ភ្នំពេញៈ លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូត​ប្រទេស​រុស្ស៊ី គាំទ្រ​ប្រទេស​ កម្ពុជា​ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយនឹង​ប្រទេស ​រុស្ស៊ី ដែល​វិស័យ​ឯកជន​រំពឹង​ថា ពាណិជ្ជកម្ម​ថ្មី​នេះ​នឹង​បង្កើន​ការនាំចេញ​ផលិតផល​របស់ខ្លួន​ទៅ​ទីផ្សារ​ថ្មី​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​ប្រទេស​ កម្ពុជា​ កាលពី​ថ្ងៃ​ចន្ទ លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន បាន​ឲ្យ​ដឹងថា ប្រទេស​ទាំង​ ២ ​មាន​ទំនាក់ទំនង​ការទូត​ល្អ​។ ប្រទេស ​រុស្ស៊ី​ បាន​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ កម្ពុជា​។

លោក​ថ្លែងថា​៖ «​ប្រទេស ​រុស្ស៊ី​ នឹង​ផ្ដល់ជំនួយ​ដល់​ប្រទេស​កម្ពុជា និង​គាំទ្រ​ប្រទេស ​កម្ពុជា​ ក្នុង​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​។ ក្នុង​រយៈពេល​ ៦ ​ឆ្នាំ​កន្លង​មក​ប្រទេស​ កម្ពុជា និង​រុស្ស៊ី​ បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ ៦២ និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ១៤»​។

កម្ពុជា និង​រុស្ស៊ី​ បាន​សន្យាថា​ នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​រវាង​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបតិ្តការ និង​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​យើង​កំពុង​រៀបចំ​សម្រាប់​ដំណើរ​ទស្សនកិច្ច​លោកនាយក​រដ្ឋមន្ដ្រី​ប្រទេស​រុស្ស៊ី​មកកាន់​ប្រទេស​កម្ពុជា ព្រមទាំង​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​ប្រទេស​រុស្ស៊ី​ផងដែរ​»​។

បច្ចុប្បន្ន​កម្ពុជា​បាន​នាំចេញ​អង្ករ​របស់ខ្លួន​ទៅកាន់​ទីផ្សារ​ជាង​ ២០ ទិសដៅ​នៅ​សហភាព​អឺរ៉ុប​។

លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការនាំចេញ​អង្ករ​របស់​ប្រទេស​ កម្ពុជា​។

លោក​បន្តថា​៖ «​យើង​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​រុស្ស៊ី ប៉ុន្តែ​វា​មាន​ចំនួន​តិចតួច​ធៀប​នឹង​ទិសដៅ​ទីផ្សារ​ផ្សេងទៀត​។ ប្រសិនបើ​យើង​មាន​កិច្ចព្រមព្រៀង វា​នឹង​ផ្ដល់ឱកាស​កាន់តែ​ច្រើន​សម្រាប់​ប្រទេស​ កម្ពុជា ក្នុង​ការបង្កើន​ការនាំចេញ​អង្ករ​របស់ខ្លួន​ទៅ​រុស្ស៊ី​»​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នាំចេញ​ទាំងអស់​។

លោក​ថ្លែងថា​៖ «​រហូតមកដល់​ពេលនេះ​កម្ពុជា​ក៏បាន​នាំចេញ​នូវ​ផលិតផល​មួយចំនួន​ទៅកាន់​ប្រទេស ​រុស្ស៊ី​ ផងដែរ ប៉ុន្តែ​ក្នុង​ចំនួន​តិចតួច​បំផុត​»​។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហព័ន្ធរុស្ស៊ី​ មាន​តម្លៃ​ប្រមាណ​ជាង​ ៥៥,៣៩ ​លាន​ដុល្លារ​ កាលពី​ឆ្នាំមុន​ធ្លាក់​ចុះ ៤០,៤៤ ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​តម្លៃ​ជាង​ ៩៣ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម​។

ទិន្នន័យ​នេះ​បង្ហាញថា ប្រទេស​ កម្ពុជា​ បាន​នាំចេញ​ផលិតផល​ក្នុងតម្លៃ​ប្រហែល​ ៥១ ​លាន​ដុល្លារ​ កាលពី​ឆ្នាំមុន កើនឡើង​ ២៧,៨ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ខណៈ​ដែល​ការនាំចូល​មានតម្លៃ​ ៣,៦ ​លាន​ដុល្លារ​។

EAEU គឺជា​អង្គការ​អន្តរជាតិ​មួយ​ដែល​តំណាង​ប្លុក​របស់​បណ្ដា​ប្រទេស​នៅ​អាស៊ី​កណ្ដាល​ភាគ​ខាងជើង និង​អឺរ៉ុប​ខាងកើត​ ដោយ​មាន​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ​រួម​ចំនួន​ ៥ ​ពាន់​ពាន់​លាន​ដុល្លារ​។

ប្លុក​នេះ​រួមមាន​រដ្ឋ​ជា​សមាជិក​ ៥ គឺ​អាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និង​រុស្ស៊ី ដោយ​មាន​ប្រជាជន​សរុប ១៨៣ ​លាន​នាក់​៕LA