ភ្នំពេញៈ ស្រប​ពេល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​​​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ​ទៅ​​​អឺរ៉ុប​ ដែល​ជា​ទីផ្សារ​សំខាន់​របស់​ខ្លួន​​ ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​ដ៏​ធំ​មួយ​របស់​ចិន​ហាក់​មិន​មាន​ការ​បារម្ភ​ពី​បញ្ហា​ប្រឈម​នេះ​​​ឡើយ​ហើយ​​បាន​​​​ដាក់​ទុន​វិនិយោគ​បន្ថែម​ ១៥០ ​លាន​​ដុល្លារ ដើម្បី​សាងសង់​រោងចក្រ​ថ្មី​មួយ​នៅ​ភ្នំពេញ​។

ក្រុមហ៊ុន​ Shenzhou International Group Holdings ដែល​ជា​ក្រុមហ៊ុន​នាំចេញ​សម្លៀក​បំពាក់​ធំ​ជាង​​គេ​មួយ​នៅ​ចិន​ដែល​បាន​លក់​ផលិតផល​ទៅ​ឲ្យ​ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​ល្បីៗ​ដូច​ជា Nike ក្រុមហ៊ុន​ Adidas និង Uniqlo បាន​បើក​​ការដ្ឋាន​សាងសង់​រោងចក្រ​វាយនភណ្ឌ​​​ខ្នាត​ធំ​មួយ​កាល​​ពី​​ថ្ងៃ​ពុធ​ ដោយ​មាន​ទីតាំង​​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងភ្នំពេញ​។ រោងចក្រ​នៅ​កម្ពុជា​ថ្មី​នេះ​ដំណើរការ​ដោយ​ប្រើ​ឈ្មោះ​ថា Marvel Garment។​

អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​កាល​​ពី​ម្សិលមិញ​​ថា​​ ការ​ពង្រីក​ផលិតកម្ម​ទ្រង់ទ្រាយ​ធំ​នេះ បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​មួយ​​​ថា​​​ ក្រុមហ៊ុន​ផលិត​សម្លៀក​​បំពាក់​ធំៗ​យល់​ថា​ ពួក​គេ​អាច​ជម្នះ​នឹង​ការ​ដក​ EBA ដែល​អាច​ធ្វើ​ឡើង​នា​​ពេល​ខាង​មុខ​បាន។

លោក Sam Ma ជំនួយ​ការ​អគ្គ​នាយក​ក្រុមហ៊ុន ​Shenzhou International Group Holdings បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​លោក​បាន​បើក​ដំណើរការ​នៅ​កម្ពុជា​ដំបូង​នៅ​ឆ្នាំ ២០០៥​ ហើយ​បន្ទាប់​ពី​ជាង ​១ ​ទសវត្សរ៍​នៅ​ក្នុង​​ប្រទេស ​កម្ពុជា ​ក្រុមហ៊ុន​នេះ​បាន​អភិវឌ្ឍ​ខ្លួន​ឯង​ទៅជា​​ក្រុមហ៊ុន​ផលិត​វាយនភណ្ឌ​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ដោយ​មាន​ទំហំ​ការ​នាំចេញ​ចំនួន​ ៤៤០ ​លាន​ដុល្លារ​អាមេរិក កាល​ពី​ឆ្នាំ ​២០១៨ និង​ផ្ដល់​ការងារ​ដល់​​​កម្មករ​​កម្ពុជា​ជាង​ ១១ ៥០០​នាក់​​។​​

លោក​បញ្ជាក់​ថា​៖ «​​យើង​បាន​សម្រេច​ចិត្ត​ក្នុង​ការ​ប្រើប្រាស់​យ៉ាង​ពេញ​លេញ​នូវ​បទពិសោធ​របស់​យើង​នៅ​ក្នុង​ប្រទេស ​កម្ពុជា​ តាមរយៈ​ការ​​ពង្រីក​សមត្ថភាព​​ផលិត​​នៅ​ទី​នេះ​​»​។​

លោក​បន្ត​ថា រោងចក្រ​មាន​តម្លៃ ​១៥០ ​លាន​ដុល្លារ​អាមេរិក​នេះ គ្រោង​​នឹង​បញ្ចប់​នៅ​ខែ ​មីនា ​ឆ្នាំ ​២០២១។ ជំនួយការ​រូប​នេះ​បាន​បន្ថែម​ថា នៅ​ពេល​​​បញ្ចប់​រោងចក្រ​នេះ​នឹង​​បង្កើត​ការងារ​ ១៧ ០០០ ​នាក់​។​​

ពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ត្រូវ​បាន​ចូលរួម​ដោយ​លោក​ Ma Jianrong ប្រធាន​ក្រុមហ៊ុន Shenzhou International Group Holdings ឯក​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា Wang Wentian លោក​ Mark Griffie អនុ​ប្រធាន​​ NIKE និង​លោក​ ហ៊ុន​ ម៉ាណែត អគ្គ​មេ​​បញ្ជាការ​រង​នៃ​​កង​យោធពល​ខេមរភូមិន្ទ​។

លោក​Mark Griffie អនុ​ប្រធាន​​ក្រុមហ៊ុន Nike បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Nike បាន​បញ្ជា​ទិញ​ផលិតផល​ពី​រោងចក្រ​ Shenzhou នៅ​កម្ពុជា​ដំបូង​តាំង​ពី​ឆ្នាំ ២០០៧ ហើយ​​ក្រោយ​មក​ Shenzhou បាន​​​ក្លាយ​ជា​​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្លៀក​បំពាក់​ឈាន​មុខ​គេ​មួយ​របស់​​ក្រុមហ៊ុន​ Nike។ គិត​មក​ទល់​​ពេល​នេះ Shenzhou នៅ​កម្ពុជា​បាន​ផ្តល់​ការងារ​សរុប ៣ ០០០ នាក់​ សម្រាប់​ការ​ផលិត​សម្លៀក​បំពាក់​ម៉ាក NIKE ដែល​ភាគ​ច្រើន​លក់​ទៅ​ឲ្យ​ទីផ្សារ​នៅ​អឺរ៉ុប។

លោក​ Griffie បាន​ថ្លែង​ថា​៖ «​​ប្រទេស ​កម្ពុជា ​គឺ​ជា​ប្រទេស​ដ៏​សំខាន់​មួយ សម្រាប់​​​ក្រុមហ៊ុន Shenzhou និង​ក្រុមហ៊ុន​​Nike។​ តាមរយៈ​​​រោងចក្រ​ថ្មី​នេះ​ យើង​រំពឹង​ថា​នឹង​​​បន្ត​រីក​ចម្រើន​រួម​គ្នា​នៅ​ក្នុង​​ប្រទេស ​កម្ពុជា ក្នុង​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​ខាង​មុខ​ទៀត​​»។

ឧស្សាហកម្ម​កាត់​ដេរ ​គឺ​ជា​ឧស្សាហកម្ម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា។ ផលិតផល​ភាគ​ច្រើន​ចេញ​ពី​ឧស្សាហកម្ម​នេះ​​ត្រូវ​បាន​លក់​ចេញ​ទៅ​ឲ្យ​ទីផ្សារ​នៅ​សហភាព​អឺរ៉ុប ជា​ទី​ដែល​ផលិតផល​ពី​កម្ពុជា​គ្រប់​មុខ​ទំនិញ​លើកលែង​តែ​អាវុធ អាច​នាំចូល​ដោយ​មិន​ចាំបាច់​បង់​ពន្ធ​គយ​ តាម​ប្រព័ន្ធ​អនុគ្រោះ EBA។

តែ​កាល​ពី​ខែ​មុន សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​នីតិវិធី​ដែល​អាច​ឈាន​ដល់​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​វិញ​។ ការ​សម្រេច​ជា​ផ្លូវ​ការ​ថា​នឹង​ដក​ ឬ មិន​ដក​នឹង​ធ្វើ​ឡើង​នៅ​រយៈ​ពេល​ ១៨ ខែ​ទៀត​គិត​ចាប់​ពី​ការ​ប្រកាស​។

ប្រសិន​បើ​ EU សម្រេច​ដក​ EBA មែន ឧស្សាហកម្ម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ត្រូវ​បង់​ពន្ធ​ ១២ ភាគរយ​សម្រាប់​ផលិតផល​សម្លៀក​បំពាក់ និង​ចន្លោះ​ពី​ ៨ ភាគរយ​ ទៅ ១៧ ភាគរយ​ (ខុស​គ្នា​តាម​មុខ​ទំនិញ) សម្រាប់​ផលិតផល​ស្បែក​ជើង។

លោក​ ច័ន្ទ ​សុផល ​ស្ថាបនិក​ និង​ជា​នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​​បាន​លើក​ឡើង​​ថា​ ការ​សម្រេច​បង្កើន​ផលិតកម្ម​ពី​ក្រុមហ៊ុន​ចិន​នេះ ​គឺ​​ជា​ព័ត៌មាន​ល្អ​សម្រាប់​កម្ពុជា។ លោក​បន្ត​ថា​ ​ក្រុមហ៊ុន​​​ធំ​បែប​នោះ ​មាន​ផែនការ​រីក​ចម្រើន​រយៈ​ពេល​វែង​នៅ​កម្ពុជា​ ហើយ​ដឹង​ច្បាស់​ថា​​​ពួក​គេ​អាច​​ជម្នះ​ការ​ដក​ EBA បើ​​កើត​មាន​មែន។

លោក​បន្ត​ថា​៖ ​«​​ព័ត៌មាន​នេះ​គាំទ្រ​ដល់​ការ​វិភាគ​​របស់​ខ្ញុំ​កន្លង​មក​ដែល​ថា​សេដ្ឋកិច្ច​កម្ពុជា នឹង​នៅ​តែ​​បន្ត​លូតលាស់​បើ​​ទោះ​បី​ជា​មាន​ ឬ​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​​ EB​A ក៏​ដោយ​ តែ​គ្រាន់​តែ​ថា​កម្ពុជា​ត្រូវ​​​បន្ត​ធ្វើ​កំណែ​​ទម្រង់​សម្រាប់​​ភាព​ប្រកួត​ប្រជែង​នៅ​ក្នុង​រយៈ​ពេល​វែង​»៕LA