ភ្នំពេញៈ គម្រោងសាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មតម្លៃជិត ១,៣ ពាន់លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុន Cambodia International Investment Development Group(CIIDG) នឹងចាប់ផ្តើមដំណើរការសាងសង់នៅដើមឆ្នាំក្រោយ។ នេះបើយោងតាមមន្ត្រីក្រសួងរ៉ែ និងថាមពល។
គម្រោងរោងចក្រដែលមានអានុភាព ៧០០ មេហ្គាវ៉ាត់នេះត្រូវបានគណៈរដ្ឋមន្ត្រីកម្ពុជាអនុម័តកាលពីថ្ងៃទី ២៥ ឧសភា ឆ្នាំ ២០១៨ ហើយនេះជាគម្រោងវិនិយោគរោងចក្រថាមពលធ្យូងថ្មទី ២ របស់ CIIDG សម្រាប់រយៈពេលសម្បទានអាជីវកម្ម ៣៥ ឆ្នាំស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលរោងចក្រនេះនឹងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៣ ខាងមុខ។
បច្ចុប្បន្ន CIIDG កំពុងដំណើរការរោងចក្រថាមពលដើរដោយធ្យូងថ្មទី ១ វិនិយោគ ៣៨៣ លានដុល្លារដែលមានអានុភាព ២៧០ មេហ្គាវ៉ាត់ ហើយក៏កំពុងអភិវឌ្ឍជំហានទី ២ របស់ខ្លួនកម្លាំង ១៣៥ មេហ្គាវ៉ាត់ ដែលចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំនេះនឹងបើកដំណើរការនៅឆ្នាំ ២០២១។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថាគម្រោងវិនិយោគរោងចក្រផលិតថាមពលអគ្គិសនីពីធ្យូងថ្មបន្ថែមរបស់ក្រុមហ៊ុន CIIDG ដែលមានកម្លាំង ៣៥០ មេហ្គាវ៉ាត់ក្នុងមួយដំណាក់កាលបានទទួលការអនុញ្ញាតជាគោលការណ៍ពីរដ្ឋាភិបាលរួចហើយដោយនៅពេលនេះក្រុមហ៊ុនកំពុងស្វែងរកដៃគូសហការ។
លោកអះអាងថា៖ «នៅពេលនេះក្រុមហ៊ុនទទួលបានការយល់ព្រមពីរដ្ឋាភិបាលហើយ ដូច្នេះអាចនៅឆ្នាំក្រោយក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់បាន»។
បើតាមលោក ហ្សូនា ដំណាក់កាលទី ១ នៃរោងចក្រទី ២ នេះអាចនឹងតភ្ជាប់ចូលបណ្តាញជាតិក្នុងឆ្នាំ ២០២៣ និងដំណាក់កាលទី ២ នៅឆ្នាំ ២០២៤។
បច្ចុប្បន្នមានរោងចក្រផលិតថាមពលអគ្គិសនីពីធ្យូងថ្មចំនួន ២ កំពុងដំណើរការនៅក្នុងខេត្តព្រះសីហនុគឺក្រុមហ៊ុន CIIDG និងមួយទៀតរបស់ក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ី Leader Universal Holdings ដែលមានអានុភាព ១០០ មេហ្គាវ៉ាត់៕LA