ភ្នំពេញៈ វិនិយោគិន​ខ្មែរ និង​ចិន​បាន​រួម​គ្នា​បោះទុន​វិនិយោគ​ប្រមាណ ៨ ​លាន​ដុល្លារ​ ក្នុងការ​សាងសង់​រោងចក្រ​កែច្នៃ​ផ្លែឈើ​សម្រាប់​នាំចេញ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​លោក ឃាង ភារម្យ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ កាលពី​ថ្ងៃ​ពុធ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន Shang Da Jian Hui International Agriculture Product and Logistic Co., Ltd កំពុង​ដំណើរការ​សាងសង់​រោងចក្រ​កែច្នៃ​ផ្លែឈើ​ពី​ផ្លែស្វាយ ស្វាយចន្ទី ម្នាស់ និង​ចេក​។

បើតាម​លោក ភារម្យ មកដល់​ពេល​នេះ​ខេត្ត​ព្រះសីហនុ​មាន​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​កំពុង​ប្រតិបត្តិការ​សរុប ១ ១៤៩ ​មូលដ្ឋាន និង​មាន​ទុនវិនិយោគ​ជាង ២៦,៨៩ ​លាន​ដុល្លារ​។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ដែល​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​រោងចក្រ​នេះ​កាលពី​ថ្ងៃ​ចន្ទ​បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​គម្រោង​នេះ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​នឹង​ជួយ​សម្រួល​រាល់​នីតិវិធី​នានា​ដើម្បី​ឲ្យ​រោងចក្រ​នេះ​ដំណើរការ ព្រោះ​រោងចក្រ​នេះ​អាច​ស្រូបយក​ផ្លែស្វាយ និង​ផ្លែឈើ​ដទៃ​ទៀត​ពី​ប្រជាពលរដ្ឋ​ដើម្បី​កែច្នៃ​ធ្វើការ​នាំចេញ​»​។

កម្ពុជា និង​ចិន​ កាលពី​ថ្ងៃ​អង្គារ​បាន​សម្រេច​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ក្នុង​ការនាំចេញ​ស្វាយ​ស្រស់​ចំនួន ៥០ ម៉ឺន​តោន​ ក្នុង​ ១ ​ឆ្នាំ ​ដែល​នេះ​ជា​ការបើក​ផ្លូវ​នាំចេញ​កសិផល​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថា ប្រទេស​ចិន​មាន​តម្រូវការ​ស្វាយ​ស្រស់​ ៨ ​លាន​តោន​ ក្នុង​ ១ ​ឆ្នាំ ដែល​នេះ​ជា​ឱកាស​ល្អ​ក្នុង​ការនាំចេញ​ផ្លែស្វាយ បន្ទាប់ពី​ផ្លែ​ចេកអំបូង​លឿង​ត្រូវ​បាន​នាំចេញ​ជា​ផ្លូវការ​ទៅ​ចិន​កាលពី​ឆ្នាំ​ ២០១៩​។

កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់ ៥៨ ១៦២ តោន​ ទៅកាន់​ប្រទេស​ចំនួន ៥ រួមមាន ថៃ វៀតណាម សិង្ហបុរី បារាំង រុស្ស៊ី និង​ទីក្រុង​ហុងកុង​។ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួងកសិកម្ម​៕LA