ភ្នំពេញៈ ក្រុមហ៊ុន Top Planning Japan Co., Ltd បានសហការជាមួយម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក ១ កន្លែង ដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្នុងគោលបំណងដើម្បីលើកកម្ពស់គ្រាប់ស្វាយចន្ទីកម្ពុជា។
រោងចក្រនេះបានចាប់ផ្តើមសាងសង់កាលពីសប្តាហ៍មុន ដោយគ្រោងនឹងបញ្ចប់នៅក្នុងខែធ្នូឆ្នាំនេះ ក្រោមទុនវិនិយោគប្រមាណ ២០ ម៉ឺនដុល្លារ។
អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីម៉ាដាមហួតបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា សិប្បកម្មរបស់អ្នកស្រីបានសហការជាមួយក្រុមនមកពីជប៉ុន Top Planning Japan ដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
អ្នកស្រីបន្ថែមថា មុនពេលមានតម្រូវការច្រើនពីក្រុមហ៊ុន សិប្បកម្មអ្នកស្រីធ្វើដោយដៃប៉ុណ្ណោះ ប៉ុន្តែនៅពេលក្រុមហ៊ុនមានតម្រូវការច្រើនគេក៏បានផ្តល់ប្រាក់កក់មួយចំនួនដើម្បីឲ្យអ្នកស្រីមានលទ្ធភាពបង្កើតរោងចក្រកែច្នៃនេះ។
អ្នកស្រីថ្លែងថា៖ «ក្រុមហ៊ុនបានផ្តល់ប្រាក់កក់មួយចំនួនឲ្យខ្ញុំ ហើយថវិកាមួយចំនួនទៀតរបស់ខ្ញុំផ្សំគ្នាដើម្បីបង្កើតរោងចក្រនេះឡើង។ យើងបានចុះកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឲ្យក្រុមហ៊ុននេះចំនួន ៩០ តោនក្នុង ១ ឆ្នាំនៅដំណាក់កាលដំបូង»។
អ្នកស្រី ឡៃហួត ក៏ជាប្រធានសមាគមសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរដែលមានសមាជិក ៣៣ គ្រួសារ កំពុងដាំដុះស្វាយចន្ទីលើផ្ទៃសរុប ៣ ៤៤ ហិកតា។
អនុប្រធាននាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម លោក ហាស់ ពិសិដ្ឋ បានប្រាប់ថា រោងចក្រនេះមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី ពី ២ ទៅ ៣ តោនក្នុង ១ ថ្ងៃ និងមានលទ្ធភាពបកគ្រាប់ស្វាយចន្ទីស្រស់ ១០ តោនក្នុង ១ ថ្ងៃ។
លោកថ្លែងថា៖ «នាយកដ្ឋានខ្ញុំក៏បានចូលរួមផ្តល់ជាបច្ចេកទេស និងណែនាំពីការផលិតឲ្យស្របតាមស្តង់ដា ISO ជាមួយម្ចាស់សិប្បកម្មនេះ ដើម្បីជួយជំរុញឲ្យផលិតផលគ្រាប់ស្វាយចន្ទីនាំចេញគោរពតាមស្តង់ដារបស់អ្នកបញ្ជាទិញ»។
របាយការណ៍ក្រសួងកសិកម្មឲ្យដឹងថា កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ២,៦៨ លានតោន ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២០។ ក្នុងនោះគ្រាប់ស្វាយចន្ទីមាន ១៩៤ ៥២៥ តោន ទៅកាន់ទីផ្សារ វៀតណាម ថៃ កូរ៉េខាងត្បូង ជប៉ុន រុស្ស៊ី ចិន ហុងកុង និងបារាំង៕ LA