ភ្នំពេញៈ រោងចក្រ​កែច្នៃ​ដំឡូងមី ​Green Leader Holding Group នៅ​ខេត្ត​ ក្រចេះ គ្រោង​នឹង​​ដាក់​ឲ្យ​ប្រតិបត្តិ​ការ​នៅ​ដើម​ឆ្នាំ​ក្រោយ ខណៈ​ការ​សាងសង់​រោងចក្រ​សម្រេច​បាន​​ជាង​ ៧០ ភាគរយ។ នេះ​បើ​យោងតាម​​លោក Gao Hua អគ្គនាយក​ក្រុមហ៊ុន Green Leader Cambodia ​។​

ក្រុម​ហ៊ុន​គ្រោង​នឹង​វិនិយោគ​សរុប​ ១៥០ លាន​ដុល្លារ​លើ​វិស័យ​ឧស្សាហកម្ម​ដំឡូង​មី​​នៅ​កម្ពុជា​។

រោងចក្រ​ដំបូង​​របស់​ក្រុមហ៊ុន​ស្ថិត​នៅ​ក្នុងខេត្ត​ក្រចេះ ត្រូវ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​សាងសង់​​កាល​ពី​ខែ​មេសា​ ឆ្នាំ​នេះ ដោយ​បាន​គ្រោង​ដាក់​ឲ្យ​ដំណើរ​​ការ​នៅ​ចុង​ឆ្នាំនេះ​ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​វិញ។

លោក Gao Hua អគ្គ​នាយក​ក្រុមហ៊ុន​ Green Leader Cambodia បាន​ថ្លែងថា​៖ «រោងចក្រ​នេះ​​បាន​បញ្ចប់​ជិត​ ៧០ ភាគរយ​ហើយ​ ខណៈ​វា​ត្រូវ​បាន​ពន្យារពេល​ ដោយសារ​តែ​រដូវ​ភ្លៀង​ និង​បច្ចេកទេស​មួយ​ចំនួន​សម្រាប់​ការ​សាង​សង់»។

លោក​បាន​បន្ត​ថា៖ «ឧបករណ៍​សម្រាប់​ការ​ដំឡើង​រោង​ចក្រ​នេះ​ត្រូវបាន​រៀបចំ​រួច​ហើយ​ ហើយ​យើង​កំពុង​រង់​ចាំ​ការ​ដឹក​ជញ្ជូន​មក​​ពី​ប្រទេស​ចិន»។

លោក​បន្ថែមថា រោងចក្រ​នេះ​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ខែ​កុម្ភៈឆ្នាំ​ក្រោយ។

រោងចក្រ​នេះ​ស្ថិត​​ក្នុង​ស្រុក​ស្នួល លើ​ផ្ទៃដី ​ ២០​ហិកតា​ នឹង​​អាច​កែច្នៃ​ដំឡូង​មី​ស្រស់​បាន​ប្រហែល ៦០០ ០០០ តោន​ក្នុង​មួយ​​ឆ្នាំ ​មាន​សមត្ថភាព​ផលិត​ម្សៅ​ដំឡូងមី​ ឬ​ម្សៅ​ដំឡូង​មី​កែច្នៃ​ប្រចាំ​ឆ្នាំ​បាន ១​៥០ ០០០​តោន។

លោក Hua ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ការងារ​មក​ពី​ក្រសួង​កសិកម្ម​ ក្រសួង​ពាណិជ្ជកម្ម និង​អង្គការ​ UNDP បាន​កំណត់​យក​សហករណ៍​កសិករ​ដំឡូង​មី​ជាង​ ១០ ​រួច​ហើយ​ ដោយ​អាច​ផ្គត់​ផ្គង់​បាន​ប្រហែល​ ៣០ ​ភាគរយ​នៃ​តម្រូវ​ការ​ប្រចាំ​ឆ្នាំ​សម្រាប់​រោងចក្រ​នេះ​ និង​ជិត​ ៤០ ​ភាគរយ​ផ្សេង​ទៀត​ត្រឹម​ឆ្នាំ​ ២០១៩។

លោក​បាន​ថ្លែង​ថា៖ «ការ​អនុវត្ត​ការធ្វើ​កសិកម្ម​តាម​កិច្ច​សន្យា ​ត្រូវ​បាន​អនុវត្ត​​យ៉ាង​ប្រសើរ​ ទោះបីជា​ល្បឿន​នៃ​​ការ​បញ្ចប់​មាន​ភាព​យឺត​យ៉ាវ​​ក៏ដោយ ប៉ុន្តែ​ការ​ពិចារណា​ជា​ប្រចាំ​នៃ​ចំនួន​ដ៏ច្រើន​របស់​កសិករ​ដែល​​ចូលរួម​ ព្រមទាំង​តំបន់​គ្រប​ដណ្ដប់​ទីតាំង​នេះ»។

លោក​បន្តថា៖ «ភាព​ជឿជាក់​លើ​ការ​បញ្ចប់​គឺខ្ពស់ ដោយ​សារតែ​គំនិត​ផ្ដួច​ផ្ដើម​របស់​ក្រសួង​ពាក់​ព័ន្ធ ​និង​ UNDP បាន​ប្ដេជ្ញា​​ចិត្ត ​និងការ​ចូល​រួម​នៅក្នុង​គម្រោង​នេះ​»។

លោក​បន្ថែម​ថា ក្រុម​ហ៊ុន Green Leader ​បាន​អភិវឌ្ឍ​ចក្ខុវិស័យ​​ច្បាស់​លាស់​ និងការ​ប្ដេជ្ញា​ចិត្ត​ផ្ដោត​លើ​ទីផ្សារ​នាំ​ចេញ​​មួយ​ចំនួន​ក្នុង​ទិស​ដៅ​ទៅ​ប្រទេស​ចិន​ ជប៉ុន និង​សហភាពអឺរ៉ុប។

លោកស្រី វុឌ្ឍី ​អ្នកនាំ​ពាក្យ​ក្រសួង​កសិកម្ម មាន​ភាពជឿជាក់​​លើ​រោងចក្រ​​នេះ​ថា វា​នឹង​ធានា​ទី​ផ្សារ​ដំឡូង​មី​សម្រាប់​កសិករ។

លោក​ថ្លែង​ថា៖«រោង​ចក្រ​នេះ​នឹង​ផ្ដល់​ទី​ផ្សារ​ប្រកប​ដោយ​ស្ថិរ​ភាព​ សម្រាប់​កសិករ​ដំឡូង​មី និង​ធានា​តម្លៃ​ដំឡូងមី​ បន្ទាប់​ពី​ការ​ធ្វើ​កសិកម្ម​តាម​កិច្ច​សន្យា​ត្រូវបាន​ធ្វើ​ឡើង»។

លោក​បន្តថា​៖ «​កសិករ​លែង​មាន​ការ​បារម្ភ​អំពីទី​ផ្សារ​ទៀត​ហើយ» ដោយ​មាន​រោងចក្រ​កែច្នៃ​មួយ​នៅ​ក្នុង​តំបន់​ដាំដុះ​ដំឡូងមី រោងចក្រ​​របស់​ក្រុមហ៊ុន Green Leader មួយ​នេះ​អាច​ផ្ដល់​ដល់​កសិករ​នូវទី​ផ្សារ​ប្រកប​ដោយ​ស្ថិរភាព​តាមរយៈ​ការធ្វើ​កសិកម្ម​តាម​កិច្ច​សន្យា។

តួលេខ​របស់​ក្រសួង​កសិកម្ម​បាន​​បង្ហាញ​​ថា​ ការ​ដាំដុះ​ដំឡូង​មីនៅ​កម្ពុជា​បាន​កើន​ឡើងដល់​ ៦១៤ ០០០​ហិកតា ដោយ​ផ្ដល់​បរិមាណ​ផល​ដល់ ១៣ ៨១៧ ០០០ តោន​កាលពី​ឆ្នាំ​ ២០១៧៕LA