ក្រុងវីយែនៈ ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍​បាន​ចូលរួម​ក្នុង​ការ​សន្យា​ដែល​បាន​ដឹកនាំ​ដោយ​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) ដើម្បី​បង្កើន​ការផលិត​ប្រេង​ជា​ការ​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​ពិភពលោក​។

ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ទីក្រុង​វីយែន​លោក Alexander Novak រដ្ឋមន្ដ្រី​ក្រសួង​ថាមពល​រុស្ស៊ី​បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ផ្ដល់​ការសហការ​រវាង​បណ្ដា​ប្រទេស​ជា​សមាជិក និង​មិនមែន​ជា​សមាជិក​របស់​អង្គការ OPEC ក្នុង «​ភាព​បត់បែន​» ចាំបាច់​របស់​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ការផ្គត់ផ្គង់ ដើម្បី​បង្ការ​ការឡើង​កម្តៅ​របស់​ទីផ្សារ​។

បណ្ដា​ប្រទេស​មិនមែន​ជា​សមាជិក​របស់​អង្គការ OPEC ត្រូវ​បាន​រំពឹងទុក​យ៉ាងទូលំ​ទូលាយ​ថា​នឹង​ផ្ដល់​ការគាំទ្រ​របស់​ពួកគេ បន្ទាប់ពី​ក្រុម​រដ្ឋមន្ដ្រី​មកពី​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង​បាន​ព្រមព្រៀង​រួច​ហើយ​កាលពី​ថ្ងៃ​សុក្រ​ថា​នឹង​បង្កើន​ទិន្នផល​ចាប់ពី​ខែ​កក្កដា​ទៅ​។

លោក Khalid al-Falih រដ្ឋមន្ដ្រី​ក្រសួង​ថាមពល​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​៖ «​យើង​បាន​ឈាន​ដល់​សេចក្តី​សម្រេច​ថា​អ្វី​ដែល​ត្រូវការ​គឺ​ប្រហែល ១ លាន​បារ៉ែល​នៃ​ការផលិត​បន្ថែម​»​។

សំណើ​នេះ​គឺជា​លទ្ធផល​នៃ​ការ​សម្រុះសម្រួល​គ្នា​មួយ​ដែល​សម្រេច​បាន​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​នៃ​ការចរចា​ដែល​ខ្វែងគំនិត​គ្នា​នៅ​ទីក្រុង​វីយែន​ដែល​បាន​គ្រប​ដណ្ដប់​ដោយ​ការជំទាស់​របស់​ប្រទេស​អ៊ីរ៉ង់​ទៅ​នឹង​ការបន្ធូរបន្ថយ​កិច្ចព្រមព្រៀង​កាត់បន្ថយ​ការផ្គត់ផ្គង់​ដែល​មាន​អាយុ ១៨ ខែ​នេះ​។

អារ៉ាប៊ីសាអ៊ូឌីត ដែល​គាំទ្រ​ដោយ​រុស្ស៊ី​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ឲ្យ​មាន​ការ​បូម​ប្រេង​កាន់តែ​ច្រើន ដើម្បី​កាត់បន្ថយ​ក្តីបារម្ភ​អំពី​កង្វះ​ការផ្គត់ផ្គង់ និង​បន្ធូរបន្ថយ​ក្តីបារម្ភ​អំពី​តម្លៃ​ខ្ពស់​នៅក្នុង​បណ្ដា​ប្រទេស​សំខាន់ៗ​ដូចជា​អាមេរិក ចិន និង​ឥណ្ឌា​ជាដើម​។

ប៉ុន្តែ​អ៊ីរ៉ង់​បាន​ជំទាស់​យ៉ាង​ខ្លាំង​នឹង​ការបង្កើន​ទិសដៅ​ទិន្នផល ហើយ​ប្រទេស​ជាច្រើន​ទៀត​ដូចជា​វ៉េណេស៊ុយអេឡា ដែល​កំពុង​មាន​វិបត្តិ និង​អ៊ីរ៉ាក់​ដែល​មិន​អាច​បង្កើន​ទិន្នផល​ក្នុង​រយៈពេល​ខ្លី​បាន​នោះ​ក៏​បាន​ប្រឆាំង​នឹង​ការដំឡើង​ទិន្នផល​នេះ​ដែរ​។ ប៉ុន្តែ​ចុង​បញ្ចប់​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​មិន​បាន​លើកឡើង​ពី​តួលេខ ១ លាន​នោះ​ត្រូវ​បាន​ចេញផ្សាយ​ដើម្បី​រក្សា​មុខមាត់​គ្រប់ភាគី​ទាំងអស់​។

តម្លៃ​ប្រេង Brent ថ្លៃ ៧៥,៥៥ ដុល្លារ​ក្នុង​ ១ ​បារ៉ែល ខណៈ​តម្លៃ​គោល​ប្រេងឆៅ WTI ថ្លៃ ៦៨,៥៨ ដុល្លារ​៕ LA