
ស្ថានីយចែកចាយថាមពលអគ្គិសនីមួយកន្លែងដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣។ ហុង មិនា
ភ្នំពេញៈ គម្រោងរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មតម្លៃជិត ១,៣ ពាន់លានដុល្លារ ក្នុងខេត្តព្រះសីហនុមិនទាន់ត្រូវបានកំណត់ពេលវេលាច្បាស់លាស់ក្នុងការចាប់ផ្តើមសាងសង់នៅឡើយទេរហូតមកដល់ពេលនេះ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។
គម្រោងរោងចក្រផលិតថាមពលអគ្គិសនីកម្លាំង ៧០០ មេហ្គាវ៉ាត់ដែលអភិវឌ្ឍដោយក្រុមហ៊ុន Cambodia International Investment Development Group(CIIDG) ត្រូវបានគណៈរដ្ឋមន្ត្រីកម្ពុជាអនុម័តកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៨ ជាប្រភេទគម្រោងសម្បទានអាជីវកម្មស្ថិតក្រោមទម្រង់សាងសង់ ប្រតិបត្តិការ ធ្វើជាម្ចាស់ និងផ្ទេរដែលមានរយៈពេល ៣៥ ឆ្នាំ។
ក្រោយការអនុម័តគម្រោងនេះត្រូវបានប្រកាសថានឹងចាប់ផ្តើមនៅដើមឆ្នាំ ២០១៩។ ទោះបីយ៉ាងនេះក្តី មន្ត្រីក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា គេនៅតែមានសុទិដ្ឋិនិយមថា គម្រោងនេះនឹងចាប់ផ្តើមនៅពេលណាមួយក្នុងឆ្នាំ ២០១៩ នេះ។
គម្រោងនេះនឹងត្រូវធ្វើឡើងជា ២ ដំណាក់កាលដោយដំណាក់កាលនីមួយៗមានកម្លាំង ៣៥០ មេហ្គាវ៉ាត់។ ដំណាក់កាលទី ១ រំពឹងថានឹងដាក់បញ្ចូលទៅក្នុងបណ្តាញជាតិក្នុងឆ្នាំ ២០២៣ និងដំណាក់កាលទី ២ នឹងត្រូវដាក់បញ្ចូលនៅឆ្នាំបន្ទាប់។
បច្ចុប្បន្នក្រុមហ៊ុន CIIDG បាននិងកំពុងដំណើរការរោងចក្រថាមពលដើរដោយធ្យូងថ្មទី ១ តម្លៃ ៣៨៣ លានដុល្លារដែលមានអានុភាព ២៧០ មេហ្គាវ៉ាត់នៅខេត្តព្រះសីហនុ។ នៅក្នុងគម្រោងទី ១ របស់ក្រុមហ៊ុនក៏បែងចែកជាពីរដំណាក់កាលដែរ ដែលដំណាក់កាលទី ២ មានកម្លាំង ១៣៥ មេហ្គាវ៉ាត់នឹងបើកដំណើរការនៅឆ្នាំ ២០២១។
លោក វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ កាលពីចុងសប្តាហ៍មុនថាដោយសារតែរោងចក្រក្នុងគម្រោងទីពីរនេះមានទំហំធំ ដែលអាចមានកម្រិតរំញ័រ និងសំឡេងខ្លាំង ហេតុនេះមុននឹងចាប់ផ្តើមសាងសង់ក្រុមហ៊ុនត្រូវធ្វើការសិក្សាលម្អិតច្រើនទៅលើទីតាំង និងស្ថានភាពដីឲ្យបានល្អិតល្អន់។
លោកបន្តថា៖ «បច្ចុប្បន្នក្រុមហ៊ុនកំពុងខួងដីយកទៅពិនិត្យ ហើយការសាងសង់អាចនឹងចាប់ផ្តើមនៅពេលឆាប់នៅឆ្នាំនេះ»។ លោកបានបន្តថា កាលបរិច្ឆេទនៃការដាក់បញ្ចូលទៅក្នុងបណ្តាញជាតិសម្រាប់ដំណាក់កាលទី ១ ក្នុងឆ្នាំ ២០២៣ មិនត្រូវបានផ្លាស់ប្តូរទេ។
ជាមួយនឹងការព្យាករថា កំណើននៃតម្រូវការប្រើប្រាស់អគ្គិសនីនៅកម្ពុជាក្នុងឆ្នាំ ២០១៩-២០២០ នឹងកើនឡើងចន្លោះពី ១៨-២០ ភាគរយនោះលោក ហ្សូនា បាននិយាយថា នៅឆ្នាំក្រោយកម្ពុជានឹងមិនមានបញ្ហាកង្វះថាមពលអគ្គិសនីប្រើប្រាស់ទៀតទេ។ លោកថ្លែងថា៖ «ខ្ញុំគិតថាការផ្គត់ផ្គង់ថាមពលអគ្គិសនីនឹងអាចគ្រប់គ្រាន់នៅឆ្នាំក្រោយ ព្រោះយើងបានរៀបចំស្ថានភាពរឹងមាំជាងឆ្នាំមុន»។
តាមលោក ហ្សូនា នៅត្រីមាសទី ៤ នេះកម្ពុជានឹងមានថាមពលអគ្គិសនីបន្ថែមទៀតដាក់ចូលទៅក្នុងបណ្តាញជាតិ ខណៈការចាប់ផ្តើមគម្រោងវិនិយោគលើរោងចក្រផលិតថាមពលថ្មីៗជាបន្តបន្ទាប់ដូចជានៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកណ្តាល ជាដើម។
បច្ចុប្បន្នមានរោងចក្រផលិតថាមពលអគ្គិសនីពីធ្យូងថ្មចំនួន ២ កំពុងដំណើរការនៅក្នុងខេត្តព្រះសីហនុគឺក្រុមហ៊ុន CIIDG និងមួយទៀតរបស់ក្រុមហ៊ុនមកពីម៉ាឡេស៊ី Leader Universal Holdings ដែលមានអានុភាព ១០០ មេហ្គាវ៉ាត់។
គម្រោងរោងចក្រផលិតអគ្គិសនីពីធ្យូងថ្ម និងវារីអគ្គិសនីត្រូវបានគេមើលឃើញថា គំរាមកំហែងដល់បរិស្ថាន។
អ្នកប្រឹក្សាយោបល់ផ្នែកអភិបាលកិច្ចធនធានធម្មជាតិលោក ហែម ឧត្តម បាននិយាយថាថាមពលពីធ្យូងថ្មជាបច្ចេកវិទ្យាដែលមានអាយុកាលចំណាស់មកហើយ ដោយបច្ចុប្បន្នមានប្រទេសជាច្រើនបានបោះបង់បច្ចេកវិទ្យានេះចោល ព្រោះមានការបំភាយឧស្ម័នផ្ទះកញ្ចក់ច្រើនក្នុងធម្មជាតិ។
លោកបានថ្លែងថា៖ «តាមលក្ខណៈបច្ចេកទេសការដុតធ្យូងថ្មគឺមានកម្រិតនៃផលប៉ះពាល់ខ្លាំង ប្រសិនបើយើងមិនមានបច្ចេកវិទ្យាក្នុងការត្រងចម្រោះនៅពេលដុត»។
លោកបន្តថាការធ្វើផែនការគោលនយោបាយគឺជារឿងសំខាន់ដើម្បីធានាបាននិរន្តរភាពនៃជីវភាពរស់នៅ សេដ្ឋកិច្ច និងបរិស្ថានរបស់ប្រជាជនដោយត្រូវគិតទាំងម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ច។
លោកបានលើកឡើងថា៖ «កម្ពុជាគួរពិចារណាចំពោះការទាញយកថាមពលអគ្គិសនីពីប្រភពផ្សេង ពិសេសថាមពលកកើតឡើងវិញដែលមានដូចជា ពន្លឺព្រះអាទិត្យ ជីវម៉ាស និងខ្យល់ជាដើម»។
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) បានលើកឡើងក្នុងវេទិកាស្តីពីចក្ខុវិស័យថាមពលឆ្នាំ ២០២០ របស់កម្ពុជាកាលពីខែមុនថា កម្ពុជានឹងពង្រីកគម្រោងវិនិយោគលើថាមពលសូឡាឲ្យបាន ១២ ភាគរយត្រឹមដំណាច់ឆ្នាំ ២០២០ និងបង្កើនឲ្យដល់ ២០ ភាគរយក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ទៀត។
លោកថ្លែងថា៖ «យើងចង់បង្កើតរោងចក្រថាមពលពន្លឺព្រះអាទិត្យឲ្យបានច្រើនកន្លែង យើងជឿថាថាមពលពីពន្លឺព្រះអាទិត្យនឹងផ្តល់តម្លៃទាប។ EDC មិនចង់ឃើញមានការសាងសង់វារីអគ្គិសនីនៅតាមទន្លេមេគង្គសម្រាប់ផលិតអគ្គិសនីទេ»។ លោកបន្ថែមថា៖ «ជាអគ្គនាយក EDC ខ្ញុំមិនចង់ឃើញទន្លេមេគង្គជាផ្នែកណាមួយនៃការបង្កើតវារីអគ្គិសនីទេ»។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងឱកាសជួបជាមួយលោក Amphay KIDAVONG ឯកអគ្គរដ្ឋទូតប្រទេសឡាវប្រចាំកម្ពុជាកាលពីម្សិលមិញបានស្នើប្រទេសឡាវឲ្យជួយសម្របសម្រួល និងពន្លឿនការបញ្ជូនអគ្គិសនីមកកាន់ប្រទេសកម្ពុជាដោយអនុលោមតាមកិច្ចព្រមព្រៀងទិញ-លក់អគ្គិសនីដែលប្រទេសទាំង ២ បានចុះហត្ថលេខាកាលពីខែមីនា ឆ្នាំ ២០១៩ ដើម្បីធានាស្ថិរភាពការប្រើប្រាស់ក្នុងប្រទេសកម្ពុជា។
អគ្គិសនីកម្ពុជាកាលពីខែមីនាបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសឡាវ ដើម្បីទិញថាមពលអគ្គិសនីបន្ថែម ២០០ មេហ្គាវ៉ាត់ដែលចាប់ផ្ដើមផ្គត់ផ្គង់ពីឆ្នាំ ២០២១ ទៅ។
របាយការណ៍ប្រចាំឆ្នាំ ២០១៨ របស់អាជ្ញាធរអគ្គិសនីកម្ពុជាបានឲ្យដឹងថា កម្ពុជាគ្រោងនឹងបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ ២ ៨៧០,៦៥ មេហ្គាវ៉ាត់នៅឆ្នាំ ២០១៩ កើនឡើងពី ២៦៥០,២៦ មេហ្គាវ៉ាត់នៅក្នុងឆ្នាំ ២០១៨ ។
សម្រាប់ឆ្នាំ ២០១៩ នេះកម្ពុជាមានគម្រោងនាំចូលថាមពលក្នុងបរិមាណដូចគ្នានឹងឆ្នាំ ២០១៨ និង ២០១៧ ពីបណ្ដាប្រទេសជិតខាងគឺ ៤៤២,៥ មេហ្គាវ៉ាត់៕ LA