​ភាព​សង្គម​ និងសេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ការ​ឆ្លង​ក្នុង​ព្រឹតិ្តការណ៍​សហគមន៍ ២០ កុម្ភៈ​ លើ​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ ស្បែកជើង​ ផលិតផល​ធ្វើ​ដំណើរ ការបូប​និង វិស័យ​ទេសចរណ៍។

បន្ទាប់ពី​រោងចក្រ សហគ្រាស និង​អាជីវកម្ម​ក្នុង​វិស័យ​ខាង​លើនេះ​ដែល​ទទួល​បាន​លិខិត​អនុញ្ញាត​ឲ្យ​ព្យួរ​កិច្ច​សន្យា​ការងារ ឬ លិខិត​អនុញ្ញាត​ឲ្យ​ពន្យាការ​ព្យួរ​កិច្ច​សន្យា​ការងារ​ពី​ក្រសួង​ការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក្រោយ​ពី​បាន​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ និង​លក្ខខណ្ឌ​នៃ​ការ​ព្យួរ​កិច្ច​សន្យា​ការងារ​រដ្ឋាភិបាល​នឹង​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ ៤០ ដុល្លារ​ ក្នុង​ ១ ខែ​សម្រាប់​កម្មករ​និយោជិកមួយ នាក់​ដល់​ស័យ​វាយនភណ្ឌ​កាត់ដេរ​ ស្បែកជើង​ ផលិតផល​ធ្វើ​ដំណើរ ការបូប​​សម្រាប់​រយៈពេល​ ៣ ខែ​បន្ត​ទៀត​ ចាប់​ពីខែ​មេសា​ ដល់​ ខែ​មិថុនា។ ម្ចាស់​រោងចក្រ​ សហគ្រាស​ក្នុង​វិស័យនេះ​ត្រូវ​បន្ថែម ៣០ ដុល្លារ ដែល កម្មករ​និយោជិក​នឹង​ទទួល​បាន​សរុប​ ៧០​ ដុល្លារ ក្នុង​ ១ ខែ។

អ្នក​ក្នុង​វិស័យ​ទេសចរណ៍​ រួមមាន​ សណ្ឋាគារ​ ផ្ទះ​សំណាក់​ ភោជនីយដ្ឋាន​ និង​ភ្នាក់ងារ​ទេសចរណ៍​ក៏​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​ ៤០​ដុល្លារ​ផងដែរ​​សម្រាប់​រយៈពេល​ ៣ ខែ​បន្ត​ទៀត​ចាប់​ពីខែ​មេសា ដល់​ ខែ​មិថុនា។

រដ្ឋាភិបាល​បន្ត​លើ​លែង​ការបង់ពន្ធ​ប្រចាំ​ខែ​គ្រប់​ប្រភេទ​​ចំពោះ​សណ្ឋាគារ​ ផ្ទះ​សំណាក់​ ភោជនីយដ្ឋាន​ និង​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​ដែល​បានចុះ​បញ្ជី​ជាមួយ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​​ និង​មាន​សកម្ម​ភាព​អាជីវកម្ម​នៅទីក្រុង​ភ្នំពេញ​ ខេត្តសៀមរាប​ ព្រះសីហនុ​ កែប​ កំពត​ ក្រុងបាវិត​ខេត្ត​ស្វាយ​រៀង​ និងក្រុង​ប៉ោយប៉ែត​​ខេត្ត​បន្ទាយ​មានជ័យ​សម្រាប់​រយៈ​ពេល​ ៣​ ខែ​ទៀត​(មេសា​ ដល់​ មិថុនា)។​

ប៉ុន្តែ​អាជីវកម្ម​ទាំងនេះ​ នៅតែ​មាន​កាត្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធអាករ​ និង​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​សម្រាប់​គ្រប់​គ្រង់​អាករ​លើ​តម្លៃ​បន្ថែម (E-VAT) ជារៀងរាល់​ខែ​ក្នុង​អំឡុង​ពេល​នៃ​ការ​លើក​លែង​នេះ។​

ជាមួយគ្នា​​ រដ្ឋាភិបាល​បន្ត​លើក​លែង​ការ​បង់​ភាគ​ទាន​របបសន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ និង​ផ្នែក​ថែទាំ​សុខភាព​នៃ​បេឡាជាតិ​សន្តិសុខសង្គម​ ក្នុងអំឡុង​ពេល​ព្យួរ​អាជីវកម្ម​​ ឬ​ផ្អាក​ដំណើរ​ការ​អាជីវកម្ម។

រដ្ឋាភិបាលក៏បន្ត​ជួយ​ដល់​វិស័យ​អាកាសចរណ៍​ដោយ​បន្ត​លើក​លែង​ការបង់​ពន្ធ​អប្បបរមា​​សម្រាប់​រយៈពេល ៣ ខែ​បន្ថែម​ទៀត​ (មេសា ដល់ មិថុនា) ដូច​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បានចុះ​បញ្ជី​នៅ​កម្ពុជា​​ ព្រម​ទាំង​បន្ត​ពន្យា​ការ​បង់ប្រាក់​ជំពាក់​កម្រៃ​អាកាសចរ​ស៊ីវិល​សម្រាប់​រយៈ​ពេល​ ៣​​ ខែ​ (មេសា ដល់ មិថុនា) ជាមួយ​នឹង​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​នោះ​រៀប​ចំ​បង់ ប្រាក់​ជំពាក់​នោះ​ជា​ដំណាក់កាល​ក្រោយពី​រយៈពេល​ពន្យានេះ។

ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​អនុវត្ត​នូវ​សេចក្តី​ណែនាំ​នេះ​ទៅតាម​សមត្ថកិច្ច​របស់ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត។

រាជរដ្ឋាភិបាល​បន្ត​តាម​ដាន​ជាប់​ជា​ប្រចាំ​នូវ​ស្ថានភាព​ជំងឺកូវីដ​១៩​លើ​ស្ថាន​ភាព​សង្គម​ សេដ្ឋកិច្ច​​ និង​ហិរញ្ញវត្ថុ​ក្នុងក្រប​ខណ្ឌ​សកល​តំបន់​និង ប្រទេស​ដើម្បី​ពិនិត្យ​​វាយតម្លៃ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩ ​មក​លើ​វិស័យ​សំខាន់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ទិស​ដៅ​ធ្វើ​បច្ចុប្បន្ន​ភាព​និង​ត្រៀម​ដាក់​ចេញ​វិធានការ​ថ្មីៗ​បន្ថែម​ចាំបាច់​នានា​ សំដៅ​ស្តារ​ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ក្រោម​ក្របខណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្នុងអំឡុង​ និង​ក្រោយ​ពី​វិបត្តិជំងឺ​កូវីដ​១៩៕