ភ្នំពេញ៖ សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ​(CMA) ​បាន​ប្ដេជ្ញា​ចិត្ត​ជាមួយ​សមាជិក​របស់​ខ្លួន​ក្នុង​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​សម្រាប់​អតិថិជន​ដែល​បាត់បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ១៩​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់ CMA កាល​ពី​ថ្ងៃ​ទី ​១៧ ខែ​មេសា សមាជិក​ទាំង​​អស់​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​ ដើម្បី​ឆ្លើយ​តប ​និង​គាំទ្រ​អតិថិជន​របស់​ខ្លួន​ ដែល​កំពុង​​ប្រឈម​នឹង​ការ​ពិបាក​នៅ​ក្នុង​អំឡុង​ពេល​វេលា​ដ៏​ពិបាក​ ដើម្បី​ធានា​និរន្តរភាព​របស់​វិស័យ​នេះ។ ​

សមាជិក​របស់​សមាគម​​កំពុង​អនុវត្ត និង​​ដោះ​ស្រាយ​បញ្ហា​ដោយ​ពឹង​ផ្អែក​លើ​គោលការណ៍​ផ្ទៃ​ក្នុង​​របស់​ពួក​គេ ស្រប​ទៅ​នឹង​ប្រភេទ​អតិថិជន​ ទំហំ​នៃ​ផល​ប៉ះពាល់ ​និង​ស្ថាន​ភាព​ជាក់​ស្ដែង​របស់​អថិតិជន​ម្នាក់ៗ ហើយ​ដំណោះ​ស្រាយ​ទាំង​នោះ​ត្រូវ​អនុ​លោម​តាម​សេចក្ដី​ណែនាំ​របស់​ធនាគារ​​ជាតិ​នៃ​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា​៖ ​«​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ និង​ដំណោះ​ស្រាយ​ជា​ពិសេស​ការ​រៀបចំ​ឥណទាន​​ឡើង​វិញ​ អតិថិជន​ត្រូវ​ទំនាក់​ទំនង​ទៅ​គ្រឹះស្ថាន​ដែល​ខ្លួន​បាន​ខ្ចី​ប្រាក់​ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព និង​លទ្ធភាព​ដោះ​ស្រាយ​នានា​ជាមួយ​នឹង​បុគ្គលិក​គ្រឹះស្ថាន។ អតិថិជន​ត្រូវ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ​ដើម្បី​ទទួល​បាន​ដំណោះ​ស្រាយ​សម​ស្រប និង​ឈ្នះ-​ឈ្នះ​ទាំង​អស់​គ្នា ដើម្បី​បន្ត​និរន្តរភាព​វិស័យ​​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​ជាតិ​»។

ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​តិច​តួច ឬ​មិន​​​រង​ផល​ប៉ះពាល់​ ហើយ​មាន​​លទ្ធភាព​សង​ត្រឡប់​វិញ​ សមាគម​សូម​ធ្វើ​ការ​លើក​ទឹក​ចិត្ត​ដល់​អតិថិជន​​ឲ្យ​បន្ត​បង់​សង​ត្រឡប់​​តាម​ធម្មតា ដោយ​ទុក​លទ្ធភាព​ឲ្យ​គ្រឹះស្ថាន​នី​មួយៗ យក​លទ្ធភាព​ដែល​ខ្លួន​មាន​ទៅ​ជួយ​ដល់​អតិថិជន​​រង​ផល​ប៉ះពាល់​​ធ្ងន់ធ្ងរ​»។

លោក ប៊ុន មុន្នី អគ្គនាយក​មីក្រូ​ហិរញ្ញវត្ថុ​ វិថី បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​​គ្រឹះស្ថាន​របស់​លោក មិន​ទាន់​បាន​រៀបចំ​ឥណទាន​ឡើង​វិញ​ទេ ដោយសារ​តែ​មិន​មាន​អតិថិជន​រាយការណ៍​ពី​ផល​ប៉ះពាល់​របស់​ពួក​គេ។ ​លោក​បន្ត​ថា​​៖ «​ប្រសិន​បើ​យើង​មាន​អតិថិជន​ណា​មួយ​ដែល​រង​ផល​ប៉ះពាល់​ទាក់ទង​មក​យើង ​យើង​នឹង​បញ្ជូន​បុគ្គលិក​​ទៅ​ជួប និង​សិក្សា​លើ​ពួក​គេ​ ដើម្បី​យើង​នឹង​រៀបចំ​ឥណទាន​ឡើង​វិញ​»។​​

លោក​បញ្ជាក់​ថា​៖ «​ទោះបី​យ៉ាង​ណា​ប្រសិន​បើ​យើង​ដឹង​ថា ភាគ​ច្រើន​នៃ​អតិថិជន​របស់​យើង​ត្រូវ​រង​ផល​ប៉ះពាល់​ យើង​​រៀបចំ​ផែន​ការ​​ក្នុង​ការ​ចាប់​ផ្ដើម​​ការ​​រៀបចំ​ឥណទាន​ឡើង​វិញ​ ចាប់​ផ្ដើម​ពី​​ខែ​នេះ ដោយ​អនុលោម​តាម​គោលការណ៍​ណែនាំ​ពី​​និយតករ​របស់​យើង​​ (ធនាគារ​ជាតិ​នៃ​កម្ពុជា​)​»។

លោក សាយ សូនី នាយក​ប្រតិបត្តិ​ ប្រាសាក់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ស្ថាប័ន​​លោក​រាយការណ៍​ថា​មាន​​អតិថិជន ​២-៣ នាក់ ​​ស្នើ​សុំ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ ដោយសារ​​ពួក​គេ​​មិន​មាន​ប្រាក់​ចំណូល​ពី​អាជីវកម្ម​ក្នុង​អំឡុង​ពេល​នេះ​។

លោក​លើក​ឡើង​ថា​៖ «​​មាន​អតិថិជន​​មួយ​ចំនួន​ដែល​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់ ​ដោយសារ​តែ​កូវីដ ១៩ និង​មួយ​ចំនួន​រង​ផល​​ប៉ះ​ពាល់​ដោយ​ប្រយោល។ ប៉ុន្តែ​ភាគ​ច្រើន​នៃ​អតិថិជន​របស់​យើង​ នៅ​តែ​គោរព​តាម​​កាតព្វ​កិច្ច​សង​ត្រឡប់​កម្ចី​របស់​ពួក​គេ​ និង​ធ្វើ​ការ​សង​ត្រឡប់​ប្រាក់​កម្ចី​តាម​​ពេលវេលា​សង​ត្រឡប់។ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​របស់​អតិថិជន​ យើង​វាយ​តម្លៃ​ស្ថានការណ៍​របស់​អតិថិជន​ និង​ពិ​ភាក្សា​ជាមួយ​អតិថិជន ដើម្បី​ស្វែង​រក​​ដំណោះ​ស្រាយ​សម​ស្រប​ និង​ទទួល​យក​​សម្រាប់​ភាគី​ទាំង ​២»។

ធនាគារ​ជាតិ​នៃ​កម្ពុជា​កាល​ពី​ថ្ងៃទី ​២៧​ ខែ​មីនា ​បាន​ចេញ​សារាចរ​ណែនាំ​​មួយ​ដល់​​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ​ទាំង​អស់​​​​ស្ដីពី​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​សម្រាប់​កម្ចី​នៅ​ក្នុង​វិស័យ​អាទិភាព​ទាំង ​៤ ក្នុង​គោល​​បំណង​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច និង​បន្ធូរបន្ថយ​បន្ទុក​​​លើ​អ្នក​ជាប់​បំណុល​​ ដែល​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ ក្នុង​អំឡុង​ការ​រីករាល​ដាល​កូវីដ ១៩ កាន់​តែ​ខ្លាំង​នេះ។ វិស័យ​អាទិភាព​ទាំង ៤ គឺ​វិស័យ​ទេសចរណ៍ កាត់ដេរ​ សំណង់ ដឹក​ជញ្ជូន​ និង​ឡូជីស្ទិក​៕ LA