ភ្នំពេញៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) បាន​ឲ្យ​ដឹងថា នៅ​ឆមាស​ទី ​១ ឆ្នាំ​ ២០១៩ ​នេះ​មាន​រោងចក្រ​ថ្មី​ចំនួន​ ៣៤ ​បាន​បើក​ដំណើរការ ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​ភាពមិនច្បាស់លាស់​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហគមន៍​អឺរ៉ុប​។

លោក លី តេកហេង ប្រធាន​ប្រតិបត្តិ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការតាំងពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​ និង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​អន្តរជាតិ កាលពី​ម្សិលមិញ​ថា​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ មាន​រោងចក្រ​ថ្មី​ចំនួន ៣៤ ​ត្រូវ​បាន​បើក​ក្នុង​នោះ​មាន​រោងចក្រ​ស្បែកជើង​ចំនួន​ ២ និង​រោងចក្រ​ផលិត​ផលិតផល​ធ្វើ​ដំណើរ​ ៣២​។

លោក​ថ្លែងថា​៖ «​វិស័យ​ឧស្សាហកម្ម​យើង​ដំណើរ​ការល្អ​ជាធម្មតា ហើយ​អ្នកវិនិយោគ​នៅតែ​បន្ត​ចូលមក​ក្នុង​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់ដេរ យើង​មាន​រោងចក្រ​ថ្មី​ចូលមក​ភាគច្រើន​ជា​រោងចក្រ​ផលិត​ផលិតផល​ធ្វើដំណើរ ព្រោះ​អាមេរិក​នៅ​រក្សា​ការអនុគ្រោះ​ពន្ធ​នាំចូល​ផលិតផល​នេះ​ពី​កម្ពុជា​»​។

ចំនួន​នេះ​គឺ​កើនឡើង​ចំនួន​ ១៥ ​រោងចក្រ​ពី​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៨ ​។ នេះ​បើ​យោង​តាម​លោក លី តេកហេង​។

បើ​ទោះបី​យ៉ាង​នេះ​ក្តី​ក្នុង​អំឡុង​ពេល​ដូចគ្នា​នេះ​ក៏មាន​រោងចក្រ​ចំនួន​ ១០ ត្រូវបាន​បិទទ្វារ​ផងដែរ​។ នេះ​បើ​តាម​លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​។

កម្ពុជា​នឹង​រៀបចំ​ការតាំងពិព័រណ៍​ស្តីពី​ឧស្សាហកម្ម​គ្រឿងយន្ត និង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​អន្តរជាតិ​ឆ្នាំ​ ២០១៩ រយៈពេល​ ៤ ​ថ្ងៃ​នៅ​ខែក្រោយ​ចាប់ពី​ថ្ងៃទី​ ២២ ដល់ ២៥ សីហា នៅ​កោះពេជ្រ​ដែល​មាន​ស្តង់​តាំង​បង្ហាញ​ជិត ៣០០ ​ស្តង់​។

លោក តេកហេង បាន​ឲ្យ​ដឹង​ថា ការរៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​បរទេស​មក​កម្ពុជា​កាន់តែ​ច្រើន​។ លោក​ថ្លែងថា​៖ «​ជាធម្មតា​រោងចក្រ​វិនិយោគ​យូរហើយ​នៅ​កម្ពុជា ដូច្នេះ​ការប្រើប្រាស់​គ្រឿងចក្រ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ចាស់ៗ គាត់​នឹង​ស្វែងរក​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី ព្រោះ​បច្ចេកវិទ្យា​ថ្មី​បាន​ជួយ​ឲ្យ​ផលិតកម្ម​កើនឡើង​»​។

លោក Akai Lin ប្រធាន​គម្រោង​នៃ​ក្រុមហ៊ុន Yorkers Trade & Marketing Service ដែល​ជា​អ្នករៀបចំ​ការតាំងពិព័រណ៍​បាន​ឲ្យ​ដឹងថា ពិព័រណ៍​ដែល​មាន​ក្រុមហ៊ុន​ ២០០ មកពី​ ១៥ ​ប្រទេស​នៅក្នុង​តំបន់​នឹង​តាំង​បង្ហាញ​ពី​ផលិតផល និង​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​។

លោក​បន្ត​ថា​៖ «​កំណើន​សេដ្ឋកិច្ច​ដែល​មាន​ស្ថិរភាព​មួយ​ទសវត្សរ៍​មក​នេះ បាន​ធ្វើឲ្យ​កម្ពុជា​ក្លាយ​គោលដៅ​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​នៅ​តំបន់​អាស៊ី​»​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ (CLC) សាទរ​ចំពោះ​ការបង្តើត​រោងចក្រ​ថ្មី​នៅ​កម្ពុជា តែ​លោក​យល់​ថា​អ្នកវិនិយោគ​ទំនង​ជា​មិន​ហ៊ាន​បោះទុន​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែង​ជើង​នោះទេ ព្រោះ​ពួកគេ​ព្រួយបារម្ភ​នឹង​បញ្ហា EBA​។ លោក​បញ្ជាក់​ថា​៖ «​ការបើក​រោងចក្រ​ថ្មី​អាច​នឹង​មិន​មាន​ស្ថិរភាព​យូរអង្វែង​នោះទេ សមាគម​រោងចក្រ​កាត់ដេរ​ក៏​ផ្អាក​ការចរចា​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​នេះដែរ ពាក់ព័ន្ធ​នឹង EBA»​។

ទោះបី​យ៉ាង​នេះ​ក្តី​លោក​អះអាង​ថា​៖ «​កម្ពុជា​ក៏​អាច​មាន​វិនិយោគិន​វិស័យនេះ [​លើ​ផលិតផល​ទាក់ទង​នឹង​ការធ្វើដំណើរ​] ដែរ ព្រោះ​យើង​មាន​កិច្ចព្រមព្រៀង​នាំចូល​កាបូប​យួរដៃ​គ្រប់​ប្រភេទ​ទៅ​អាមេរិក​»​។

ផលិតផល​ទាក់ទង​នឹង​ការធ្វើ​ដំណើរ​ពី​កម្ពុជា​ដូចជា កាបូបដៃ កាបូបយួរ ឬ​វ៉ាលីស​ជាដើម ត្រូវ​បាន​រាប់បញ្ចូល​ជា​ផលិតផល​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អាមេរិក (GSP) តាំងពី​ខែ​កក្កដា ឆ្នាំ​ ២០១៦ ដែល​ចាប់ពី​ពេល​នោះ​មក​ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​មាន​ការកើនឡើង​យ៉ាងខ្លាំង​ជា​ប្រចាំ​ឆ្នាំ​។

ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​ផលិត​ពី​កម្ពុជា​មិន​ទាន់​រាប់​បញ្ចូល​ក្នុង​ប្រព័ន្ធ GSP របស់​អាមេរិក​ទេ​។

យោងតាម​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​កម្ពុជា​នាំចេញ​​ទំនិញ​ទៅ​អាមេរិក​ក្នុង​រយៈពេល​ពី​ខែ​មករា​ដល់​ខែ​មីនា​ឆ្នាំ​នេះ​មាន​តម្លៃ​ជា​ទឹកប្រាក់ ១,១២ ​ពាន់​លាន​ដុល្លារ​កើនឡើង ២៤ ​ភាគរយ​ពី ៩០៣ លាន​ដុល្លារ​កាលពី​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨៕LA