ភ្នំពេញ: ខេត្តតាកែវ​ទទួល​បាន​ការវិនិយោគ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ដោយ​មាន​រោងចក្រ​ជិត​ ៥០ ​បើក​ដំណើរការ​នៅ​ឆ្នាំ​ ២០១៩ ដែល​បានផ្តល់​ការងារ​ជាង​ ១ ​ម៉ឺន​កន្លែង ដើម្បី​រួមចំណែក​អភិវឌ្ឍ និង​បង្កើន​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​នេះ​។

លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ម្សិលមិញ​ថា វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​កំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ចំណោម​វិស័យ​មួយចំនួន​ទៀត​។

លោក​បាន​ឲ្យ​ដឹងថា សហគ្រាស វាយភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ចំនួន​ ៤៦ ត្រូវបាន​បង្កើត​ថ្មី​កាលពី​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​ ២៧ រោងចក្រ​ផលិត​ស្បែកជើង និង​គ្រឿងផ្សំ​ស្បែកជើង​ចំនួន​ ១១ រោងចក្រ​ផលិត​កាបូប និង​ខ្សែ​កាបូប​ ៥ និង​រោងចក្រ​មួយចំនួន​ទៀត​ដោយ​រោងចក្រ​ទាំងនេះ​បាន​ផ្តល់​ការងារ​ចំនួន ១១ ៦០៦ នាក់​។

លោក​ថ្លែងថា​៖ «​វិស័យ​កាត់ដេរ​បានរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្មន្តសាលរ​បស់​ខេត្តតាកែវ​ឲ្យ​កាន់តែ​មាន​ភាពចម្រុះ​សម្បូរបែប បន្ទាប់ពី​វិស័យ​កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​ដែល​ធ្វើឲ្យ​សេដ្ឋកិច្ច​ខេត្ត​នេះ​​រីកចម្រើន​ថែមទៀត​»​។

លោក​បន្ថែមថា ខេត្តតាកែវ​ក៏​មាន​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​មាន​ចំនួន​ ៣០៧ ​មូលដ្ឋាន​កាលពី​ឆ្នាំមុន ដែល​មាន​កម្លាំង​ពលកម្ម​ចំនួន ៣ ២៤៤ នាក់​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​សប្តាហ៍​មុន​ថា កម្ពុជា​នៅតែ​ជា​កន្លែង​ដែល​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការវិនិយោគ​លើ​ការបង្កើត​រោងចក្រ ទោះបី​កម្ពុជា​កំពុង​ប្រឈម​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​អឺរ៉ុប​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​នឹង​មិន​មាន​អ្វី​ជា​ឧបសគ្គ​សម្រាប់​ទីផ្សារ​ផលិតផល​ពី​រោងចក្រ​វាយនភណ្ឌ​របស់​កម្ពុជា​ទេ ព្រោះ​នៅពេល​ខាងមុខ​កម្ពុជា​នឹង​មាន​ទីផ្សារ​កាន់តែ​ធំ ពិសេស​ជាមួយ​បណ្តា​ប្រទេស Eurasia និង​ការ​ឈានដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន និង​កូរ៉េ​នៅពេល​ខាងមុខ​»​។

លោក វង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ធ្លាប់បាន​អះអាងថា ការកើនឡើង​ចំនួន​រោងចក្រ​ថ្មី​ផ្តោតលើ​ទំនិញ​ធ្វើ​ដំណើរ​បាន​បង្ហាញ​សញ្ញា​ដ៏ល្អ​នៃ​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ការបង្កើត​ការងារ​ថ្មីៗ​។

លោក​បាន​ថ្លែងថា​៖ «​មាន​ឧស្សាហកម្ម​ ២ ​ផ្សេង​ទៀត​នឹង​ស្រូបយក​ការងារ​កាន់តែ​ច្រើន​ទី​ ១ ការកើនឡើង​ការនាំ​ចេញ​ទៅ​អាមេរិក​នឹង​ស្រូបយក​ការងារ​កាន់តែច្រើន និង​ទី​ ២ គឺ​ការបង្កើន​ការងារ​កាន់តែ​ច្រើន​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​»​។

កម្ពុជា​មាន​រោងចក្រ​សរុប​ ១ ៧៣០ ​ក្នុង​ឆ្នាំ​ ២០១៩ ដោយ​បង្កើត​ថ្មី​ ២៦៩ ​រោងចក្រ​។ LA