ភ្នំពេញៈ រោងចក្រ​ផលិតដែក​​ថែប​របស់​ក្រុមហ៊ុន ហុងឌីសេង (ខេមបូឌា) ស្ទីល ឯ.ក ដែល​វិនិយោគ​ដោយ​វិនិយោគិន​ចិន​ក្នុង​ទឹកប្រាក់​ប្រមាណ ១៦,៧ ​លាន​ដុល្លារ​នៅ​ក្នុង​ស្រុក​ឧដុង្គ​ ខេត្ត​កំពង់ស្ពឺ​បាន​ប្រកាស​​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​ខែ​ធ្នូ​នេះ។

លោក Lin Xiangrong ប្រធាន​ក្រុមហ៊ុន ហុង ឌី សេង (ខេមបូឌា) ​ស្ទីល ឯ.ក បាន​ឱ្យ​​ដឹង​ក្នុង​អំឡុង​កិច្ចប្រជុំ​ជាមួយ​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា កាលពី​ថ្ងៃទី ២៧​ ខែវិច្ឆិកា​ថា ​បន្ទាប់ពី​ការសាងសង់​រយៈពេល​ ១ ​ឆ្នាំ​ក្រុមហ៊ុន​ ហុង ឌី សេង បាន​ឈាន​ចូល​ក្នុង​ដំណាក់កាល​ធ្វើ​តេស្ត​នូវ​គុណភាព​។

លោក​បន្ថែម​​​ថា ​ក្រុមហ៊ុន​នឹង​​ដាក់​ឱ្យ​ប្រតិបត្តិការ​ជា​ផ្លូវការ​​នៅ​ខែ​នេះ​ ដោយ​មាន​ទិន្នផល​ប្រចាំ​ឆ្នាំ​ ៥០០ ០០០ ​តោន​នៅក្នុង​ដំណាក់កាល​ដំបូង។

លោក Lin Xiangrong បាន​​កត់សម្គាល់​ថា៖ «ថ្មីៗ​នេះ នាយកដ្ឋាន​អគ្គិសនី​បាន​បញ្ចប់​រួចរាល់​នូវ​ការបញ្ជូន​ថាមពល​ផ្គត់ផ្គង់​ដល់​រោងចក្រ​របស់​យើង​ និង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដាក់​ឱ្យ​ដំណើរការ​ដ៏ទូលំ​ទូលាយ​ចុង​ក្រោយ​ ដើម្បី​ធានា​ថា រោងចក្រ​នេះ​អាច​ដំណើរការ​ផលិត​ដោយ​រលូន និង​លក់​ផលិតផល​ដល់​ទីក្រុង​នានា​នៅ​កម្ពុជា​»។

លោក​ថ្លែង​ថា៖ «​ក្រុមហ៊ុន​សូម​ថ្លែង​អំណរគុណ​ចំពោះ EDC សម្រាប់​ការគាំទ្រ​របស់​ខ្លួន​ដល់​រោងចក្រ​របស់​យើង​ក្នុង​រយៈពេល​វែង»។

កាលពី​ខែ​កញ្ញា លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា EDC បាន​ចុះ​ទៅ​ពិនិត្យ​ក្រុមហ៊ុន​ដោយ​ផ្ទាល់ និង​បាន​សន្យា​​ថា នឹង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​តម្រូវការ​ថាមពល​របស់​ក្រុមហ៊ុន​នេះ។

ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​នោះ​លោក​ក៏​បាន​ឱ្យ​ដឹង​ថា ការសាងសង់​របស់​ក្រុមហ៊ុន​នឹង​ជួយ​លើក​​កម្ពស់​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​កម្ពុជា​ផងដែរ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​សង្ឃឹម​ថា យើង​អាច​នាំ​យក​ក្រុម​វិនិយោគិន​ជនជាតិ​ចិន​កាន់តែ​ច្រើន​ចូល​មក​វិនិយោគ​នៅ​​ប្រទេស​កម្ពុជា​ និង​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​ប្រទេស​កម្ពុជា​។ កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​ប្រទេស​ទាំង​ ២ នេះ​ច្បាស់ណាស់​នឹង​នាំ​មក​ថ្ងៃ​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​ប្រជាជន​​ចិន និង​ប្រជាជន​កម្ពុជា»។

លោក​ យស មុនីរ៉ាត់​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួងរ៉ែ និង​ថាមពល​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ខែ​​កញ្ញា​ថា រោងចក្រ​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការនាំ​ចូល​ដែកថែប​ពី​បរទេស​។

លោក​បាន​បញ្ជាក់​ថា៖ «យើង​ស្វាគមន៍ និង​គាំទ្រ​ការបង្កើត​រោងចក្រ​ផលិត​ដែក​ថែប ដើម្បី​កែច្នៃ​សំណល់​លោហធាតុ សម្រាប់​ការប្រើប្រាស់​ក្នុង​ស្រុក»។

ក្រុមហ៊ុន​នេះ​ភាគច្រើន​ផលិត​ផលិតផល​ដូចជា ខ្សែ​លួស ដែកថ្នាំង​អំពៅ និង​ដែក​សរសៃ​ដើម្បី​បម្រើ​ទីផ្សារ​សំណង់​កម្ពុជា​។

ទិន្នន័យ​​ពី​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បង្ហាញ​ថា ​កម្ពុជា​បាន​នាំ​ចូល​សម្ភារ​សំណង់​​មាន​តម្លៃ​ ៥៦៥,៩១ ​លានដុល្លារ​នៅ​ឆមាស​ទី​ ១ ​​ឆ្នាំ​នេះ ខណៈ​ការនាំ​ចូល​មាន​​តម្លៃ​ជាង ១,៥១ ពាន់​លាន​​ដុល្លារ​ក្នុង​​ឆ្នាំ​​ ២០១៩។

បើ​ធ្វើការ​បែងចែក​ទៅ​តាម​ប្រភេទ ​កម្ពុជា​បាន​នាំ​ចូល​ដែកថែប​ក្នុង​បរិមាណ ២១៧ ១៥១ តោន​មាន​តម្លៃ​ ១៤០,៨ ​លាន​ដុល្លារ ស៊ីម៉ងត៍​ ៦៨១ ៨១៧ ​តោន មាន​តម្លៃ​ ៤៣,២៧ លាន​ដុល្លារ និង​សម្ភារ​សំណង់​ចំនួន ៦៧២ ៧៨៥ តោន​មាន​តម្លៃ​ ៣៨១,៨៤ ​លាន​ដុល្លារ។

ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចូលដែកថែប ៧២២ ៦២១ តោន​មាន​តម្លៃ​ ៤៧៧,១៩ ​លាន​ដុល្លារ ស៊ីម៉ងត៍ ១,៩៧ ​លាន​តោន មាន​តម្លៃ​១២៨,៨៥ ​លាន​​ដុល្លារ និង​សម្ភារ​សំណង់ ១,៧ ​លាន​តោន មាន​តម្លៃ​ ៩០០,៥១ ​លាន​ដុល្លារ​៕ LA