
ខ្សែបណ្តាញអគ្គិសនីនៅអនុស្ថានីយតាមទួលសង្កែ។ រោងចក្រនៅល្វាឯមនឹងដំណើរការខែក្រោយ។ ហុង មិនា
ភ្នំពេញៈ រោងចក្រអគ្គិសនីដំណើរការដោយប្រេងខ្មៅ (HFO) តម្លៃ ៣៨០ លានដុល្លារ ក្នុងស្រុកល្វាឯម ខេត្តកណ្តាលនឹងដាក់ឲ្យដំណើរការដំណាក់កាលដំបូង ១០០ មេហ្គាវ៉ាត់ នៅក្នុងខែមេសា។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា បរិមាណ ៣០០ មេហ្គាវ៉ាត់ទៀត នឹងដាក់ដំណើរការនៅអំឡុងត្រីមាសទី ២ ឬដើមត្រីមាសទី ៣ ឆ្នាំ ២០២០ នេះ។
លោកបន្តថា ជាមួយនឹងការបន្ថែមថាមពលនេះកម្ពុជានឹងមិនជួបបញ្ហាកង្វះថាមពលដូចកាលពីរដូវក្តៅ ឆ្នាំ ២០១៩ ទៀតទេ។ លោកបានថ្លែងថា៖ «រោងចក្រនេះនឹងចាប់ផ្តើមដំណើរការតាមការគ្រោងទុកក្នុងខែមេសាឆ្នាំនេះ ដោយឡែកសម្រាប់ដំណើរការពេញលេញអាចចាប់ផ្តើមក្នុងខែមិថុនា ឬកក្កដាខាងមុខ»។ លោកបន្តថា៖ «ខ្ញុំគិតថាចាប់ពីពេលនេះតទៅកម្ពុជានឹងមិនជួបប្រទះបញ្ហាកង្វះខាតថាមពលអគ្គិសនីទៀតទេ ពិសេសនៅរដូវប្រាំង។ អគ្គិសនីគឺជាស្នូលនៃការអភិវឌ្ឍលើគ្រប់វិស័យ»។
លោកថា ការគ្រប់គ្រងបរិមាណទឹកសម្រាប់ដំណើរការរោងចក្រវារីអគ្គិសនីនៅពេលនេះក៏មានភាពល្អប្រសើរដែរ ដែលនឹងធ្វើឲ្យការផ្គត់ផ្គង់កាន់តែច្រើន។ លោកថ្លែងថា៖ «ស្ថានភាពការផ្គត់ផ្គង់អគ្គិសនីចាប់ពីពេលនេះតទៅនឹងមានភាពល្អប្រសើរ ព្រោះគិតមកដល់ពេលនេះមានបរិមាណទឹកសម្រាប់ដំណើរការវារីអគ្គិសនីមាននៅសល់ជាង ៨៥ ភាគរយ ខណៈក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានប្រមាណ ៣០ ភាគរយប៉ុណ្ណោះ»។
បើតាមលោក ហ្សូនា តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីនៅកម្ពុជាមានកំណើនជាមធ្យមចន្លោះពី ១៦ ទៅ ១៨ ភាគរយ ក្នុង ១ ឆ្នាំ លើកលែងតែក្នុងឆ្នាំ ២០១៨-២០១៩ ដែលមានកំណើនជាគំហុករហូតដល់ ២៥ ភាគរយ។
បច្ចុប្បន្នកម្ពុជាអាចផលិតថាមពលអគ្គិសនីបានប្រមាណ ៧០-៨០ ភាគរយនៃតម្រូវការប្រើប្រាស់សរុប។ នេះបើតាមលោក ហ្សូនា។
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) កាលពីពេលកន្លងមកបាននិយាយថា អគ្គិសនីកម្ពុជាកំពុងធ្វើកិច្ចការជាច្រើនដើម្បីស្វែងរកថាមពលថ្មីបន្ថែមឲ្យបាន ១ ០០០ មេហ្គាវ៉ាត់ នៅមុនដំណាច់ឆ្នាំ ២០២០ ដែលវិធីសាស្ត្រទាំងនោះមានដូចជា ការសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងការទិញពីប្រភពដែលមានតម្លៃថោក (ប្រទេស ឡាវ) ដើម្បីធ្វើឲ្យវិស័យអគ្គិសនីមានភាពល្អប្រសើរទាំងការផ្គត់ផ្គង់ និងតម្លៃ។
លោក ហេង ស្រេង អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន Long Sreng Interantional Co., Ltd បានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃអង្គារថា ក្រុមហ៊ុនលោកស្វាគមន៍ចំពោះការធានារបស់ក្រសួងថាអគ្គិសនីនឹងមិនខ្វះដូចកាលពីឆ្នាំមុន។ ទោះបែបនេះក្តីបច្ចុប្បន្នក្រុមហ៊ុនកំពុងប្រឈមនឹងបញ្ហាដាច់ចរន្តអគ្គិសនីជាញឹកញាប់។
លោកបន្ថែមថា ជាមធ្យមក្រុមហ៊ុនត្រូវចំណាយប្រាក់លើបង់ថ្លៃអគ្គិសនីចន្លោះពី ២០ ម៉ឺនដុល្លារទៅ ២៥ ម៉ឺនដុល្លារក្នុង ១ ខែ។ លោកថ្លែងថា៖ «ប្រសិនបើអាចធានាបញ្ហាកង្វះថាមពលអគ្គិសនី វានឹងជួយបង្កើនចង្វាក់ផលិតកម្ម និងបង្កើនការនាំចេញ ស្របពេលទីផ្សារប្រទេសចិនបង្កើនការបញ្ជាទិញឡើងវិញ ចាប់តាំងពីផ្ទុះជំងឺកូវីដ ១៩»។
រដ្ឋាភិបាលកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០១៩ ក៏បានសម្រេចកិច្ចព្រមព្រៀងក្នុងការទទួលទិញអគ្គិសនីពីប្រទេសឡាវដែលមានអានុភាព ២៤០០ មេហ្គាវ៉ាត់ផងដែរ ពីក្រុមហ៊ុន TSBP-sekong Power and mineral Company Limited ដែលផលិតថាមពលអគ្គិសនី ៦០០ មេហ្គាវ៉ាត់ និងក្រុមហ៊ុន Xekong Thermal Power Plant Company Limited ដែលផលិតថាមពលអគ្គិសនី ១៨០០ មេហ្គាវ៉ាត់។
រោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មនេះចែកជា ៤ ដែលដំណាក់កាលទី ១ នឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២៤ ដែលអាចផលិតថាមពលអគ្គិសនី ៣០០ មេហ្គាវ៉ាត់ ដំណាក់កាលទី ២ ដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៥ ដែលអាចផលិតអគ្គិសនី ៦០០ មេហ្គាវ៉ាត់ ដំណាក់កាលទី ៣ ដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៦ ដែលអាចផលិត ៦០០ មេហ្គាវ៉ាត់ និងទី ៤ នឹងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៧ ដែលអាចផលិតបាន ៩០០ មេហ្គាវ៉ាត់។
របាយការណ៍ប្រចាំឆ្នាំ ២០១៨ របស់អាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានឲ្យដឹងថា កម្ពុជាគ្រោងនឹងបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ ២ ៨៧០,៦៥ មេហ្គាវ៉ាត់ នៅឆ្នាំ ២០១៩ កើនឡើងពី ២ ៦៥០,២៦ មេហ្គាវ៉ាត់ ក្នុងឆ្នាំ ២០១៨៕LA