ភ្នំពេញៈ រោងចក្រ​កែច្នៃ​ដំឡូងមី​តម្លៃ​ ២០ ​លាន​ដុល្លារ​ដែល​ជា​ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ក្រចេះ​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ម្សិលមិញ​ដែល​គ្រោង​នឹង​បញ្ចាប់​នៅ​ចុង​ឆ្នាំ​នេះ ។

ក្រុមហ៊ុន Green Leader Holding Group ជា​ក្រុមហ៊ុន​គ្រប់គ្រង​ការវិនិយោគ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​បាន​ចាប់ផ្តើម​សាងសង់​រោងចក្រ​ដំបូង​របស់​ខ្លួន​លើ​ផ្ទៃដី​ទំហំ​ ៤៣ ​ហិកតា​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​។ នេះ​បើ​តាម​លោក វេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​។

លោក វេង សាខុន ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ក្រុមហ៊ុន​នេះ​នឹង​សាងសង់​រោងចក្រ​ចំនួន​ ១០ ក្នុង​អំឡុង​រយៈពេល​ ៣ ​ឆ្នាំ​ដំបូង​ដោយ​គ្រោង​នឹង​វិនិយោគ​សរុប​ ១៥០ ​លាន​ដុល្លារ ហើយ​រោងចក្រ​មួយ​គ្រោង​ចំណាយ​ ១៥ ​លាន​ដុល្លារ ដែល​មាន​ក្នុង​ខេត្ត​កសិកម្ម ដូចជា​ខេត្ត​ត្បូងឃ្មុំ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ​។

លោក វេង សាខុន បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ដែរ​ថា​៖ «​ក្រុមហ៊ុន​បាន​ចុះហត្ថលេខា​រួច​ហើយ​លើ​អនុស្សណៈ​ជាមួយ​ក្រសួង​កសិកម្ម​សម្រាប់​ការទិញ និង​កែច្នៃ​ដំឡូងមី​ពី​កសិករ ហើយ​និង​ផ្តល់​ពូជ​ដែល​ផ្តល់​ទិន្នផល​ខ្ពស់ និង​ធានា​នូវ​ទីផ្សារ​ដល់​កសិករ​»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា ក្រុមហ៊ុន​នេះ​នឹង​អាច​ជួយ​កាត់បន្ថយ​ផល​លំបាក​ដល់​កសិករ​ដោយ​ធ្វើ​ការងារ​ជាមួយ​កសិករ​តាមរយៈ​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា និង​ការផ្ដល់​បច្ចេកទេស​សម្រាប់​ការដាំដុះ ដូច្នេះ​ការចូល​មក​របស់​ក្រុមហ៊ុន​នឹង​ធានា​ទីផ្សារ និង​តម្លៃ​ឲ្យ​កសិករ​»៕