
គំរូរូបភាពផលិតផលរបស់ក្រុមហ៊ុន Wan Da Wei Ye International។ រូបថត CDC
ភ្នំពេញ៖ ក្រុមហ៊ុន Wan Da Wei Ye International បានវិនិយោគបង្កើតរោងចក្រផលិតកង់អាគុយ និងគ្រឿងបង្គុំគ្រប់ប្រភេទនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សេងតាយ បាវិត ក្នុងខេត្តស្វាយរៀង បន្ទាប់រដ្ឋាភិបាលកម្ពុជាបានអនុម័តនូវការស្នើសុំវិនិយោគរបស់ខ្លួនកាលពីពេលថ្មីៗនេះ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៩ ខែមេសា កន្លងមក បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន Wan Da Wei Ye International Co., Ltd លើគម្រោងបង្កើតរោងចក្រដំឡើងទោចក្រយាន ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ដែលស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលមានទុនវិនិយោគប្រមាណ ១,៧ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៥០ កន្លែង។
លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រុងបាវិត ខេត្តស្វាយរៀង ទទួលបានគម្រោងវិនិយោគគួរឲ្យកត់សម្គាលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ គម្រោងវិនិយោគនេះ នឹងផ្តល់ការងារជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍខេត្តនេះឲ្យកាន់តែរីកច្រើនថែមទៀត។
លោកថ្លែងថា៖ «យើងសូមគាំទ្រ និងស្វាគមន៍ចំពោះរដ្ឋាភិបាលបានកែទម្រង់ច្បាប់វិនិយោគថ្មីដែលធ្វើឲ្យខេត្តស្វាយរៀងកាន់តែទាក់ទាញការវិនិយោគជាច្រើនថែមទៀត»។
លោក ផារិទ្ធ ឲ្យដឹងទៀតថា រដ្ឋបាលខេត្តក៏ដូចជា រដ្ឋាភិបាលតែងតែលើកទឹកចិត្តវិនិយោគិនបរទេសមកបណ្តាក់ទុននៅក្នុងខេត្តស្វាយរៀង ដែលជាប់នឹងព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ដែលជាតំបន់សក្តានុពលពាណិជ្ជកម្ម និងវិនិយោគ។
លោកនិយាយថា៖ «ក្នុងនាមយើងជាអាជ្ញាធរ នឹងចូលរួមសម្របសម្រួលក្នុងការផ្តល់សេវាសាធារណៈឲ្យកាន់តែរលូនថែមទៀត»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានលើកឡើងកាលពីខែមុនថា តាមរយៈភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត ច្បាប់វិនិយោគ ទំនាក់ទំនងការទូត និងការបង្កើតបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងលក្ខណៈតំបន់ កម្ពុជារំពឹងថា នឹងអាចទទួលបានកំណើននៃការចូលមកបណ្តាក់ទុនកាន់តែច្រើននៅពេលអនាគត។
លោកបញ្ជាក់ថា៖ «នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩ នេះមិនសូវមានវិនិយោគិនណាចង់បញ្ចេញទុនវិនិយោគទេ ហេតុនេះទោះតិច ឬច្រើនក៏ជាព័ត៌មានល្អសម្រាប់សកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសបន្ទាប់ពីស្ថានភាពជំងឺកូវីដ ១៩ អាចគ្រប់គ្រងបានទាំងស្រុងក្នុងពេលឆាប់ៗនេះ»។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងឆ្នាំ ២០២០ កម្ពុជាបាននាំចេញផលិតផលវាយនភ័ណ្ឌក្នុងតម្លៃសរុប ៤ ៣៥៩,៣៨ លានដុល្លារ ធ្លាក់ចុះ ១៣,៣៥ ភាគរយ ពីចំនួន ៥ ០៣០,៧៨ លានដុល្លារ ក្នុងឆ្នាំ ២០១៩។
កាលពីឆ្នាំ ២០២០ មានគម្រោងចំនួន ២៣៨ ដែលមានតម្លៃវិនិយោគសរុប ៨,២ ពាន់លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័ត ដោយតម្លៃទុនវិនិយោគនេះ គឺធ្លាក់ចុះ ១២ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩៕