ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃសុក្រនេះ បានប្រកាសបញ្ចប់សិទ្ធិធ្វើអាជីវកម្មផ្លូវដែក របស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា របស់លោក គិត ម៉េង ដោយបញ្ជាក់ថា ក្រុមហ៊ុននេះមិនបានពង្រីកសក្តានុពលរបស់ខ្លួនបានគ្រប់គ្រាន់ ដែលជាហេតុធ្វើឲ្យការដឹកជញ្ជូនទំនិញតាមផ្លូវដែកកម្ពុជាមិនមានដំណើរការល្អ។
រដ្ឋាភិបាលបានសម្រេចប្រគល់សិទ្ធិប្រតិបត្តិការបណ្តុះអាសន្នទៅឲ្យក្រសួង សាធារណៈការ និងដឹកជញ្ជូនវិញ មុននឹងជ្រើសរើសបានក្រុមហ៊ុនថ្មីនាពេលខាងមុខ តាមរយៈការដាក់ឲ្យដេញថ្លៃដោយបើកចំហរ។
ថ្លែងក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី ១៨ នាថ្ងៃសុក្រនេះ លោក ហ៊ុន សែនបានលើកឡើងថា ក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ វិស័យដឹកជញ្ជូនតាមផ្លូវដែក ហាក់មិនបានទទួលជោគជ័យប៉ុន្មានទេ បើទោះបីជាក្រសួងសាធារណៈការ និងដឹកជញ្ជូនខិតខំលើកចិត្តផ្សព្វផ្សាយពីវិស័យនេះយ៉ាងណាក៏ដោយ។
លោកបន្តថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា ដែលបានសិទ្ធិប្រតិបត្តការផ្លូវដែកកម្ពុជា ជាទូទៅមិនបានពង្រីកសក្តានុពលរបស់ខ្លួន និងមិនបានដាក់ទុនលើក្បាលរថភ្លើង ទូរថភ្លើង គ្រឿងបរិក្ខានានា ដើម្បីបំពេញតម្រូវការរបស់អតិថិជនគ្រប់គ្រាន់ឡើយ។
លោកថ្លែងថា៖ «ជារឿយៗ មានរថភ្លើងខូច គាំងមិនដំណើរការ ដោយមិនមានថវិការគ្រប់គ្រាន់ក្នុងការជួសជុលថែទាំ និងការវិនិយោគបន្ថែមដែលជាហេតុធ្វើឲ្យខកខានក្នុងការដឹកទំនិញឲ្យបានទាន់ពេល និងធ្វើឲ្យមានការផ្តល់សេវាមិនទៀងទាត់»។
លោកបន្តថា៖ «ហេតុនេះ ដើម្បីទទួលបានជោគជ័យក្នុងការគ្រប់គ្រងប្រព័ន្ធផ្លូវដែករបស់យើង រាជរដ្ឋាភិបាលសម្រេចបញ្ឈប់ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េវេយស៍ ខេមបូឌា ក្នុងប្រតិបត្តិការផ្លូវដែក។ រាជរដ្ឋាភិបាលសម្រេចប្រគល់ ការគ្រប់គ្រងប្រតិបត្តិការផ្លូវដែកទៅឲ្យក្រសួងសាធារណៈការជាបណ្តុះអាសន្នដើម្បីរៀបចំនីតិវិធីគ្រប់គ្រងដំណើរការឡើងវិញ មុននឹងឈានដល់ការដាក់ឲ្យមានការដាក់ឲ្យដេញថ្លៃជាសាធារណៈជ្រើសរើសក្រុមហ៊ុនដែលមានសមត្ថភាព និងបទពិសោធច្បាស់លាស់ មកសហការជាមួយរាជរដ្ឋាភិបាលសំដៅធ្វើឲ្យប្រព័ន្ធផ្លូវដែកកម្ពុជាមានលក្ខណៈស្តង់ដារអន្តរជាតិ»។
រដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ ២០០៩ បានចុះកិច្ចព្រមព្រៀងសម្បទានអភិវឌ្ឍន៍ផ្លូវដែករយៈពេល ៣០ ឆ្នាំទៅឲ្យក្រុមហ៊ុន Toll Cambodia (ឈ្មោះនាពេលនោះ) ដែលជាក្រុមហ៊ុនសហការវិនិយោគរវាងក្រុមហ៊ុន Toll Holding របស់ប្រទេស អូស្រ្តាលី (កាន់កាប់ភាគហ៊ុន ៥៥ ភាគរយ) និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោក ឧកញា គិត ម៉េង។
នៅឆ្នាំ ២០១៤ Toll Holding បានសម្រេចដកខ្លួន ហើយបានបង្វែរភាគហ៊ុនទាំងអស់ទៅឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហើយក្រុមហ៊ុនផ្លូវដែកនេះក៏បានប្តូរឈ្មោះទៅជាក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា។