
ទិដ្ឋភាពក្នុងរោងចក្រផលិតទុយោរបស់ក្រុមហ៊ុន ជីប ម៉ុង អីុនដាស្រ្ទីស៍ ក្នុងពេលបើកសម្ពោធកាលពីថ្ងៃសុក្រ។ ហេង ជីវ័ន
ភ្នំពេញៈ រោងចក្រផលិតក្បឿង និងទុយោ ធំជាងគេមួយរបស់កម្ពុជា ដែលជាវិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង គ្រុបបានដាក់ឲ្យដំណើរការ ដើម្បីចាប់យកតម្រូវការដែលកំពុងកើនឡើងក្នុងវិស័យសំណង់កម្ពុជា។
រោងចក្រ ដែលវិនិយោគដោយ ជីបម៉ុង អីុនដាស្រ្ទីស៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ជីប ម៉ុង គ្រុបស្ថិតនៅលើផ្ទៃដី ១១ ហិកតា ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញដោយរំពឹងថានឹងអាចជួយកាត់បន្ថយការពឹងផ្អែកលើផលិតផលនាំចូលបានមួយចំណែក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា រោងចក្រក្បឿងនេះ មានសមត្ថភាពផលិតក្បឿងបានចំនួន ១៤០ សន្លឹកក្នុង ១ នាទី ចំណែករោងចក្រទុយោមានសមត្ថភាពផលិតទុយោបាន ៥០០ តោនក្នុងមួយខែ។
លោក លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប បានឲ្យដឹងថា ការបើកដំណើរការរោងចក្រផលិតក្បឿង និងទុយោនេះ គឺជាដំណើរវិវឌ្ឍន៍ថ្មីមួយទៀតរបស់ក្រុមហ៊ុនក្នុងការរួមចំណែកកាត់បន្ថយអត្រានៃភាពក្រីក្រតាមរយៈការបង្កើតការងារ កាត់បន្ថយការធ្វើចំណាកស្រុក និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា។
លោកថ្លែងថា៖ «នេះជាការរួមចំណែកក្នុងការលើកស្ទួយមុខមាត់ប្រទេស កម្ពុជា ក្នុងវិស័យឧស្សាហកម្ម តាមរយៈការបោះជំហានពីប្រទេសកសិកម្មទៅជាប្រទេសឧស្សាហកម្ម ព្រមទាំងជួយកាត់បន្ថយការនាំចូលសម្ភារសំណង់ពីបរទេស និងជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ»។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានលើកឡើងនៅក្នុងពិធីបើកដំណើរការរោងចក្រនេះកាលពីថ្ងៃសុក្រថា ការបង្កើតរោងចក្រឧស្សាហកម្មខ្នាតធំចំនួន ២ នេះគឺជាការចូលរួមចំណែកដ៏សំខាន់របស់វិស័យឯកជនក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យរក្សាបាននូវកំណើនប្រកបដោយភាពរឹងមាំ ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងឈានទៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។
លោកបញ្ជាក់ថា៖ «នេះជាវឌ្ឍនភាពមួយនៃការ ចូលរួមរបស់វិស័យឯកជនក្នុងការអនុវត្តប្រកបដោយផ្លែផ្កានូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា»។
លោកបានបន្តថា ការបង្កើតពាណិជ្ជកម្ម ដែលមានផលិតផល និងសេវាកម្មក្នុងវិស័យផ្សេងៗរបស់ក្រុមហ៊ុន ជីប ម៉ុង មិនត្រឹមតែអាចបង្កើតឱកាសការងារដ៏ច្រើនសន្ធឹកសន្ទាប់សម្រាប់ប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយរួមចំណែកធ្វើឲ្យប្រទេសយើងមានផលិតផលក្នុងស្រុកដែលមានទាំងគុណភាព និងតម្លៃសមរម្យទៀតផង។
លោក យក់ សុធីរិទ្ធ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Worldbridge Homes Co., Ltd ដែលកំពុងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល បានស្វាគមន៍ចំពោះព័ត៌មាននេះ ដោយលោកលើកឡើងថា ជាការល្អណាស់ដែលកម្ពុជាមានរោងចក្រផលិតសម្ភារផ្គត់ផ្គង់ដល់វិស័យសំណង់ ខណៈវិស័យ ១ នេះកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។
លោកថ្លែងថា៖ «ការបង្កើតរោងចក្រក្នុងស្រុកបែបនេះវានឹងផ្តល់នូវភាពសម្បូរបែបដល់អ្នកវិនិយោគ និងអ្នកប្រើប្រាស់ ខណៈកន្លងមកសម្ភារ ដែលយើងប្រើប្រាស់ភាគច្រើនសុទ្ធតែនាំចូលមកពីបរទេស។ ដូច្នេះប្រសិនបើយើងអាចផលិតក្នុងស្រុកបាន វានឹងជួយជំរុញឲ្យវិស័យសំណង់នៅកម្ពុជាឲ្យកាន់តែរីកចម្រើនលឿនបន្ថែមទៀត»។
ទាក់ទងនឹងគម្រោងលំនៅឋានរបស់ក្រុមហ៊ុន Worldbridge Homes Co., Ltd លោក សុធីរិទ្ធ បានប្រាប់ថា ក្រុមហ៊ុនរបស់លោកប្រើប្រាស់ទាំងផលិតផលក្នុងស្រុក និងនាំចូល។ លោកបញ្ជាក់ថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ប្រសិនបើការផលិតផលិតផលក្នុងស្រុករបស់យើងមានការត្រួតពិនិត្យគុណភាព និងស្តង់ដារត្រឹមត្រូវនោះនឹងទទួលបានជាមិនខាន»។
កាលពីដើមខែកុម្ភៈ ឆ្នាំ ២០១៨ នេះក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានបើកសម្ពោធរោងចក្រផលិតស៊ីម៉ងត៍របស់ខ្លួនដែលស្ថិតក្នុងស្រុកបន្ទាយមាសខេត្តកំពត។
រោងចក្រនេះសាងសង់លើផ្ទៃដីទំហំជាង ១១០ ហិកតាជាការវិនិយោគដោយសហការជាមួយក្រុមហ៊ុនស្យ៉ាម ស៊ីធី ស៊ីមេនរបស់ប្រទេស ថៃ ក្នុងតម្លៃសរុប ២៦២ លានដុល្លារ។
រោងចក្រនេះមានសមត្ថភាពអាចផលិតស៊ីម៉ងត៍បាន ៥,០០០ តោនក្នុង ១ ថ្ងៃ ឬស្មើនឹង ១,៧ លានតោនក្នុង ១ ឆ្នាំ៕ LA