ភ្នំពេញៈ Canopy Sands Development ជា​សមាជិក​នៃ Prince Holding Group ដែលជា​ក្រុមហ៊ុន​ ១ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ពហុផលិតផល​ឈានមុខ​គេ​នៅ​កម្ពុជា​បាន​អនុម័ត​ផែនការមេ​របស់ខ្លួន​ ដើម្បី​អភិវឌ្ឍ​ទីក្រុង​ថ្មី​មួយ​នៅ​តំបន់ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ហៅថា «​ទីក្រុង​រាម​» ក្នុងតម្លៃ ១៦ ​ពាន់​លាន​ដុល្លារ​ជាមួយ​នឹង​ក្តី​រំពឹង​ប្រែក្លាយ​ទីនោះ​ឱ្យទៅជា​ទីក្រុង​ឈានមុខ​គេ​ទី​៣ នៅ​ប្រទេស​កម្ពុជា និង​ជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​កម្ពុជា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ក្រុមហ៊ុន​ឱ្យដឹងថា ទីក្រុង​រាម​នឹង​ត្រូវ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Surbana Jurong Group ដែលជា​ក្រុមហ៊ុន​ប្រឹក្សាយោបល់​សេវាកម្ម​ទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រឹក្សា​ការគ្រប់គ្រង​សេវាកម្ម មាន​ការិយាល័យ​កណ្ដាល​នៅក្នុង​ប្រទេស​សិង្ហបុរី ខណៈ​ផែនការ​មេនេះ​បញ្ជាក់​ពី​ផែនការ​ប្រើប្រាស់​ដី​សម្រាប់​គម្រោង​ទំហំ ៨៣៤ ​ហិកតា​ដែល​តម្រូវឱ្យ​មាន​ការវិនិយោគ​សរុប​តាម​ការប៉ាន់ស្មាន ១៦ ​ពាន់​លាន​ដុល្លារ​។

ក្រុមហ៊ុន​ឱ្យដឹងថា​៖ «​ទីក្រុង​រាម​នឹង​ដើរតួនាទី​ជា​កាតាលីករ​សម្រាប់​ចក្ខុវិស័យ​កំណើន​នៅក្នុង​តំបន់​ (​ក្រុង​ព្រះសីហនុ​) ដែលជា​ទីក្រុង​ឈានមុខ​គេ​ទី​ ៣ របស់​កម្ពុជា និង​ជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​ប្រទេស​នេះ​ផងដែរ​»​។

លោក Yeo Choon Chong អគ្គនាយក​ (​អាស៊ាន​) Surbana Jurong បានឱ្យដឹងថា កម្ពុជា​បន្ត​ទាក់ទាញ​លំហូរ​ចូល​ជាប្រចាំ​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​។ ជាមួយនឹង​ដៃគូ​របស់​ក្រុមហ៊ុន លោក​មើលឃើញ​សក្ដានុពល​ដ៏ធំ​ក្នុង​ការជំរុញ​កំណើន​នៅក្នុង​ទីផ្សារ​ដ៏សំខាន់​នេះ​តាមរយៈ​ការចូលរួម​របស់ខ្លួន​នៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​។

លោក​ថ្លែងថា​៖ «​សំណើ​នេះ​គឺ​ផ្ដល់​អាទិភាព​ដល់​ការធ្វើ​សមាហរណកម្ម​ធម្មជាតិ ដើម្បី​លើកកម្ពស់​ការថែរក្សា​បរិស្ថាន​។ ផ្នែក​មួយ​ដ៏សំខាន់​របស់​ផែនការ​នេះ​រួមបញ្ចូល​ទាំង​ឆ្នេរ​ខ្សាច់​ដ៏ធំ​លាតសន្ធឹង​ជាង ៦ ​គីឡូម៉ែត្រ​។ ផែនការ​នេះ​នឹង​គាំទ្រ​ដល់​សកម្មភាព​ឆ្នេរ​ដ៏ធំ និង​ធ្វើឱ្យមាន​ភាពរស់រវើក​ដល់​សហគមន៍​ផងដែរ​»​។

លោក​បន្ថែមថា​៖ «​ផែនការ​នេះ​ក៏​រួមបញ្ចូល​ការលើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​សហគមន៍ ដើម្បី​គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​សហគមន៍​ដូចជា​សាលារៀន សួនឧទ្យាន កន្លែង​លេង​កីឡា ពហុ​ព្យាបាលដ្ឋាន និង​មជ្ឈមណ្ឌល​នៅ​ជុំវិញ​ទីកន្លែង​នេះ​។ នៅពេល​អភិវឌ្ឍ​ពេញលេញ ទីក្រុង​រាម នឹង​ក្លាយជា​ទិសដៅ​គួរឱ្យ​ភ្ញាក់ផ្អើល​សម្រាប់​ការញាំ​អាហារ​ពេល​ល្ងាច កន្លែង​លក់រាយ កន្លែងធ្វើការ ការកម្សាន្ត និង​ការរស់នៅ​»​។

លោក Khong Weng Fook នាយក​គ្រប់គ្រង​ក្រុមហ៊ុន Canopy Sands Development បានឱ្យ​ដឹងថា ក្រុមហ៊ុន​បាន​ទាក់ទង​ជាមួយ Surbana Jurong ជាង​ ១ ​ឆ្នាំ​មកហើយ និង​មាន​សេចក្ដី​រីករាយ​ជាមួយ​នឹង​ផែនការ​មេនេះ​ដែល​ពួកគេ​បាន​ស្នើឡើង​សម្រាប់​ទីក្រុង​រាម​។

លោក​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន Surbana Juronghas បាន​ធ្វើឱ្យ​អតិថិជន​ជុំវិញ​ពិភពលោក​ចាប់អារម្មណ៍​ជាប្រចាំ និង​មាន​ភាព​ល្បី​ខាង​បទពិសោធ​ដ៏ទូលំទូលាយ​របស់​ពួកគេ​ខាង​ការអភិវឌ្ឍ​ទីក្រុង អាង​ហែល​ទឹក​គួរឱ្យ​ទាក់ទាញ​លើ​ពិភពលោក និង​ការ​គ្របដណ្ដប់​ដ៏ទូលំទូលាយ​លើ​ពិភពលោក ខណៈ​ពួកគេ​បាន​អភិវឌ្ឍ​ផែនការមេ​សម្រាប់​គម្រោង​ធំៗ​ផ្សេងៗ​នៅក្នុង​ប្រទេស​ជាង​ ៣០»​។

លោក​បន្ថែមថា​៖ «​យើង​ទន្ទឹងរង់ចាំ​ធ្វើ​ការងារ​ជាមួយគ្នា​ដោយ​រីករាយ​ក្នុង​ការប្រែក្លាយ​ផែនការ​ប្រើប្រាស់​ដី​ដែល​បានស្នើ​សុំ​របស់​ពួកគេ​ឱ្យក្លាយ​ជា​ការពិត និង​បង្កើត​ដំណោះស្រាយ​ប្រកប​ដោយ​ចីរភាព​សម្រាប់​ការរស់នៅ និង​ការធ្វើឱ្យ​ប្រសើរ​ឡើង​របស់​ក្រុងព្រះសីហនុ និង​ប្រជាជន​ខ្មែរ​»​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​គម្រោង​ «​ទីក្រុង​រាម​» ​គ្រោង​នឹង​ប្រែក្លាយ​ក្រុងព្រះសីហនុ​តាមរយៈ​ការប្រើ​ប្រព័ន្ធ​អេកូស៊ីស្ដែម​ប្រកប​ដោយ​ចីរភាព​នៃ​សកម្មភាព​ទេសចរណ៍ ពាណិជ្ជកម្ម និង​លំនៅឋាន ដែល​មាន​សក្ដានុពល​សម្រាប់​លំនៅឋាន​រហូតដល់​ ១៣០ ០០០ ​ខ្នង​។

នៅពេល​បញ្ចប់ ផែនការ​មេនេះ នឹង​ធ្វើ​ឱ្យមើល​ឃើញ​សំណង់​ទាក់ទាញ​លក្ខណៈ​គ្រួសារ ខុនដូ លំនៅឋាន​ផ្ទាល់​ដី និង​មាត់សមុទ្រ និង​អចលនទ្រព្យ​លំនៅឋាន​តម្លៃ​សមរម្យ ផ្សារ​ទំនើប​មាន​ទីតាំង មជ្ឈមណ្ឌល​អាជីវកម្ម រមណីយដ្ឋាន​ឆ្នេរសមុទ្រ សណ្ឋាគារ ក្លិប​ទូក និង​ម៉ារីន​កម្សាន្ត​ជាដើម​។ ក្រុមហ៊ុន Surbana Jurong ត្រូវបាន​តែងតាំង​ដើម្បី​អនុវត្ត​ផែនការ​មេនេះ​។

ចាប់តាំងពី​ឆ្នាំ​ ១៩៩៤ ខេត្ត​មួយ​នេះ​បាន​ទាក់ទាញ​ការវិនិយោគ​តម្លៃ​ជិត​ ៤ ​ពាន់​លាន​ដុល្លារ និង​ក្រុមហ៊ុន​ប្រហែល​ ២០ ដែល​អភិវឌ្ឍ​ឆ្នេរ និង​កោះ​ទំហំ ១១ ៦៣៧ ​ហិកតា​​ ជាមួយ​ទុនវិនិយោគ ៣,៩ ​ពាន់​លាន​ដុល្លារ​៕ LA

វីដេអូ៖